ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-វៀតណាម រៀបចំព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជា ឆ្នាំ២០២២»

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដើម្បីអបអរសាទរខួបទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ប្រទេសទាំងពីរ បានរៀបចំព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជា ឆ្នាំ២០២២»។ ពិធីនេះ បានធ្វើឡើង…

ភ្នំពេញ៖ ដើម្បីអបអរសាទរខួបទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ប្រទេសទាំងពីរ បានរៀបចំព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជា ឆ្នាំ២០២២»។ ពិធីនេះ បានធ្វើឡើង នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី១០ ខែសីហានេះ ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក​ ហ័ង ដាវគឿង (HOÀNG ĐẠO CƯƠNG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

​​ដើម្បីអបអរសាទរខួបទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម គឺ​សប្តាហ៍វប្បធម៌វៀតណាម និងសប្តាហ៍វប្បធម៌កម្ពុជា ត្រូវរៀបចំជាបន្តបន្ទាប់ ក្នុងខែសីហា និងខែកញ្ញា ក្នុងឆ្នាំ២០២២ នេះ។​

លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា លើកឡើងថា ព្រឹត្តការណ៍ដ៏មានសារៈសំខាន់នេះ រៀបចំឡើងចំពេលដែលប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត។ ការសម្តែងនៅរាត្រីនេះ គឺការសម្តែងសិល្បៈចម្រុះ ដែលកើតចេញពីការសហការគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។

លោកស្រីរដ្ឋមន្ត្រី ជឿជាក់ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ បានផ្តល់ឱកាសដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ ពីគ្នាទៅវិញទៅមក និងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាពនិងបងប្អូន ភូមិផងរបងជាមួយរវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញពីជំងឺរាតត្បាត។ ទំនាក់ទំនងរបស់ប្រទេសយើង​ទាំងពីរនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ ដែលស្តែងចេញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ មន្ត្រីជំនាញ និងក្រុមសិល្បៈនៃប្រទេសទាំងពីរ។

ចំណែក​លោក​ ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លើកឡើងថា វៀតណាម និងកម្ពុជា មានទំនាក់ទំនងជាសាមគ្គីភាព មិត្តភាពបែបប្រពៃណី និងជាអ្នកភូមិផងរបងជាមួយគ្នា​។ សម្រាប់ទំនាក់ទំនងការទូតជាងកន្លះសតវត្សរ៍ យើងមានក្តីសោមនស្សបានឃើញជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ ដែលមានការវិវឌ្ឍន៍កាន់តែខ្លាំងឡើងនិងត្រូវបានបណ្តុះក្នុង​វិធីសាស្ត្រដ៏ស៊ីជម្រៅ និងជាក់ស្តែង។ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ទទួលបានសមិទ្ធិផលជាច្រើនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗ ដែលចូលរួមការនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

អនុរដ្ឋមន្ត្រីវៀតណាម បន្ថែមថា សកម្មភាពវប្បធម៌នានារបស់ប្រទេសទាំងពីរ ដែលត្រូវបាន​រៀបចំជាទៀងទាត់ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងការស្វែងយល់​ពីគ្នាទៅវិញទៅមកដែលផ្តល់ឱ្យនូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ សប្តាហ៍​វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដែលបង្កប់​នូវតម្លៃវប្បធម៌ប្រពៃណីកម្ពុជា និងនៅទីក្រុងសៀមរាប​-ទីក្រុងវប្បធម៌អាស៊ាន ដែលបេតិកភណ្ឌ​វប្បធម៌ពិភពលោកជាច្រើនត្រូវបានអភិរក្ស។ សកម្មភាពវប្បធម៌នេះ  មានអត្ថន័យដ៏សំខាន់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងវៀតណាម និងកម្ពុជា សម្រាប់ឆ្នាំ២០១៨-២០២២។ ក្នុងន័យនេះ វៀតណាម សូមធ្វើការបង្ហាញសម្រស់វប្បធម៌វៀតណាម ជូនដល់ប្រជាជនកម្ពុជា និងមិត្តភក្តិអន្តរជាតិ តាមរយៈការសម្តែងសិល្បៈ ការសម្តែងតន្ត្រីប្រពៃណី និងរបាំបាឡេវៀតណាម ការតាំងពិព័រណ៍ស្តីពីវប្បធម៌និងការអប់រំវៀតណាម និងបេតិកភណ្ឌពិភពលោកវៀតណាម ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​របស់អង្គការយូណេស្កូ។

លោកអនុរដ្ឋមន្ត្រីវៀតណាម ជឿជាក់ថា សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជាឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការបង្រួបបង្រួម លើកកម្ពស់ និងការអភិវឌ្ឍទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំស្ថិតស្ថេរយូរអង្វែង” រវាងប្រទេសទាំងពីរ៕ (រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ