ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជម្នះ​ឧបសគ្គ​ធំ​ៗ​របស់​មហាសេដ្ឋី Jack Ma

7 ឆ្នាំ មុន

លោក Jack Ma ជា​ម្ចាស់​ក្រុមហ៊ុន eCommerce ដែល​ធំ​បំផុត​ក្នុង​ប្រទេស​ចិន ឈ្មោះ​ថា Alibaba ។ រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ គឺ​ក្រុមហ៊ុន Alibaba មាន​ភាគហ៊ុន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សកលលោក ។ កាលពីមុន មុខរបរ​របស់​លោក​ត្រឹម

លោក Jack Ma ជា​ម្ចាស់​ក្រុមហ៊ុន eCommerce ដែល​ធំ​បំផុត​ក្នុង​ប្រទេស​ចិន ឈ្មោះ​ថា Alibaba ។ រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ គឺ​ក្រុមហ៊ុន Alibaba មាន​ភាគហ៊ុន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សកលលោក ។ កាលពីមុន មុខរបរ​របស់​លោក​ត្រឹមតែ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់ និង​ទទួល​បាន​ប្រាក់​តែ​១២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ប៉ុន្តែ​បែរជា​លោក​ក្លាយជា​មហាសេដ្ឋី​ដែល​មាន​បំផុត​ក្នុង​ប្រទេស​ចិន​ទៅ​វិញ ។ តើ​លោក​ឆ្លងកាត់​រឿងរ៉ាវ​អ្វីខ្លះ ?

ភាព​ជោគជ័យ​របស់ Jack Ma ជា​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ ប្រសិនបើ​ពិចារណា​ពី​ចំណុច​ចាប់ផ្តើម​ដែល​គ្មាន​អ្វី​សោះ​របស់​លោក រួម​ទាំង​ការ​ខ្វះខាត​ប្រាក់​កាស ធនធាន និង​អ្វី​ជា​ច្រើន​ផ្សេង​ទៀត ខណៈ​ដែល​លោក​ត្រូវ​ជួបនឹង​ឧបសគ្គ​ជា​ច្រើន​ជាង​មនុស្ស​ភាគច្រើន​។ លោក​ទទួល​ការ​បរាជ័យ​មក​អស់​រាប់​សិប​ដង តែ​ក៏​អាច​ឆ្លងកាត់​បាន និង​មក​ឈរ​ត្រង់​ចំណុច​នេះ ដែល​គួរ​ឱ្យ​កោតសរសើរ​យ៉ាង​ខ្លាំង ។ ខាងក្រោម​នេះ​ជា​ឧបសគ្គ​ធំ​ៗ​ទាំង​៧​ចំណុច​ដែល Jack Ma ធ្លាប់​យកឈ្នះ​លើ​វា​បាន ប្រៀប​ដូច​ជា​តួអង្គ Forest Gump (​តួ​សម្តែង​កុន​ក្នុង​រឿង Forest Gump) អីចឹង​ដែរ ។

១-​គាត់​មិន​ធ្លាប់​ចុះចាញ់ ទោះបីជា​គាត់​បាន​ប្រឡង​ធ្លាក់​ជា​ញឹកញាប់​ក្នុង​សាលារៀន​ក្តី ៖
Jack Ma មិនមែន​ជា​សិស្ស​រៀន​ពូកែ​ទេ ការ​ពិត គាត់​ប្រឡង​ចូល​រៀន​នៅ​មធ្យមសិក្សា​មិន​ជាប់​ម្តង​ហើយ​ម្តងទៀត ។
« នៅ​ពេល​រៀន​នៅ​បឋម​សិក្សា ខ្ញុំ​ប្រឡង​ធ្លាក់​រហូត​ដល់​២​ដង ហើយ​នៅ​មធ្យមសិក្សា ធ្លាក់​៣​ដង រួម​ទាំង​ប្រឡង​ចូល​សាកលវិទ្យាល័យ ខ្ញុំ​បាន​ប្រឡង​ធ្លាក់​២​ដង​ទៀត » ។ នេះ​ជា​សម្ដី​លោក Jack Ma ។

ប៉ុន្តែ​បើ​មើលទៅ​ក៏​មិនមែន​មាន​តែ​លោក Jack Ma ម្នាក់​នោះ​ទេ បុគ្គល​ជោគជ័យ​ជា​ច្រើន​ក៏​ជួបនឹង​បញ្ហា​ដូច​គ្នា​នេះ​ដែរ តួយ៉ាង​ដូច​ជា លោក Albert T, លោក Ein Stein, លោក Winston Churchill និង​លោក Abraham Lincoln ជាដើម ពួក​គេ​សុទ្ធតែ​បាន​តស៊ូ​ក្នុង​ជីវិត​កាលពី​កុមារ​ទាំងអស់ ។

២-​ប្រឡង​ផ្នែក​គណិត​វិទ្យា​បាន​តែ​១​ពិន្ទុ នៃ​ពិន្ទុសរុប​១២០ ៖
បន្ទាប់​ពី​លោក Jack Ma បាន​ប្រឡង​ធ្លាក់​ហើយ គាត់​ថែម​ទាំង​ទទួល​បាន​ពិន្ទុ​តិច​ជាង​១% ក្នុង​ពេល​ប្រឡង​ចូល​សាកលវិទ្យាល័យ​។ វា​មិនមែន​ដោយសារ​តែ​គាត់​គ្មាន​ពេលវេលា​ត្រៀមខ្លួន​អាន​សៀវភៅ​នោះ​ទេ តែ​លោក Jack Ma ជា​មនុស្ស​មាន​បញ្ហា​ជាមួយ​ផ្នែក​គណិត​វិទ្យា​តាំងពី​ក្មេង​មក ហើយ​មិន​គួរ​ឱ្យ​ជឿ​ដែល​ក្រុមហ៊ុន Alibaba​របស់​គាត់ ជា​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ផ្នែក​បច្ចេកវិទ្យា ។

« ខ្ញុំ​ជា​មនុស្ស​មិន​ពូកែ​ខាង​គណិត​វិទ្យា​ទេ ហើយ​ក៏​មិន​ធ្លាប់​រៀន​ផ្នែក​គ្រប់គ្រង​ដែរ ។ សព្វ​ថ្ងៃនេះ ខ្ញុំ​ពិនិត្យ​របាយការណ៍​គណនេយ្យ​មិនដឹង​រឿង​ឡើយ » ។ នេះ​បើ​តាម​លោក Jack Ma ។

សរុប​មក មនុស្ស​យើង​មិន​ចាំបាច់​ពូកែ​ខាង​គណិត​វិទ្យា ក៏​អាច​ក្លាយជា​សេដ្ឋី​បានដែរ ។ កាលពី​កុមារភាព​របស់ Jack Ma គាត់​មិន​ធ្លាប់​ឮ​ពាក្យ​ថា កុំព្យូទ័រ​ឡើយ ។

៣-​ត្រូវ​សាកលវិទ្យាល័យ Harvard បដិសេធ​ជាង​១០​ដង តែ​គាត់​មិន​ព្រម​ចុះចាញ់ ៖
វា​មិនមែន​ជា​រឿង​ប្លែក​ឡើយ ដែល​សាកលវិទ្យាល័យ Harvard នាំមុខ​គេ​ខាង​បដិសេធ​នោះ ព្រោះ​អ្នក​ណា​ក៏​ដឹង​ថា សាកល​វិទ្យា​មួយ​នេះ​ពិបាក​នឹង​ចូល​រៀន​ណាស់ ហើយ​ស្រប​នឹង​លោក Jack Ma ជា​ក្មេង​ដែល​រៀន​មិន​ឆ្លាត​ទៀត ។ រឿង​ដែល​ចម្លែក គឺ​គាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជាង​១០​ដង ត្រូវ​គេ​បដិសេធ​ទាំង​ជាង​១០​ដង ។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា Jack Ma ជា​មនុស្ស​ដែល​ជម្នះ និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​ផង​ដែរ ។ នេះ​ហើយ​ជា​ចំណុច​សំខាន់​ដែល​បុគ្គល​ជោគជ័យ​ត្រូវ​មាន ។

ចុងបញ្ចប់ គាត់​ក៏​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Hangzhou Normal University ផ្នែក​ភាសា​អង់គ្លេស ។

៤-​ត្រូវ​ក្រុមហ៊ុន​ជាង​៣០​កន្លែង​បដិសេធ ៖
ក្រោយ​ពី​លោក Jack Ma រៀន​ចប់ គាត់​ស្វែងរក​ការងារ​ធ្វើ​មិន​បាន​ឡើយ ។ គាត់​បាន​ដាក់​ពាក្យ​ជាង​៣០​ក្រុមហ៊ុន ក៏​ប៉ុន្តែ​គាត់​ត្រូវ​គេ​បដិសេធ​ទាំងអស់ ។ គាត់​ធ្លាប់​ដាក់​ពាក្យ​ធ្វើ​ជា​ប៉ូលិស តែ​បន្ទាប់​ពី​ដាក់​ពាក្យ​មួយ​រំពេច គាត់​ក៏​បាន​ទទួល​ការ​ឆ្លើយ​តប​មក​វិញ​ភ្លាម​ៗ​ថា អ្នក​មិនល្អ​គ្រប់គ្រាន់ ។ តែ​គាត់​ជា​មនុស្ស​ដែល​មិន​គិត​នឹង​ចុះចាញ់​ឡើយ ដូច​ជា​វីរបុរស​របស់​គាត់​ក្នុង​រឿង Forest Gump ។

លោក Jack Ma បាន​និយាយ​ថា ៖ «​ថ្ងៃនេះ​អ្នក​ជួប​រឿង​អាក្រក់ ថ្ងៃស្អែក​កាន់តែ​អាក្រក់​ជាង​នេះ​ទៀត តែ​ថ្ងៃ​ខានស្អែក អ្នក​នឹង​ជួប​រឿង​ល្អ » ។

៥-Jack Ma ស្ម័គ្រចិត្ត​ធ្វើការ​ជា​បុគ្គលិក KFC ហើយ​ជា​អ្នក​ចូល​សម្ភាសន៍​តែ​ម្នាក់​គត់ ដែល​គេ​បដិសេធ​ក្នុង​ចំណោម​មនុស្ស​២៤​នាក់ ៖
ក្នុង​ចំណោម​បេក្ខជន​ចូល​សម្ភាសន៍​បម្រើ​ការងារ​នៅ KFC ទាំងអស់​២៤​នាក់ Jack Ma ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​គេ​បដិសេធ បន្ទាប់​ពី​ឃើញ​រូបរាង​ខាងក្រៅ​របស់​គាត់
(​មាឌតូច​) ។

ភរិយា​របស់​គាត់ ឈ្មោះ Zhang Ying (​នាង​បាន​រៀប​ការ​ជាមួយ Jack Ma មុន​ពេល​ដែល​គាត់​ក្លាយជា​មនុស្ស​មាន​ឋានៈ មុខ​តំណែង​) នាង​និយាយ​ថា ៖ « ខ្ញុំ​មិន​ចាប់​អារម្មណ៍​លើ​រូបរាង​ខាងក្រៅ​របស់​គាត់​ទេ អ្វី​ដែល​ខ្ញុំ​លង់​ស្រឡាញ់​គាត់ ពីព្រោះ​ថា គាត់​អាច​ធ្វើ​បាន​ច្រើន​យ៉ាង​ដែល​អ្នកមាន​មុខមាត់​ស្អាត​ធ្វើ​មិន​បាន » ។

៦-​បញ្ចុះបញ្ចូល​ឱ្យ Silicon Valley បណ្តាក់ទុន​ជាមួយ Alibaba មិន​បាន​សម្រេច ៖
បន្ទាប់​ពី​គាត់​បាន​បង្កើត​ក្រុមហ៊ុន Alibaba បាន​ហើយ គាត់​នៅ​តែ​ជួបនឹង​ឧបសគ្គ​ជា​ច្រើន​ដូច​ដើម ។ ក្រុមហ៊ុន​របស់​គាត់​មិន​បាន​ទទួល​ប្រាក់​ចំណេញ​ឡើយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ដំបូង​។ នៅ​ពេល​បង្កើត​ក្រុមហ៊ុន​ថ្មី​ៗ គាត់​បាន​ពង្រីក​ខ្លួន​ខ្លាំង​ពេក ហើយ​ស្ទើរតែ​ត្រូវ​បិទ​ក្រុមហ៊ុន ព្រោះតែ​ស្ថានភាព​សេដ្ឋកិច្ច​មិន​រឹង​មាំ​នា​ពេល​នោះ នៅ​រយៈពេល​១៨​ខែ​ទៀត Alibaba នឹង​ត្រូវ​ក្ស័យធន ។

៧-Jack Ma ប្រាប់​ភាគហ៊ុន​ទាំង​១៨​នាក់​របស់​គាត់​ថា «​នឹង​គ្មាន​នរណា​ម្នាក់​បាន​តំណែង​ជា​អ្នកគ្រប់គ្រង​ឡើយ​» ៖
លោក Jack Ma និយាយ​ថា កំហុសឆ្គង​ធំ​បំផុត​ដែល​គាត់​ធ្លាប់​បង្កើត​ឡើង​គឺ គាត់​ប្រាប់​ទៅ​សមាជិក​ក្រុម​ដែល​រួម​គ្នា​បង្កើត​ក្រុមហ៊ុន Alibaba ថា ៖ «​នឹង​គ្មាន​នរណា​ម្នាក់​បាន​ទទួល​តំណែង​ធំ​ជាង​អ្នកចាត់ការ​ឡើយ​» ដោយសារ​តែ​គាត់​មាន​ផែនការ​ជួល​អ្នកគ្រប់គ្រង​ពី​កន្លែង​ផ្សេង​មក​មើល​ការ​ខុស​ត្រូវ​ក្រុមហ៊ុន Alibaba ជំនួស ។

លោក Jack Ma និយាយ​ថា ៖ « អ្វី​ដែល​ខ្ញុំ​បាន​រៀនសូត្រ​ក្នុង​ពេល​ក្រុមហ៊ុន Alibaba ចុះ​ខ្សោយ គឺ​អ្នក​ត្រូវ​អភិវឌ្ឍន៍​ក្រុមការងារ​របស់​ខ្លួន​ឱ្យ​មានគុណ​តម្លៃ មានគំនិត​ច្នៃ​ប្រឌិត​ថ្មី និង​ចក្ខុវិស័យ » ៕