ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ម្រេច​កំពត​ពង្រីក​សមាជិក​និង​ផ្ទៃដី​ដាំ​ដុះ ដោយ​រំពឹង​ទិន្នផល​កើនឡើង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទិន្នផល​ម្រេច​កំពត​ឆ្នាំ​នេះ​កើនឡើង​ប្រមាណ​៣០% ដោយសារ​តែ​ការ​កើនឡើង​នូវ​ផ្ទៃដី​ដាំ​ដុះ និង​ការ​ពង្រីក​សមាជិក​ថ្មី​របស់​សមាគម ។
ប្រធាន​សមាគម​ម្រេច​កំពត លោក ងួ​ន ឡាយ បាន​ថ្លែង​នា​

រាជធានី​ភ្នំពេញ ៖ ទិន្នផល​ម្រេច​កំពត​ឆ្នាំ​នេះ​កើនឡើង​ប្រមាណ​៣០% ដោយសារ​តែ​ការ​កើនឡើង​នូវ​ផ្ទៃដី​ដាំ​ដុះ និង​ការ​ពង្រីក​សមាជិក​ថ្មី​របស់​សមាគម ។

ប្រធាន​សមាគម​ម្រេច​កំពត លោក ងួ​ន ឡាយ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ថា នៅ​ឆ្នាំ​នេះ សមាគម​បាន​ពង្រីក​សមាជិក​ចំនួន​៣៥​គ្រួសារ និង​មាន​ផ្ទៃដី​៤០​ហិ​កតា​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ទិន្នផល​ប្រមូល​ឆ្នាំ​នេះ​រំពឹង​បាន​ចំនួន​១០០​តោន ខណៈ​ឆ្នាំ​មុន​ការ​ប្រមូល​ផល​បាន​ត្រឹម​៧៣​តោន​ប៉ុណ្ណោះ ។ ការ​ពង្រីក​សមាជិក​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ដាំ​ម្រេច​បាន​ដាក់​ពាក្យ​ស្នើ​សុំ ហើយ​ការ​សម្រេច​ឲ្យ​ចូល​ជា​សមាជិកសមាគម គឺ​មានការ​វិនិច្ឆ័យ​ត្រឹមត្រូវ​លើ​ប្រភេទ​ដី និង​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​ផង​ដែរ ។

លោក​បន្ត​ថា ៖ « តម្លៃ​ម្រេច​កំពត​ឆ្នាំ​នេះ​នឹង​រក្សា​ដដែល ដោយ​ម្រេចខ្មៅ​មាន​តម្លៃ​១៥​ដុល្លារ ម្រេច​ក្រហម​តម្លៃ​២៥​ដុល្លារ និង​ម្រេចស​តម្លៃ​២៨​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម » ។
ម្រេច​កំពត​ភាគច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី ដូច​ជា ប្រទេស​ចិន កូរ៉េ ជប៉ុន តៃវ៉ាន់ និង​ទីក្រុង​ហុងកុង​ជាដើម ។

ទាក់ទង​នឹង​ម្រេច​កំពត​ក្លែងក្លាយ លោក ងួ​ន ឡាយ បញ្ជាក់​ថា ទីផ្សារ​ម្រេច​ក្លែងក្លាយ​កន្លង​មក មាននៅ​ទីផ្សារ​ទេសចរណ៍​នា​ខេត្តសៀមរាប ប៉ុន្តែ​បច្ចុប្បន្ន លែង​មានការ​ចរាចរ​ម្រេច​ក្លែងក្លាយ​ទាំងនោះ​ហើយ បន្ទាប់​ពី​មានការ​ណែនាំ និង​ព្រមាន​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ។

ជាមួយនឹង​កំណើន​នៃ​តម្លៃ​ដី​ដាំ​ម្រេច​វិញ ក៏​បាន​កើនឡើង​ខ្ពស់​ផង​ដែរ ដោយ​មួយ​ហិ​កតា​មាន​តម្លៃ​ចន្លោះ​ពី​៧​ពាន់ ទៅ​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

លោក ងួ​ន ឡាយ បន្ត​ថា ដំណាំ​ម្រេច​ប្រសិនជា​មានការ​ថែទាំ​បាន​ល្អ និង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ១​ហិ​កតា​អាច​ទទួល​បាន​ទិន្នផល​៣​តោន និង​ចំណាយពេល​ចាប់​ពី​​ដាំ​ដុះ​រហូត​ដល់​ប្រមូល​ផល​មាន​រយៈពេល​២​ឆ្នាំ ហើយ​ការ​ប្រមូល​ផល​ម្រេច​ធ្វើ​ឡើង​ក្នុង​រយៈពេល​៥​ខែ ចាប់ពី​ចុងខែ​កុម្ភៈ រហូត​ដល់​ខែមិថុនា ។

ម្រេច​កំពត ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មួយ​របស់​កម្ពុជា ដែល​មានការ​ទទួលស្គាល់​ពី​ក្រសួងពាណិជ្ជកម្ម និង​ចេញ​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិ​សាស្ត្រ​របស់​សហគមន៍​អឺរ៉ុប ។

លោក ហ៊ឹ​ម ពិសិដ្ឋ អគ្គនាយករង​ក្រុមហ៊ុន Confirel ជា​ក្រុមហ៊ុននាំចេញ​ម្រេច​ទៅ​កាន់​ទីផ្សារ​បរទេស ថ្លែង​ថា ការ​នាំ​ចេញ​ទិន្នផល​ម្រេច​កំពត​ឆ្នាំ​នេះ រំពឹង​កើនឡើង​ប្រមាណ​១៥% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ដែល​ការ​នាំ​ចេញ​នឹង​កើនឡើង​ពី​១៣,៥​តោន ដល់​១៥​តោន​នៅ​ឆ្នាំ​នេះ ។ លោក​បន្ត​ថា ទីផ្សារ​របស់​លោក​ភាគច្រើន​មាននៅ​ក្នុង​ប្រទេស​បារាំង អង់គ្លេស និង​បណ្តា​ប្រទេស​នានា​ជា​សមាជិក​សហគមន៍​អឺរ៉ុប ។

លោក​បន្ត​ថា ៖ « ម្រេច​កំពត​បាន​ទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី​សហគមន៍​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​ផលិតផល​នេះ​មាន​ភាព​ល្បីល្បាញ ដោយសារ​តែ​រសជាតិ​របស់​វា​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ម្រេច​ដទៃ​ទៀត ។ តម្លៃ​ម្រេច​នៅ​ទីផ្សារ​បរទេស​មានការ​កើនឡើង​ខ្ពស់ ដោយ​អ្នក​យក​ទៅ​លក់​បន្ត​បាន​លក់​ក្នុង​តម្លៃ​១​គុណ​នឹង​៣ ប៉ុន្តែ​តម្លៃ​នៅ​កម្ពុជា មានការ​ចរចា​គ្នា​រៀង​រាល់​៣​ឆ្នាំ​ម្តង » ៕