ប្រសិនបើលោកអ្នកឃ្លានកាហ្វេ ឬទឹកសូដាភ្លាមៗបន្ទាប់ពីភ្ញាក់ពីដេក ឬនៅពេលសម្រាកបាយថ្ងៃត្រង់ វាជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា អ្នកកំពុងញៀននឹងជាតិកាហ្វេអីុន ។ ការញៀននេះមិនល្អសម្រាប់សុខភាពរបស់លោកអ្នកនោះទេ ។ ខាងក្រោមនេះជាគន្លឹះដ៏មានប្រសិទ្ធភាពទាំង៥ក្នុងការបន្ថយការញៀនជាតិកាហ្វេអីុន ៖
១-ដកដង្ហើមវែងៗ ៖ លោកអ្នកអាចព្យាយាមដកដង្ហើមវែងៗដើម្បីប្រយុទ្ធប្រឆាំងនឹងរោគសញ្ញានៃការញៀនជាតិកាហ្វេអីុន ដូចជាការឃ្លានជាតិកាហ្វេអីុនខ្លាំង ការថប់អារម្ភ និងភាពអន្ទះអន្ទែង ។
ស្របគ្នានេះដែរ ការដកដង្ហើមវែងៗដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុលពីរាងកាយ ។ វានឹងជួយជម្រះសារធាតុកខ្វក់ចេញពីប្រព័ន្ធរាងកាយរបស់លោកអ្នក ។
២-ទទួលទានទឹកឲ្យបានច្រើន ៖ វិធីមួយក្នុងចំណោមវិធីចម្បងៗជាច្រើនដែលរាងកាយរបស់លោកអ្នកកម្ចាត់ជាតិកាហ្វេអីុនចេញពីរាងកាយគឺតាមរយៈទឹកនោម ។ ដោយការទទួលទានទឹកឲ្យបានច្រើន លោកអ្នកនឹងបត់ជើងតូចច្រើនជាងមុន ដោយហេតុនេះវាអាចបង្កើនល្បឿននៃការបញ្ចេញជាតិពុលពីរាងកាយរបស់លោកអ្នក ។
ការទទួលទានទឹកជាទៀងទាត់ នឹងជួយកម្ចាត់ជាតិពុលពីសរីរាង្គខាងក្នុងរបស់លោកអ្នក និងរក្សាសំណើមក្នុងរាងកាយរបស់លោកអ្នក។ ផ្ទុយទៅវិញ ការខ្វះជាតិទឹកអាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើន ។
៣-ដេកឲ្យបានគ្រប់គ្រាន់ ៖ ការទទួលទានដំណេកគ្រប់គ្រាន់ ក៏ជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការញៀនជាតិកាហ្វេអីុនផងដែរ ។
ទម្លាប់ដេកមិនគ្រប់គ្រាន់ អាចមានឥទ្ធិពលអវិជ្ជមានលើការព្យាយាមផ្តាច់ជាតិកាហ្វេអីុន ។
ផ្ទុយទៅវិញ ការព្យាយាមទទួលទានដំណេកឱ្យបានត្រឹមត្រូវ អាចជួយកាត់បន្ថយការពឹងផ្អែក និងការឃ្លានជាតិកាហ្វេអីុិន។ វិធីល្អបំផុតដើម្បីអាចទទួលទានដំណេកបានត្រឹមត្រូវ គឺបង្កើតទម្លាប់នៃការដេកដែលល្អចំពោះសុខភាព ។
៤-ទទួលទានតែបៃតង ៖ ប្រសិនបើលោកអ្នកឃ្លានភេសជ្ជៈក្តៅដែលមានជាតិកាហ្វេអីុន សូមសាកល្បងទទួលទានតែបៃតងវិញ ។
តែបៃតង មានជាតិកាហ្វេអីុនតិចជាងកាហ្វេធម្មតា ឬតែខ្មៅ និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានអត្ថប្រយោជន៍ចំពោះរាងកាយ ។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះ ជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយ ។
៥-ចាប់ផ្តើមធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់ប្រាណបញ្ចេញអ័រម៉ូន Endorphins ដែលជាញឹកញាប់អាចជួយទប់ស្កាត់ការឈឺក្បាល ដែលជារោគសញ្ញានៃការញៀនជាតិកាហ្វេអីុន ។
ការអស់កម្លាំងគឺជារោគសញ្ញាមួយទៀតនៃការញៀនជាតិកាហ្វេអីុន ដែលលោកអ្នកអាចបន្ថយរោគសញ្ញានេះបានដោយបង្កើនសកម្មភាពរបស់លោកអ្នកជារៀងរាល់ថ្ងៃ ។ វាពិតជាមានប្រសិទ្ធភាព ប្រសិនបើលោកអ្នកមានអារម្មណ៍ថាអស់កំលាំងបន្ទាប់ពីភ្ញាក់ពីដេក និងរាងកាយរបស់លោកអ្នកត្រូវការកាហ្វេ។ ការដើរ៣០នាទី អាចជួយឱ្យលោកអ្នកមានស្មារតីល្អ និងបំបាត់ការងងុយដេកបាន៕
ចែករំលែកព័តមាននេះ