ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំដែន​សិប្បនិម្មិត ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ​ល្អ​ប្រសើរ ខណៈ​ពួក​អាវ​លឿង​ចិញ្ចឹមចិត្ត​<<​អរិភាព​>>

13 ឆ្នាំ មុន

ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​ថៃ កំពុង​មាន​ភាពល្អ​ប្រសើរ​តាម រយៈ​ជំនួប​ជា​ច្រើន​លើក​ថ្មី​ៗ​នេះ​រវាង​នាយក​រដ្ឋ មន្ដ្រី​នៃ​ប្រទេស​ទាំង​ពីរ​បង្ហាញ​នូវ​សញ្ញាវិជ្ជមាន មួយ​ដែល​អាច​ជួយ​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ដោះ ស្រាយ​បាន​នូវ​បញ្ហា​ព្រំដែន​។ ប៉ុន្ដែ​វា​ជា​ការ​គួរ ឱ្យ​សោកស្ដាយ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ​ថ្មី​ៗ​នេះ តាម​រយៈ​សារព័ត៌មាន​ថៃ អេ​អែ​ស ធី​វី លោក​ប៉ាន​ថេ​ប ភួ​ផុង​ផា​ន់ អ្នក​នាំពាក្យ​នៃ​ក្រុម​សម្ព័ន្ធមិត្ដ​អាវ​លឿង​របស់

ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​ថៃ កំពុង​មាន​ភាពល្អ​ប្រសើរ​តាម រយៈ​ជំនួប​ជា​ច្រើន​លើក​ថ្មី​ៗ​នេះ​រវាង​នាយក​រដ្ឋ មន្ដ្រី​នៃ​ប្រទេស​ទាំង​ពីរ​បង្ហាញ​នូវ​សញ្ញាវិជ្ជមាន មួយ​ដែល​អាច​ជួយ​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ដោះ ស្រាយ​បាន​នូវ​បញ្ហា​ព្រំដែន​។ ប៉ុន្ដែ​វា​ជា​ការ​គួរ ឱ្យ​សោកស្ដាយ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ​ថ្មី​ៗ​នេះ តាម​រយៈ​សារព័ត៌មាន​ថៃ អេ​អែ​ស ធី​វី លោក​ប៉ាន​ថេ​ប ភួ​ផុង​ផា​ន់ អ្នក​នាំពាក្យ​នៃ​ក្រុម​សម្ព័ន្ធមិត្ដ​អាវ​លឿង​របស់​ប្រទេសថៃ បាន​ថ្លែង​អំពី​ភស្ដុ​តាង​ថ្មី តាម​ការ​យល់ឃើញ​របស់​អ្នក​ច្បាប់​ថៃ​ខ្លះ ដែល​មិន​បាន​ឆ្លុះបញ្ចាំង​នូវ​ការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ និង​មូលដ្ឋា​ន​គតិយុត្ដិ​អន្ដរជាតិ ទាក់ទង​ទៅ​នឹង​បញ្ហាព្រំដែន​គោក​រវាង​បារាំង​ឥណ្ឌូចិន និង​សៀម ពិសេស​ការ​ប្រើប្រាស់​ផែនទី​បារាំង​-​សៀម ឆ្នាំ​១៩០៨ ដើម្បី​សម្រេច​រឿង​ក្ដី​ប្រាសាទ​ព្រះ វិហារ​កាលពី​៤៨​ឆ្នាំ​មុន​។ 

គេ​នៅ​ចាំ​បាន​ថា ខ្សែបន្ទាត់​ព្រំដែន​អន្ដរ ជាតិ​ច្បាស់លាស់​រវាង​បារាំង​ឥណ្ឌូចិន និង​សៀម ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុសញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បន្ថែម​ក្នុង​ឆ្នាំ​១៩០៧ ដែល​លទ្ធផល​ចុង​ក្រោយ​បាន​ផលិត​ផែនទី​មួយ​ដោយ គណៈកម្មការ​ចម្រុះ​បារាំង និង​សៀម​ក្នុង​ឆ្នាំ១៩០៨ តាម​សំណើសុំ​របស់​រដ្ឋាភិបាល​សៀម នា​សម័យ​នោះ​។ លោក​ប៉ាន​ថេ​ប ភួ​ផុង​ផា​ន់ បាន​លើក​ឡើង​នូវ​ការ​យល់​ឃើញ​ដោយ​ខុសឆ្គង​ចំពោះ​ផែនទី​ឆ្នាំ​១៩០៨ ឬហៅ​ថា ផែនទី មាត្រដ្ឋាន​១,២០០,០០០ ធ្វើ​ដោយ​បារាំងសែស ជា​ឯកតោភាគី​។ ការ​លើក​ឡើង​របស់​ប៉ាន​ថេ​ប ភួ​ផុង​ផា​ន់ ផ្ទុយ​ពី​ការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ​។ ការ​ពិត​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ បាន​បង្ហាញ​ឱ្យឃើញ​តាម​រយៈ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​១៩០៨ របស់​អគ្គរាជទូត​សៀម​នៅ​ទីក្រុងប៉ា​រី​ស​ផ្ញើ​ជូន​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​សៀម នៅ​ទីក្រុង​បាងកក បាន​បង្ហាញ​ថា​ផែនទី​៥០ផ្ទាំង ត្រូវ​បាន​ចែក​ទៅ​ឱ្យ​រដ្ឋាភិបាល​សៀម ហើយ​ក្នុង​លិខិត​នោះ លោក​បាន​មាន​ប្រសាសន៍ ថា ទាក់ទង​នឹង​សំណើ​របស់​គណៈកម្មការ ចម្រុះ​កំណត់ព្រំដែន និង​សមាជិក​សៀម ដែលសុំ​ឱ្យ​សមាជិក​គណៈកម្មការ​បារាំង​រៀបចំ ព្រំដែន​ផ្សេង​ៗ ឥឡូវនេះ​សមាជិក​គណៈកម្មការ បារាំង​បាន​រៀបចំ​ការងារ​របស់​ខ្លួន​ចប់​សព្វគ្រប់ហើ​យ៉​។ អគ្គរាជទូត​សៀម​រូប​នោះ​បាន​បញ្ជាក់ថា លោក​បាន​ទទួល​ផែនទី​១​ស៊េរី ដើម្បី​បញ្ជូនទៅ​ឱ្យ​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​សៀម​។

លោក​បាន​បន្ដ​រៀបរាប់​អំពី​ឈ្មោះ​ផែនទី​ទាំង ១១​ផ្ទាំង ដែល​មួយ​ផ្ទាំង មាន​៥០​ច្បាប់ រួម​ទាំង ផែនទី​តំបន់​ដងរែក​ផង​។ នៅ​ចុង​បញ្ជ​ប់លោក និយាយ​ថា គាត់​រក្សា​ទុក​ផែនទី​នីមួយ​ៗ​ចំនួន​២ច្បាប់ ហើយ​គាត់​បាន​ផ្ញើ​ទៅ​ស្ថាន​បេសកកម្ម​ការ ទូត​របស់​សៀម​នៅ​ទីក្រុង​ឡុ​ង ប៊ែ​ក​ឡាំង រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក ក្នុង​មួយ​ស្ថាន​បេសកកម្ម ការទូត​១​ច្បាប់​។ អាជ្ញាធរ​សៀម​តាម​រយៈ សកម្មភាព​របស់​ខ្លួន​បញ្ជាក់​ថា បាន​ទទួលយក ផែនទី​ទាំងនោះ និង​ទទួលស្គាល់​នូវ​លក្ខណៈ នៃ​ផែនទី​នោះ គឺ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ សកម្មភាព​របស់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ព្រះអង្គ​ម្ចាស់ ដាម​រ៉ុ​ង ក្នុង​ការ​ថ្លែងអំណរគុណ ចំពោះ​ឯកអគ្គរដ្ឋទូត​បារាំង​នៅ​ទីក្រុង​បាងកក ចំពោះ​ផែនទី​ទាំងនេះ និង​ស្នើ​សុំ​ឱ្យ​លោក​អគ្គ​រដ្ឋ ទូត​ផ្ដល់​ផែនទី​១៥​ច្បាប់​ទៀត ដើម្បី​បញ្ជូន​ទៅ ឱ្យ​អភិបាលខេត្ដ​របស់​សៀម​ជា​ច្រើន​ទៀត​ផង​។

នៅ​ក្នុង​ទំនាក់ទំនង​នយោបាយ​ជា​បន្ដបន្ទាប់ រវាង​បារាំង និង​សៀម​នា​សម័យ​នោះ ភាគី​ទាំងពីរ គឺ​បារាំង និង​សៀម តែងតែបាន​អះអាង ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សន្យា​ថែរក្សា និង​គោរព​នូវ​ព្រំដែន រួម​ដែល​មាន​ស្រាប់​រវាង បារាំង​-​សៀម​។ ជាក់ស្ដែង​នៅ​ក្នុង​មាត្រា​២​នៃ សន្ធិសញ្ញា​មិត្ដភាព​បារាំង និង​សៀម​ឆ្នាំ​១៩២៥ ភាគី​ទាំង​ពីរ​បាន​អះអាង​គោរព​នូវ​ព្រំដែន​រវាង រដ្ឋ​ទាំង​ពីរ មាត្រា​២​នៃ​អនុសញា​ទន្លេមេគង្គ ឆ្នាំ១៩២៦ ភាគី​ទាំង​បារាំង និង​សៀម​បាន​ធានា​ថា ព្រំដែន​រួម​រវាង​សៀម និង​បារាំង ត្រូវ​តែ​ថែរក្សា និង​គោរព ហើយ​មាត្រា​២២​នៃ​សន្ធិសញ្ញាមិត្ដភាព​ថ្មី ឆ្នាំ​១៩៣៧ រវាង​បារាំង​-​សៀម​បាន​ចែង ថា ភាគី​ទាំង​ពីរ​ថែរក្សា និង​គោរព​នូវ​ព្រំដែន ដែល​មាន​ស្រាប់​រវាង​បារាំង​-​សៀម​។ ចុងក្រោយបង្អស់​ឋានៈ​ផ្លូវច្បាប់ ព្រំដែន​អន្ដរជាតិ រវាង​កម្ពុជា និង​សៀម ត្រូវ​បាន​បញ្ជាក់​អះអាង ឡើង​វិញ ក្នុង​ឆ្នាំ​១៩៤៦​។

នៅ​ក្នុង​សាលក្រម​របស់​តុលាការ​យុត្ដិធម៌ អន្ដរជាតិ​ឡា​អេ ឆ្នាំ​១៩៦២ ស្ដី​ពី​ប្រាសាទ​ព្រះវិហារ​បាន​បង្ហាញ​អំពី​ដំណាក់កាល​សំខាន់​ៗ នៃ​ការ​បោះពុម្ព​ផែនទី​នា​ៗ​ក្រោម​អំណាច​នៃ គណៈកម្មការ​ចម្រុះ​នៃ​អនុសញា​ឆ្នាំ​១៩០៤ និង​ការ​ចែកចាយ​ផែនទី​ទាំងនោះ​ទៅ​ឱ្យ​ភាគី ទាំងឡាយ​ពាក់ព័ន្ធ​។ ពីព្រោះ​ការ​បោះ​ពុ​ម្ភ​ផែនទី និង​ការ​ចែកចាយ​ផែនទី​ជា​ចំណុច​សំខាន់ ដែលតុលាការ​យុត្ដិធម៌​អន្ដរជាតិ​បាន​យក​មក​ធ្វើការ វិភាគ និង​បកស្រាយ ហើយ​ការ​បកស្រាយ​នេះ បាន​ផ្ដល់​តម្លៃ​ទៅ​លើ​ផែនទី​មាន​សារសំខាន់លើសលុប​លើ​បទ​ប្បញត្ដិ​នៃ​អនុសញ្ញា និង​សន្ធិសញ្ញា ​ឆ្នាំ​១៩០៤ និង​១៩០៧ ដោយហេតុ​ថា តុលាការ​យុត្ដិធម៌ បាន​រក​ឃើញ​ថា ភាគី​ទាំងពីរ ​បាន​ព្រមព្រៀង​ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ពិតប្រាកដ​មែន​ក្នុង​ឆ្នាំ​១៩០៨-១៩០៩​។

តុលាការ​យុត្ដិធម៌​អន្ដរជាតិ​រក​ឃើញ​ថា ក្នុង​ឆ្នាំ​១៩០៨-១៩០៩ ថៃ​ពិតជា​បាន​ព្រមព្រៀង​ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ដែល​ជាលទ្ធផល​នៃ​ការងារ​របស់​គណៈកម្មការ​ចម្រុះ កំណត់ព្រំដែន​បារាំង​-​សៀម ហើយ​ដែល​ជា ហេតុ​នាំ​ឱ្យ​ថៃ​បាន​ទទួលស្គាល់​ខ្សែបន្ទាត់​នៅ លើ​ផែនទី​នោះ​ថា​ជា​ខ្សែ​ព្រំដែន​ដែល​អានុភាព នៃ​ការ​ទទួលយក​នោះ គឺ​ដាក់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​។ តុលាការ​ក៏​បានស​ន្និ​ដ្ឋ្កា​ន​ថា ការ​ព្រមព្រៀង​ទទួលយក​ផែនទី ឧ​ប​សម្ព័ន្ធ​១ ដោយ​គូភាគី​ទាំង​ពីរ​នាំ​ឱ្យ​ផែនទី​ត្រូវ​ចូល​ជា​ដំណោះស្រាយ​សន្ធិសញ្ញា និង​ក្លាយជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​នៃដំណោះស្រាយ​សន្ធិសញ្ញា។ ម្យ៉ា​វិញទៀត នៅពេល​នោះ ភាគី​ទាំង​ពីរ​បាន​សម្រេច​យក​ការ បកស្រាយ​មួយ​នៃ​ដំណោះស្រាយ​សន្ធិសញ្ញា ដែល​បណ្ដាល​ឱ្យ​ខ្សែ​នៅ​លើ​ផែនទី​ឆ្នាំ​១៩០៨ មាន​អានុភាព​លើសលុប​លើ​បទ​ប្បញត្ដិ​ផ្សេង​ៗ ទៀត​របស់​សន្ធិសញា ទោះបី​ខ្សែ​នេះ​អាច​ងាក ចេញពី​ខ្សែ​បែងចែក​ទឹក​ក៏​ដោយ​។
តុលាការ​បាន​សម្រេច​ដោយ​សម្លេង​៩​ទល់ និង​៣​ថា ប្រាសាទព្រះវិហារ និង​តំបន់​ឋិត​នៅ ជុំវិញ​ប្រាសាទ​ស្ថិត​នៅ​ក្នុង​ទឹកដី​ក្រោម​អធិបតេ​យ្យ​ភាព​របស់​ប្រទេស​កម្ពុជា​។ យោង​តាម មាត្រា​៦០ នៃ​លក្ខន្ដិកៈ​តុលាការ​យុត្ដិធម៌​អន្ដរ ជាតិ​ចែង​ថា សាលដីកា​សម្រេច​ចុង​ក្រោយបង្អស់ ហើយ​គ្មាន​បណ្ដឹងឧទ្ធរណ៍​ឡើយ ហើយមាត្រា​៦១ គ្មាន​ការ​ដាក់​ពាក្យសុំ​ដើម្បី​សើរើ ឡើង​វិញ​បាន​ឡើយ បើសិន​ហួស​រយៈពេល១០​ឆ្នាំ ចាប់​គិត​ពី​ថ្ងៃ​ចេញ​សាលដីកា​។

លោក​ប៉ាន​ថេ​ប ភួ​ផុង​ផា​ន់ ត្រូវ​យល់​ដឹង​ថា ថៃ និង​កម្ពុជា គឺជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ស្ថិត​នៅ​ក្រោម​ធម្មនុញ្ញនៃ​សហ​ប្រជាជាតិ ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​គោរព​ទៅ​តាម​គោលការណ៍​ទូទៅ​ក្នុង​រាល់ ទំនាក់ទំនង​អន្ដរជាតិ​របស់​ខ្លួន​។ ក្នុង​ន័យ​នេះ រដ្ឋ​ស៊ី​វិ​ល័យ​មួយ​ក្នុង​សម័យ​ទំនើប​ត្រូវ​គោរពនីតិរដ្ឋ និង​បទដ្ឋាន​ជា​ទំនៀមទំលាប់​អន្ដរជាតិ​។ តុលាការ​យុត្ដិធម៌​អន្ដរជាតិ ដែល​មាន​ទី​ស្នាក់ ការ​នៅ​ក្រុង​ឡា​អេ គឺជា​ស្ថាប័ន​មួយ​ស្ថិត​ក្រោម អង្គការសហប្រជាជាតិ​ដែល​មាន​អំណាច សម្រេច​រាល់​វិវាទ​អន្ដរជាតិ ដែល​ប្រទេស​ជា សមាជិក​ដាក់​ជូន​ឱ្យ​តុលាការ​យុ​ត្ដិ​អន្ដរជាតិ មួយ​នេះ​ដើម្បី​វិនិច្ឆ័យ និង​សម្រេច ហើយ​ការសម្រេច​របស់​ខ្លួន គឺ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី ត្រូវ​គោរព និង​អនុវត្ដ​នូវ​សាលដីកា​ដែល​ជា កាតព្វកិច្ច​អន្ដរជាតិ​។ មាត្រា​៩៤ នៃ​ធម្មនុញ្ញ សហប្រជាជាតិ​ផ្ដល់​ថា រដ្ឋ​ជា​ភាគី​ក្នុង​រឿង​ក្ដី អាច​ស្នើ​ទៅ​ក្រុមប្រឹក្សាសន្ដិសុខ​នៃ​អង្គការ សហប្រជាជាតិ​ដើម្បី​ចាត់វិធានការ​ធ្វើ​ឱ្យ​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​មាន​ប្រសិទ្ធភាព​។

អាស្រ័យ​ដូច្នេះ​ហើយ មួយ​សបា្ដហ៍​ក្រោយ ពី​ចាញ់ក្ដី​នៅ​ឡា​អេ លោក​សេនាប្រមុខ សុ​រិ​ទ្ធ ថៈនៈ​រ៉ាត់ ជា​មេដឹកនាំ​រដ្ឋាភិបាលយោធា​ថៃ នា​ពេល​នោះ បាន​បង្ហាញ​តាម​ទូរទស្សន៍​ដោយ ថ្លែងប្រាប់​ប្រជាជន​ថៃ​ថា ខ្ញុំបាទ​មានការ ស្រឡាញ់​ជាតិ​មិន​តិច​ជាង​បងប្អូន​ប្រជាជន​ថៃ ផង​ទាំងឡាយ​ទេ ប៉ុន្ដែ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ តែ​ប្រតិបត្ដិ​ទៅ​តាម​ក្រឹត្យក្រម​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ ក៏​ព្រោះតែ​ចង់​រក្សា​កិត្ដិយស​របស់​ប្រទេស ដែល​យើង​បាន​កសាង​ទុក អស់​រយៈកាល​ជា​ច្រើន​រយ​ឆ្នាំ​លើស​ពី​ប្រាសាទព្រះ​វិហារ​នោះ​ទៅ​ទៀត​។ ដូច្នេះ​ហើយ​យើងត្រូវ​ទទួលយក​សាលដីកា​នៃ​តុលាការ​នេះ​។ ដូច្នេះការ​ថ្លែង​របស់​លោក សុ​រិ​ទ្ធ ថៈនៈ​រ៉ាត់ ផ្ដល់​នូវ​កិត្ដិយស​របស់​ប្រទេស​ថៃ​ក្នុង​ការ​អនុវត្ដ នូវ​កាតព្វកិច្ច​អន្ដរជាតិ ដែល​ត្រូវ​បាន​ផ្ដល់​ជូន ដោយ​តុលាការ​យុ​ត្ដិ​អន្ដរជាតិ​ឆ្នាំ​១៩៦២ ក្នុងរឿង​ក្ដី​ប្រាសាទព្រះវិហារ។ យោង​តាម លក្ខន្ដិកៈ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ថៃ​គ្មាន​សិទ្ធិរក្សា​ទុក​ណាមួយ​បាន​តាម​ច្បាប់​អន្ដរជាតិ​ដើម្បី ស្នើ​សុំ​សើរើ​សាលដីកា​ក្រុង​ឡា​អេ​បាន​ឡើយ​។

រហូត​មក​ដល់​ឆ្នាំ​២០០០ អនុស្សរណៈ​នៃការ​យោគយល់​គ្នា​ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​សម័យ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​អតីត​នាយក​រដ្ឋ មន្ដ្រី​ថៃ ជួន លី​ផៃ គឺជា​ការ​ព្រមព្រៀង​ទទួល យក​នូវ​គោលការណ៍​នៃ​ការ​មិន​កែប្រែ​ខ្សែ ព្រំដែន​អន្ដរជាតិ ដែល​មាន​ស្រាប់ ហើយ​ការព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ផ្អែក​លើ​មូលដ្ឋាន​គតិយុត្ដិ​អន្ដរជាតិ​ច្បាស់លាស់​ក្នុង​ការ​វាស់វែង និង​ការ​រក​បង្គោលព្រំ ដែន​ដែល​បាន​បាត់ ឬ​រំកិល​ដោយ​កត្ដា​ផ្សេង​ៗ ដោយផ្អែក​លើ​ផែនទី​ឆ្នាំ​១៩០៨ ឬ​ផែនទី​មាត្រដ្ឋា​ន ១,២០០,០០០​។ ការ​ឯកភាព​គ្នា​លើ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ មិនមែន​ជា​ការ​កំណត់ព្រំដែន​ឡើយ ក៏​ប៉ុន្ដែ​វា ជា​ការ​វាស់វែង និង​ការ​រក​បង្គោល​ព្រំដែន​ចាស់ ដែល​បាន​បោះ​ក្នុង​អំឡុង​ឆ្នាំ​១៩០៨-១៩០៩ និង​១៩១៩-១៩២០​។ អ្នក​ច្បាប់​ថៃ និង​អ្នកនយោបាយ​ថៃ​មួយ​ភាគ​ធំ​បាន​យល់​ដឹង​ច្បាស់​ថា ការ​អនុវត្ដ​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់ គ្នា ឆ្នាំ​២០០០​មិន​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ខាតបង់​ទឹក ដី​ឡើយ ក៏​ប៉ុន្ដែ​វា​ជា​ការ​បន្ដ​ពង្រឹង​ចំណង​មិត្ដភាព​ដែល​មាន​ស្រាប់ រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ កាន់តែ​រឹង​មាំ​ថែម​ទៀត​។ បញ្ហា​ខ្សែ​ព្រំដែន រត់​តាម​ខ្សែ​បែងចែក​ទឹក​គ្រាន់តែ​ជា​និយម​ន័យ កំណត់​ក្នុង​អនុសញ្ញា​ឆ្នាំ​១៩០៤ ក៏​ប៉ុន្ដែ​ផែនទី១៩០៨ ត្រូវ​បាន​គូស និង​ព្រមព្រៀង​ទទួលយក ដោយ​ព្រះមហាក្សត្រ​សៀម ជូ​ឡា ឡុ​ង​កន​។ ដូច្នេះ​ហើយ​កាលដែល​រដ្ឋាភិបាល​របស់​អតីត នាយក​រដ្ឋមន្ដ្រី​ថៃ ជួន លី​ផៃ ព្រម​ទទួល     យក​ផែនទី​ឆ្នាំ​១៩០៨ ឬ​ផែនទី​មាត្រដ្ឋាន ១,២០០,០០០ ដាក់​ក្នុង​អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​ឆ្នាំ​២០០០ គឺ​គ្រាន់តែ​ជា​ការ អនុវត្ដ​តាម​លទ្ធផល​ការងារ​របស់​ដូនតា​សៀម ជំនាន់​មុន​ដែល​បាន​បន្សល់​ទុក​ឱ្យ​សៀម​ជំនាន់ ក្រោយ​ប៉ុណ្ណោះ​។

ប្រទេស​កម្ពុជា​ធ្លាប់​បាន​ទាត់​ចោល​ច្រើន​ដង ហើយ​មិន​ទទួលស្គាល់​នូវ​ខ្សែបន្ទាត់​ព្រំដែន​ចង្អុល បង្ហាញ​តាម​ផែនទី Google Earth ដែល​លោក ប៉ាន​ថេ​ប ភួ​ផុង​ផា​ន់ ថា​ជា​ភស្ដុ​តាង​ថ្មី ដែលអាច​ជា​ទិន្នន័យ​យក​មក​ប្រើប្រាស់​បាន ដើម្បី បង្ហាញ​អំពី​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង ថៃ​។ នេះ​គ្រាន់តែ​ជា​ភស្ដុ​តាង​សិប្បនិម្មិត​ដែល លោក ប៉ាន​ថេ​ប ភួ​ផុង​ផា​ន់ មិន​គួរ​គប្បី​លើក ឡើង​ធ្វើ​ឱ្យ​ប្រជាជន​ថៃ​យល់​ដឹង​ខុស​។ ព្រោះ ផែនទី Google Earth មិនមែន​ជា​ឯកសារ​ផ្លូវការ​ដែល​ត្រូវ​បាន​ថៃ និង​កម្ពុជា​យក​មក​ធ្វើ​ជាមូលដ្ឋាន​គតិយុត្ដិ​អន្ដរជាតិ​បាន​ឡើយ​។

ដូច្នេះ​លោក ប៉ាន​ថេ​ប ភួ​ផុង​ផា​ន់ ដែល​ជា អ្នកនាំពាក្យ​នៃ​ចលនា​សម្ព័ន្ធមិត្ដ​ប្រជាជន​ដើម្បីលទ្ធិប្រជាធិបតេយ្យ​ដែល​ជា​មនុស្ស​ថៃ​ជំនាន់ក្រោយ ត្រូវ​តែ​ទទួលយក​នូវ​កេរ​មរតក​ដែលបន្សល់​ទុក​ដោយ​ព្រះមហាក្សត្រ​សៀម​គឺ ជូ​ឡា​ឡុ​ង​កន ហើយ​រៀនសូត្រ​គោរព​ច្បាប់ អន្ដរជាតិ​ខ្លះ​ផង​។ បញ្ហា​ព្រំដែន​រវាង​ប្រទេស ទាំង​ពីរ​មិន​គួរ​គប្បី​ត្រូវ​បាន​លោក​ប៉ាន​ថេ​ប ភួ​ផុង​ផា​ន់ យក​ធ្វើ​ជា​ឧបករណ៍​នយោបាយ របស់​សម្ព​ន្ធ័​មិត្ដ​អាវ​លឿង​ដើម្បី​អំណាច​ឡើយ ខណៈ​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កំពុង​មាន​ភាពល្អ​ប្រសើរ​ដើម្បី​បន្ដ​ពង្រឹង​នូវ ចំណងមិត្ដភាព និង​កិច្ច​សហប្រតិបត្ដិការ​ខាង សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ សំខាន់​ៗ​ដទៃ​ទៀត​ទៅ​អនាគត សំរាប់​ជា​ផល ប្រយោជន៍​យូរអង្វែង​របស់​ប្រជាជន​នៃ​ប្រទេសទាំង​ពីរ​។ ជំរើស​នេះ​ជា​ភាព​ត្រឹមត្រូវ​បំផុត ៕

ដោយ ៖ ឡុ​ង​សុ​គុណ