ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​អនុសាសន៍​ក្តៅ​លើក​ទី​២ ឃាត់ខ្លួន​បាន​៧៥​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ បាន​បង្ហាញ …

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ បាន​បង្ហាញមុខ​ក្រុម​យុវជន​-​យុវនារី​ចំនួន​៧៥​នាក់ ដែល​តាម​បណ្តា​ខណ្ឌ និង​ការិយាល័យ​ជំនាញ​បង្ក្រាប​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។

លោក​ឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ​ទាំង​១២ និង​ការិយាល័យ​ជំនាញ បាន​បើក​យុទ្ធនាការ​បង្ក្រាប​លើ​ក្រុម​ភាគច្រើន​ជា​យុវជន​-​យុ​នារី​ពាក់ព័ន្ធ​គ្រឿងញៀន​ដូច​ជា ១-​ខណ្ឌ​សែន​សុខ បង្ក្រាប​បាន​៤​ករណី​ឃាត់​ខ្លូ​ន​ចំនួន​១៩​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់​, ២-​ខណ្ឌដូនពេញ បង្ក្រាប​បាន​១​ករណី ឃាត់ខ្លួន​៤​នាក់​, ៣-​ខណ្ឌទួលគោក បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​៥​នាក់ ក្នុង​នោះ​មាន​ស្រី​១​នាក់​, ៤-​ខណ្ឌឫស្សីកែវ បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​១៨​នាក់ ក្នុង​នោះ​មាន​ស្រី​៦​នាក់​, ៥-​ខណ្ឌ​ជ្រោយចង្វា បង្ក្រាប​បាន​១​ករណី ឃាត់ខ្លួន​៤​នាក់ ក្នុង​នោះ​មាន​ស្រី​១​នាក់​, ៦-​ខណ្ឌចំការមន បង្ក្រាប​បាន​១​ករណី ឃាត់ខ្លួន​១​នាក់​ស្រី​, ៧-​ខណ្ឌ​៧​មក​រា បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​៤​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់​, ៨-​ខណ្ឌ​ច្បារ​អំពៅ បង្ក្រាប​បាន​៤​ករណី ឃាត់ខ្លួន​៨​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់​, ៩-​ខណ្ឌមានជ័យ បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​៤​នាក់ ក្នុង​នោះ​មាន​ស្រី​១​នាក់​, ១០-​ខណ្ឌដង្កោ បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​៤​នាក់ និង​ការិយាល័យ​ជំនាញ បង្ក្រាប​បាន​១​ករណី ឃាត់ខ្លួន​៤​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់ ចំណែក​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​មាន​លទ្ធផល​ទេ ។

លោក ព្រំ សន្ធរ បន្ត​ថា នេះ​ជា​យុទ្ធនាការ​លើក​ទី​២ ដែល​សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ និង​ការិយាល័យ​ជំនាញ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​តាម​អនុសាសន៍​ក្តៅ​គគុក​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​លើក​ទី​១​សមត្ថកិច្ច​បាន​អនុវត្ត​ត្រឹមតែ​១​យប់​១​ថ្ងៃ បង្ក្រាប​បាន​ចំនួន​២៦​ករណី និង​ឃាត់ខ្លួន​ក្រុម​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​សុទ្ធ​សឹង​ជា​យុវជន​បាន​ចំនួន​៧១​នាក់ ។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ រួចរាល់​អស់ហើយ​ដែរ លើក​ទី​២​នេះ​សមត្ថកិច្ច​យើង​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ចំនួន​៧៥​នាក់ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​តុលាការ​តាម​និ​តិ​វិធី​ដូច​គ្នា ។

លោក ព្រំ សន្ធរ បញ្ជាក់​ថា ពួក​គេ​ខ្លះ​ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​បញ្ជូន​ទៅ​កាន់​មណ្ឌល​បន្សាប​គ្រឿងញៀន ខ្លះ​បញ្ជូន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​ផ្ទាល់ ដោយ​បាន​ផ្តន្ទាទោស​គ្រាន់តែ​ពិន័យ​ជា​ប្រាក់ និង​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ខ្លះ​ត្រូវ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ច្បាប់​កំណត់ ៕