ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កាត់​បន្ថយពន្ធ​របស់​លោក Trump នឹង​ជំរុញ​ការ​លូតលាស់ ប៉ុន្តែ​បង្ក​ផល​ប៉ះពាល់

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ធនាគារពិភពលោក World Bank បាន​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយពន្ធ និង​គម្រោង​ចំណាយ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump អាច​ជំរុញ​ដល់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក ៖ យោង​តាម​ធនាគារពិភពលោក World Bank បាន​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយពន្ធ និង​គម្រោង​ចំណាយ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump អាច​ជំរុញ​ដល់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក និង​បង្កើន​ការ​លូតលាស់​ដល់​ប្រទេស​ទូ​ទាំង​ពិភពលោក ប៉ុន្តែ​ភាព​មិន​ប្រាកដប្រជា​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​លោក អាច​នឹង​នាំ​មក​នូវ​ហានិភ័យ ។

ធនាគារ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា រដ្ឋាភិបាល​របស់​លោក Trump អាច​នឹង​ខាតបង់​ការ​លូតលាស់​សេដ្ឋកិច្ច ប្រសិនបើ​ចេញ​ឧបសគ្គ​ពាណិជ្ជកម្ម​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​សងសឹក ។

ធនាគារ​នេះ​បន្ត​ថា សរុប​មក វា​នៅ​លឿន​នៅឡើយ​ក្នុង​ការ​ព្យាករ​ថា តើ​ការ​ប៉ះពាល់​ពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក Trump នឹង​មាន​ដល់​កម្រិត​ណា ។ ធនាគារ​ព្យាករ​ថា សេដ្ឋកិច្ច​ពិភពលោក នឹង​លូតលាស់​២,៧%​ក្នុង​ឆ្នាំ​២០១៧​នេះ និង​កើនឡើង​ដល់​២,៩%​ក្នុង​ឆ្នាំ​ក្រោយ​ទៀត ។

ការ​លូតលាស់​របស់​សហរដ្ឋអាមេរិក​អាច​នឹង​កើន​២,៥%​ក្នុងឆ្នាំនេះ និង​២,៩%​ក្នុង​ឆ្នាំ​២០១៨ ប្រសិនបើ​រដ្ឋាភិបាល​របស់​លោក Trump ធ្វើ​តាម​ការ​សន្យា​ថា នឹង​កាត់​បន្ថយពន្ធ​លើ​ចំណូល​ក្រុមហ៊ុន ពី​៣៥% ទៅ​១៥% ។

ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក ក៏​អាច​ជំរុញ​ដល់​ការ​លូតលាស់​របស់​ពិភពលោក​ប្រមាណ​០,១%​ផង​ដែរ​ក្នុង​ឆ្នាំ​២០១៧ និង​យ៉ាងតិច ក៏​០,៣%​ក្នុង​ឆ្នាំ​ក្រោយ ។

ធនាគារ​នេះ​និយាយ​ទៀត​ថា គម្រោង​របស់​លោក Trump ដើម្បី​បង្កើន​ការ​ចំណាយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ក៏​អាច​បង្កើន​ការ​លូតលាស់​ផង​ដែរ ។

សហរដ្ឋអាមេរិក គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​ប្រមាណ​១​ភាគ​៤​នៃ​ប្រទេស​ទាំងអស់​លើ​ពិភពលោក ។ ជា​លទ្ធផល ប្រសិនបើ​ប្រទេស​នេះ​ចង់​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សា​ជា​ថ្មី និង​ដាក់​ឧបសគ្គ​ពាណិជ្ជកម្ម​ថ្មី​នោះ វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ។

គួរ​បញ្ជាក់​ថា លោក Trump នឹង​ឡើង​កាន់​តំណែង​ក្នុង​ថ្ងៃ​ទី​២០ មក​រា ខាង​មុខ ដោយ​បានផ្តោត​គំនិត​លើ​ពាណិជ្ជកម្ម​នា​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​និយាយ ថា​លោកនឹង​ពិចារណា​ឡើង​វិញ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ចរចា​ឡើងវិញ ឬ​ដកខ្លួន​ចេញពី​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម NAFTA និង​មិន​ឲ្យ​សហ​រដ្ឋ​អាមេរិក​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP ៕