ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធុរកិច្ច​ជាតិ អន្តរជាតិ​ជុំវិញ​ពិភពលោក​នឹង​ចូលរួម​កិច្ចប្រជុំ​ធុរកិច្ច​អន្តរជាតិ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ធុរកិច្ច​ជាតិ អន្តរជាតិ និង​វាគ្មិន​ល្បី​ៗ​មក​ពី​ជុំវិញ​ពិភពលោក​ប្រមាណ​៥០០​នាក់​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​នៅ​កម្ពុជា នា​ពាក់កណ្តាល​ខែកុម្ភៈ​ខាង​មុខ ។ នេះ​បើ​តាម​បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​សភាពាណិជ្ជកម្ម​

រាជធានី​ភ្នំពេញ ៖ អ្នក​ធុរកិច្ច​ជាតិ អន្តរជាតិ និង​វាគ្មិន​ល្បី​ៗ​មក​ពី​ជុំវិញ​ពិភពលោក​ប្រមាណ​៥០០​នាក់​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​នៅ​កម្ពុជា នា​ពាក់កណ្តាល​ខែកុម្ភៈ​ខាង​មុខ ។ នេះ​បើ​តាម​បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មក​រា កន្លង​មក ។

« សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ខាង​មុខ​។ វេទិកា​ធុរកិច្ច​អន្តរជាតិ​នេះ នឹង​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​អីុន​ធើ​រ​កុង​ទី​ណ​ង់​តា​ល់ រាជធានី​ភ្នំពេញ » ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ប៊ុ​ន សីហៈ បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​រូប​នេះ។

លោក​បន្ត​ថា ៖ « កិច្ចប្រជុំ​នេះ​មាន​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​កម្ពុជា ព្រោះ​វា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ​កាន់តែ​ច្រើន អាច​ចាប់​យក​កាលានុវត្តភាព​ដើម្បី​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ។ តាម​ធម្មតា កិច្ចប្រជុំ​នេះ​រៀបចំ​ធ្វើ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង និង​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា និង​សហការ​ឧបត្ថម្ភ​ដោយ​ដៃគូ​ផ្នែក​ឯកជន​ដទៃ​ទៀត » ។

កិច្ចប្រជុំ​នេះ​បាន​រៀបចំ​លើក​ទី​១ កាលពី​ឆ្នាំ​២០១៤ និង​គ្រោង​រៀបចំ​នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​មួយ​ចំនួន កិច្ចប្រជុំ​បាន​លើក​ពេល​មក​ធ្វើ​នៅ​ឆ្នាំ​២០១៧​ជំនួស​វិញ។ វាគ្មិន​ល្បី​ៗ​ជា​ច្រើន​រំពឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​រហូត​មក​ទល់​ពេល​នេះ គឺ​អគ្គនាយក​នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​ពិភពលោក បាន​ផ្តល់​ការ​យល់ព្រម​ធ្វើ​ជា​វាគ្មិន​ក្នុង​កម្មវិធី​នេះ​រួច​ហើយ ។

លោក ប៊ុ​ន សីហៈ បន្ត​ថា ស្ថាប័នហិរញ្ញវត្ថុ​ធំ​ៗ​ដូច​ជា ធនាគារពិភពលោក និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត ក៏​រំពឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ធុរកិច្ច​អន្តរជាតិ​នេះ​ដែរ ហើយ​អ្នកចូលរួម​កម្មវិធី​នេះ តម្រូវ​ឲ្យ​បង់ប្រាក់​ក្នុង​ម្នាក់​ចំនួន​៣៥០​ដុល្លារ​អា​មេ​រិ​ក ។

លោក អុ​ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ថ្លែង​ថា ការ​រៀបចំ​វេទិកា​ធំ​ៗ​បែប​នេះ ជា​ឱកាស​សម្រាប់​បង្ហាញ​វិនិយោគិន​ពី​បរិយាកាស​វិនិយោគ ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា និង​ផ្តល់​ព័ត៌មាន​នានា​ដល់​វិនិយោគិន ដើម្បី​ពួក​គេ​ទទួល​បាន​ព័ត៌មាន អាច​បង្ហាញ​ពី​ព័ត៌មាន​ទាក់ទង​តំបន់​សេដ្ឋកិច្ច​ពិសេស ព័ត៌មាន​ទាក់ទង​នឹង​កម្ពុជា រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិកា​ធុរកិច្ច​ពិភពលោក​ជាដើម ។

លោក​បន្ត​ថា ៖ « ប្រសិនជា​មិន​មានការ​រៀបចំ​កិច្ចប្រជុំ​បែប​នេះ​ទេ អ្នក​វិនិយោគ​គាត់​ពិបាក​រក​ព័ត៌មាន​ពី​កម្ពុជា ប៉ុន្តែ​តាម​រយៈ​វេទិកា​នេះ ពួក​គេ​អាច​ទទួល​បាន​ព័ត៌មាន ហើយ​បើ​ពួក​គេ​ចាប់អារម្មណ៍ ពួក​គេ​នឹង​សម្រេចចិត្ត​វិនិយោគ​នៅ​កម្ពុជា » ។

លោក​បន្ថែម​ថា ៖ « នៅ​ពេល​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា ពួក​គេ​អាច​ផ្តល់​ចំណូល​ដោយ​ផ្ទាល់​ដល់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​បង់ពន្ធ និង​ផ្តល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ » ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បានថ្លែង​ថា ការ​រៀបចំ​កិច្ចប្រជុំ​បែប​នេះ​ពិតជា​មាន​ផលប្រយោជន៍ តាម​រយៈ​ការ​រៀបចំ​របស់​វិស័យ​ឯកជន ដើម្បី​ទាក់ទាញ​អ្នក​ធុរកិច្ច​មក​វិនិយោគ​នៅ​កម្ពុជា ដែល​ពួក​គេ​ភាគច្រើន​មិន​ស្គាល់​កម្ពុជា​នោះ​ទេ ។ ដូច្នេះ ការ​រៀបចំ​កិច្ចប្រជុំ​នេះ នឹង​ជា​វេទិកា​មួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក ហើយ​វេទិកា​បែប​នេះ​គួរ​រៀបចំ​ជា​រៀង​រហូត ព្រោះ​ពេល​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ល្អ​ៗ​ពី​កម្ពុជា ពួក​គេ​នឹង​មក​វិនិយោគ​បន្ត​ទៀត ។

លោក​បន្ត​ថា ៖ « ការ​រៀបចំ​វេទិកា​បែប​នេះ បើសិនជា​មិនល្អ ពួក​គេ​អាច​រាងចាល​មិន​ត្រឡប់​មក​វិញ​ម្តងទៀត​ទេ ។ ដូច្នេះ យើង​ត្រូវ​ប្រើប្រាស់​ទ្រឹស្តី​អតីត​ប្រធានាធិបតី លី ក្វា​ន់​យូ ដែល​បាន​លើក​ឡើង​ថា ឲ្យ​យើង​ខិតខំ​ថែរក្សា​អ្នក​វិនិយោគ​មក​រួច​ហើយ ហើយ​ត្រូវ​ទាក់ទាញ​អ្នក​ថ្មី​មក​បន្ថែម​ទៀត » ៕