ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​បរទេស​១៤​នាក់​ភ័យ​ស្លន់ស្លោ​រត់​ចុះ​ពី​រថយន្ត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវ​ទេសចរណ៍​បរទេស​១៤​នាក់​បាន​ភ័យ​ស្លន់ស្លោ​រត់​ចុះ​ពីលើ​រថយន្ត ខណៈ​រថយន្ត​បើក​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​ …

ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវ​ទេសចរណ៍​បរទេស​១៤​នាក់​បាន​ភ័យ​ស្លន់ស្លោ​រត់​ចុះ​ពីលើ​រថយន្ត ខណៈ​រថយន្ត​បើក​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ខាងកើត​ភូមិ​សាលា​ក្រហម ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចាន់​ដា ស្នងការ​រង​នគ​បាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​បាន​ឆាបឆេះ​គឺជា​រថយន្ត​ធុន​២៤​កៅអី​របស់​ក្រុមហ៊ុន​ថង​ស៊ិ​ង ដែល​ដឹក​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន​១៤​នាក់​មក​ពី​ខេត្ត​សៀ​បរាប ទិស​ដៅ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​អ្នកបើកបរ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ឃើញ​មាន​ហុយផ្សែង​ចេញពី​ក្បែរ​ចង្កូត ពេល​នេះ​គាត់​បាន​ឲ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស​ទាំងនោះ​ចុះ​ចេញពី​រថយន្ត ភ្លាម​ៗ​នោះ​ស្រាប់តែ​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​សន្ធោសន្ធៅ​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចាន់​ដា បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​ភ្លាម​ៗ រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​២​គ្រឿង​បាន​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដែរ តែ​រថយន្ត​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ។

លោកស្នងការ​រង​បញ្ជាក់​ថា អគ្គិភ័យ​ដែល​ឆាបឆេះ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​នេះ​បណ្តាល​ឲ្យ​ភ្ញៀវ​បរទេស​ភ័យ​ខ្លាច និង​ស្ទះចរាចរណ៍​អស់​ជិត​១​ម៉ោង ។ ចំណែក​ភ្ញៀវ​ចំនួន​១៤​នាក់ ត្រូវ​បាន​រថយន្ត​ក្រុមហ៊ុន​ថង​ស៊ិ​ង​មក​ដឹក​សាង​បន្ត​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ៕