ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ក្រញាំង​ចាស់​កន្លែង​លេង​បញ្ជល់មាន់ និង​អាប៉ោង​វង់​ធំ សមត្ថកិច្ច​មើល​មិនឃើញ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ទីតាំង​លេងល្បែង​បញ្ជល់មាន់​បង្កប់​វង់​អាប៉ោង​លួចលាក់​១​កន្លែង មា​នទី​តាំងនៅ​ក្នុង​ចម្ការ​កៅស៊ូ ក្បែរ​ខ្ទម​អ្នកតា​ហៅ​កំពង់​ក្រញាំង​ចាស់ ឃុំ​អូ​ម្លូ ស្រុក​ស្ទឹង​ត្រង់

ខេត្តកំពង់ចាម ៖ ទីតាំង​លេងល្បែង​បញ្ជល់មាន់​បង្កប់​វង់​អាប៉ោង​លួចលាក់​១​កន្លែង មា​នទី​តាំងនៅ​ក្នុង​ចម្ការ​កៅស៊ូ ក្បែរ​ខ្ទម​អ្នកតា​ហៅ​កំពង់​ក្រញាំង​ចាស់ ឃុំ​អូ​ម្លូ ស្រុក​ស្ទឹង​ត្រង់ ដែល​ជា​តំបន់​សេដ្ឋកិច្ច​សម្បូរ​អ្នកមាន​លុយ​នោះ ត្រូវ​បាន​គេ​មើលឃើញ​មាន​ម៉ូតូ​ពញាក់​ពពូន នាំ​គ្នា​មក​លេងល្បែង​ទាំងនេះ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ ដោយ​ម៉ូតូ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ តាម​ក្រោម​ដើម​កៅស៊ូ​ឆ្ងាយ​ពី​កន្លែង​លេង​ព្រោះថា ប្រសិនណាបើ​សមត្ថកិច្ច​ឆ្មក់​ចុះ​មក​បង្ក្រាប​នោះ ងាយស្រួល​នឹង​ទាញ​ជិះ​រត់គេច​ខ្លួន​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ២០១៧​ថា គាត់​បានឃើញ​គេ​លេងល្បែង​បញ្ជល់មាន់​ស្ទើរតែ​រាល់ថ្ងៃ នៅ​តំបន់​ខាងលើ និង​កន្លែង​ផ្សេង​ទៀត រួម​ទាំង​ល្បែ​បន្ទាប់បន្សំ​មាន​បៀរ ឡូ​តូ​ផង​ដែរ​។ ដំបូង​ឃើញ​អ្នក​ទៅ​លេង​បាន​ភ្នាល់​ដាក់​លុយ​ច្រើន​ៗ តែ​ក្រោយមក​មិន​បានឃើញ​ទៅ​លេងញឹកញាប់​ដោយសារ​ចាញ់ល្បែង​បញ្ជល់មាន់ គាត់​មាន​ក្តី​កង្វល់​ព្រោះថា អ្នក​ដែល​ចាញ់ល្បែង​មិន​មាន​អារម្មណ៍​ស្ងប់​នោះ​ទេ គឺ​អាច​ប្រព្រឹត្ត​នូវ​ទ​ង្វើ​សេព​គ្រឿងញៀន​ជាដើម ហើយ​បន្ទាប់​មក​អាច​នឹង​ប្រព្រឹត្ត​ដូច​ជា ដើរ​លួច ឬ​ប្លន់​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នានា ដើម្បី​បាន​លុយ​យក​ទៅ​លេងល្បែង​បន្ត​ទៀត  ហើយ​ថែម​ទាំង​បង្ក​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ថែម​ទៀត​ផង​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​បន្ត​ថា កន្លង​មក​ទីតាំង​លេងល្បែង​បញ្ជល់មាន់​ខាងលើ​នេះ ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ម្តង​រួច​មក​ហើយ ដោយ​រឹបអូស​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​វត្ថុ​តាង​ផ្សេង​ៗ​ទៀត​។ ក្រោយ​ពី​បាន​ស្ងប់ស្ងាត់​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ម្ចាស់​សង្វៀន​ឈ្មោះ រ៉ា​ន់ ភេទ​ប្រុស បាន​បន្ត​លួច​លេងនៅ​ក្នុង​ចម្ការ​កៅស៊ូ​ម្តុំ​ខ្ទម​អ្នកតា មាន​ចម្ងាយ​ពី​កន្លែង​ចាស់​ប្រហែលជា​៥០០​ម៉ែត្រ គឺ​លេង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ដោយ​មាន​បង្កប់​វង់​អាប៉ោង គឺ​ភ្នាល់​ដាក់​លុយ​ធំ​ៗ តែ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​ទៅ​បង្ក្រាប​នោះ​ទេ សង្ស័យ​តែ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ទេ​ដឹង​។

ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មេត្តា​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​នៅ​ចំណុច​កំពុង​ក្រញាំង​ចាស់ ក្នុង​ឃុំ​អូ​ម្លូ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​បន្ត​ទៀត​ព្រោះ ពួក​គាត់​ខ្លាច​ពី​បញ្ហា​អសន្តិសុខ​កើត​មាន​ចោរលួច​ចោរប្លន់​នៅ​តាម​ភូមិឋាន​នានា ព្រោះថា​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​ទេ​។

លោក​វរសេនីយ៍ទោ ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​វិញ​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ដំណឹង​ខាងលើ​នេះ កម្លាំង​របស់​លោក​ចុះ​ទៅ​បង្ក្រាប ដោយ​មិន​ឲ្យ​ម្ចាស់​សង្វៀន​ដឹង​នោះ​ទេ ហើយ​កន្លង​មក​ធ្លាប់​បាន​បង្ក្រាប​ម្តង​មក​ហើយ ដោយ​ថែម​ទាំង​បាន​រឹបអូស​ម៉ូតូ​ជា​ច្រើន​គ្រឿង​មាន​ទាំង​មាន់ ព្រមទាំង​ឲ្យ​ម្ចាស់​សង្វៀន​ឈ្មោះ រ៉ា​ន់ ផ្តិត​មេដៃ​ចុះ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​មាន​ទៀត​ទេ​៕