ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នកកាសែត​ប្រកាស​ពី​ការ​ចាប់​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​2 ទើប​ទទួលមរណភាព

7 ឆ្នាំ មុន

ស្ត្រី​អ្នកកាសែត លោកស្រី CLARE HOLLINGWORTH ជនជាតិ​អង់គ្លេស ដែល​កាលពី​ឆ្នាំ​១៩៣៩ សរសេរ​ប្រកាស​ពី​ការ​ចាប់ផ្តើម​សង្គ្រាមលោក​លើក​ទី​២ បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​១០ មក​រា

ស្ត្រី​អ្នកកាសែត លោកស្រី CLARE HOLLINGWORTH ជនជាតិ​អង់គ្លេស ដែល​កាលពី​ឆ្នាំ​១៩៣៩ សរសេរ​ប្រកាស​ពី​ការ​ចាប់ផ្តើម​សង្គ្រាមលោក​លើក​ទី​២ បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​១០ មក​រា នៅ​ទីក្រុង​ហុងកុង ក្នុង​ជន្មាយុ​១០៥​ឆ្នាំ ។

លោកស្រី​ក្រោយមក​ក្លាយជា​អ្នកកាសែត​តាមដាន​យក​ព័ត៌មាន​ពី​សង្គ្រាម ហើយ​ចុះ​យក​ព័ត៌មាន​ក្នុង​ជម្លោះ​ជា​ច្រើន​លើ​ពិភពលោក​។ ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ អ្នក​យក​ព័ត៌មាន​ពី​សង្គ្រាម​រូប​នេះ​ជា​អ្នកកាសែត​ដំបូង​គេ​ប្រកាស​ពី​ការ​លុកលុយ​របស់​អា​ល្លឺ​ម៉​ង់​ចូល​ប្រទេស​ប៉ូ​ឡូញ ។ លោកស្រី​ទទួលមរណភាព​នៅ​ក្រុង​ហុងកុង ជា​កន្លែង​គាត់​រស់នៅ​ចាប់​តាំងពី​ជាង​៣០​ឆ្នាំ​មក​ហើយ ។ ស្ត្រី​អ្នកកាសែត​រូប​នេះ​ធ្វើការ​នៅ​លើ​ទីលាន​នៃ​សង្គ្រាម ជា​ច្រើន​នៃ​សតវត្ស​ទី​២០ ដូច​ជា​សង្គ្រាម​នៅ​វៀតណាម អាល់​ហ្សេ​រី មជ្ឈិម​បូព៌ា ឥណ្ឌា ប៉ា​គី​ស្ថាន និង​ចិន​ជាដើម​។ លោកស្រី​ជា​ស្ត្រី​អ្នកកាសែត​មានឈ្មោះ​ល្បីល្បាញ​ដោយសារ​សេចក្តីរាយការណ៍​ពី​ការ​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​២ កាលពី​ឆ្នាំ​១៩៣៩ ពេល​លោក​ស្រី​ទើប​ចាប់ផ្តើម​អាជីព​នេះ ។

ពេល​អាយុ​២៧​ឆ្នាំ លោកស្រី​ទើប​ចូល​ធ្វើការ​ក្នុង​ប្រទេស​ប៉ូ​ឡូញ​ឱ្យ​កាសែត​អង់គ្លេស DAILY TELEGRAPH ហើយ​ទើបបាន​រយៈពេល​មួ​យស​ប្តា​ហ៍ លោកស្រី​ក្លាយជា​អ្នក​កាសែត​​ដំបូង​គេ​ប្រកាស​ពី​ការ​លុកលុយ​របស់​អា​ល្លឺ​ម៉​ង់ ។ ដោយ​ប្រើប្រាស់​រថយន្ត​ការទូត​អង់គ្លេស ដើម្បី​ឆ្លងកាត់​ព្រំដែន​អា​ល្លឺ​ម៉​ង់​-​ប៉ូ​ឡូញ លោកស្រី​អាច​ថត​បាន​រូបភាព​ទាំង​ឡាយ​នៃ​រថក្រោះ និង​រថពាសដែក​អា​ល្លឺ​ម៉​ង់​ជា​ច្រើន​រយ​គ្រឿង ដែល​ត្រៀម​ចូលលុក​លុយ​ប៉ូ​ឡូញ ។ អត្ថបទ​កាសែត​របស់​លោកស្រី​ដែល​ចារ​ជា​ប្រវត្តិសាស្ត្រ​នេះ​មាន​ចំណង​ជើង​ថា រថក្រោះ​១.០០០​គ្រឿង រង់ចាំ​នៅ​ព្រំដែន​ប៉ូ​ឡូញ កងពលធំ​១០​ត្រៀម​វាយលុក​ភ្លាម​ៗ ។ ៣​ថ្ងៃ​ក្រោយមក គឺ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​១៩៣៩ អា​ល្លឺ​ម៉​ង់​ចាប់​វាយលុក​ចូល​ទីក្រុង KOTOWICE របស់​ប៉ូ​ឡូញ​ក្បែរ​ព្រំដែន ។  លោកស្រី​ខំ​រាយការណ៍​ប្រាប់​ស្ថានទូត​អង់គ្លេស​ប្រចាំ​ក្រុង​វ៉ា​សូ​វី ពី​ការ​ចាប់ផ្តើម​សង្គ្រាម តែ​ពេល​នោះ​ស្ថានទូត​មិន​ទាំង​ជឿ​ផង ៕