ព័ត៌​មានកីឡា » កីឡាអន្តរជាតិ

FIFA សម្រេច​បន្ថែម​កៅអី World Cup ដល់​48​ក្រុម

ដោយ ៖ ជួប សុខជា   

ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ ម៉ោង ១៦:៤២   (11-01-2017 16:42)

ក្រោយ​ពី​សមាជិក​៣៧​រូប​របស់​FIFA បាន​បោះ​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ឱ្យ​បង្កើន​កៅអី​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​World Cup ដល់​៤៨​ក្រុម​ចាប់ពី​ឆ្នាំ​២០២៦​តទៅ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ លោក​Gianni Infantino ចេញ​មុខ​មក​ការពារ​ថា ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​ក្នុង​ស្មារតី​កីឡា​សុទ្ធសាធ​មិនមែន​ដើម្បី​រក​លុយ​ទេ ។

ដោយឡែក​យុទ្ធនាការ​មួយ​ក្រុម​ឈ្មោះ​New FIFA Now ថា ការ​បង្កើន​ចំនួន​ក្រុម​នៅ​World Cup អាច​ជា​ការ​ច្បាម​យក​លុយ និង​អំណាច ស្រប​ពេល​ការ​ស្រាវជ្រាវ​របស់​FIFA បង្ហាញ​ថា​ការ​បង្កើន​ការ​ប្រកួត​ពី​៦៤​ប្រកួត​ដល់​៨០ អាច​នឹង​បង្កើន​ប្រាក់​ចំណូល​ដល់​៥,២៩​ពាន់​លាន​ផោន មាន​ន័យ​ថា ប្រាក់​ចំណេញ​អាច​កើន​ដល់​៥២១​លាន​ផោន ។

ប៉ុន្តែ​លោក​Infantino ប្រាប់​សារព័ត៌មាន BBC ថា «​វា​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ក្រុម​New FIFA Now លើក​ឡើង តែ​វា​ជា​ការ​សម្រេចចិត្ត​ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទាត់​តែ​ប៉ុណ្ណោះ។ យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អំណោយផល​មួយ ដើម្បី​សម្រេចចិត្ត​ផ្អែក​លើ​ស្មារតី​កីឡា ។ នេះ​ជា​ការ​សម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ​ដែល​ជា​ច្រកចូល​នៃ​World Cup ទៅ​កាន់​សតវត្ស​ទី​២១ ។

ជាមួយ​គ្នា​នេះ​ដែរ វិស័យ​បាល់ទាត់​បច្ចុប្បន្ន​នេះ​ផ្លាស់​ប្ដូរ​ហើយ ពោល​វា​ក្លាយជា​ការ​ប្រកួត​លក្ខណៈ​សាកល​ពិត​ៗ» ។ FIFA World Cup 2026 នឹង​មាន​៣​ក្រុម​ក្នុង​មួយ​ពូ​ល​ដោយ​មាន​១៦​ពូ​ល ហើយ​ក្រុម​លេខ​១ និង​លេខ​២​នឹង​ឡើង​ទៅ​វគ្គ​ចាញ់​ធ្លាក់ ។ ប៉ុន្តែ​កៅអី​១៦​ក្រុម​បន្ថែម​នោះ នៅ​មិន​ទាន់​សម្រេច​ថា​នឹង​បែងចែក​ឱ្យ​ទ្វីប​នីមួយ​ៗ​ប៉ុន្មាន​ទៀត​នៅឡើយ​ទេ ៕