ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើករថយន្ត​ដេញ​បំ​បុក​បុរស​២​នាក់ ក្រោយ​ធ្វើ​សកម្ម​ភាព​យក​កាបូប​របស់​ជនជាតិ​ចិន​

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​រប​ស់បុរសជន​ជាតិចិន​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​រត់គេច ក៏​ត្រូវ​បុរស​ជនជាតិ​ចិន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​រប​ស់បុរសជន​ជាតិចិន​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​រត់គេច ក៏​ត្រូវ​បុរស​ជនជាតិ​ចិន​ជា​ម្ចាស់​កាបូប​បាន​បើករថយន្ត​ដេញ​តាម​បំ​បុក​ពីក្រោយ​ម៉ូតូ​របស់​ជនសង្ស័យ បណ្ដាល​ឲ្យ​ជ្រុល​រថយន្ត​ទៅ​បុក​តូប​លក់​ទូរស័ព្ទ​របស់​បងប្អូន​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​រង​ការ​ខូចខាត តែ​សំណាងល្អ​បាន​យក​កាបូប​លុយ​មក​វិញ​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ ជិត​ផ្សា​របឹង​កេងកង ផ្លូវ​៣៨០ កែង​ផ្លូវ​៦៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​ជន​រង​គ្រោះ បាន​ហៅ​រថយន្ដ​តាក់ស៊ី​របស់​ក្រុមហ៊ុន LMCAR ម៉ាក ALPHARD ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AU 3200 អោយមក​ទទួល​នៅ​មុខ​ខារ៉ាអូខេ​មួយ​កន្លែង ម្ដុំ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​អ្នក​បើករថយន្ត​ក៏​បាន​រៀបចំ​អីវ៉ាន់​របស់​ភ្ញៀវ​ជនជាតិ​ចិន​នោះ​ដាក់​ចូល​ក្នុង​រថយន្ត ចំណែក​បុរស​ជនជាតិ​ចិន​វិញ​ឈរ​កាន់​កាបូប​យូរ​ដៃ​មួយ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឃ្លី​ក ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1IX 1642 បាន​ជិះ​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ជនជាតិ​ចិន​បាន​សម្រេច ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​ពេល​ភ្លាម​ៗ​នោះ បុរស​ជា​ជនជាតិ​ចិន​រូប​នេះ​ក៏​បាន​រត់ឡើង​ទៅ​បើករថយន្ត ALPHARD ដែល​មាន​អ្នកបើកបរ​កំពុង​តែ​រៀបចំ​អីវ៉ាន់ រួច​ដេញ​តាម​ជនសង្ស័យ​ពីក្រោយ រហូត​ដល់​ម្ដុំ​ផ្សា​របឹង​កេងកង ផ្លូវ​៣៨០ កែង​ផ្លូវ​៦៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​ដដែល​នោះ ហើយ​បុរស​ជនជាតិ​ចិន​ក៏​បើករថយន្ត​បាន​បំ​បុក​ម៉ូតូ​របស់​ជនសង្ស័យ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​តែ​ម្តង​។ រីឯ​រថយន្ត​វិញ​ក៏​ជ្រុល​ទៅ​បុក​តូប​លក់​ទូរស័ព្ទ​ដៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​រង​ការ​ខូចខាត ហើយ​រថយន្ត​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ ក៏​ដូច​ជា​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​អស់​មួយ​ចំនួន​ផង​ដែរ ។

ដោយឡែក​ជនសង្ស័យ​វិញ នៅ​ពេល​ដែល​រថយន្ត​បើក​បុក​ហើយ​ដួល​ម៉ូតូ បណ្តាល​ឱ្យ​រង​របួស​តិចតួច ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​១​គ្រឿង និង​កាបូប​លុយ​របស់​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ ភាគី​ខាង​រថយន្ត​ក៏​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​អ្វី​នោះ​ដែរ និង​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ គឺ​គ្រាន់តែ​សុំ​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​តូប​លក់​ទូរស័ព្ទ​ដែល​រង​ការ​ខូចខាត​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​រថយន្ត​ក៏​បាន​សុខចិត្ត​សង​សំណង​របស់របរ​ដែល​ខូចខាត​ក្នុង​តូប​លក់​ទូរស័ព្ទ ដើម្បី​សុំ​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ខ្លួនឯង​វិញ ចំណែក​ម៉ូតូ​ជនសង្ស័យ​វិញ ក៏​ត្រូវ​បាន​ប្រគល់​អោយ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​តាម​ជំនាញ​របស់​សមត្ថកិច្ច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ