ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ចោរប្លន់​សម្លា.ប់​នៅ​ស្រុក​រមាស​ហែក អំពាវនាវ​រក​យុត្តិធម៌

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​គឺ​លោកគ្រូ គង់ យឿ​ន ដែល​ត្រូវ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បា.ញ់ប្រហារ​ …

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​គឺ​លោកគ្រូ គង់ យឿ​ន ដែល​ត្រូវ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បាញ់ប្រហារ​ស្លាប់​បាត់បង់​ជីវិត និង​ប្លន់​យក​ប្រាក់​ខ្មែរ​អស់​៣១​លាន​រៀល និង​ប្រាក់​ដុល្លារ​៤​ពាន់​ដុល្លារ ចិញ្ចៀនមាស​៥​ជី បាន​នាំ​គ្នា​មក​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ដោយ​ព្រួយបារម្ភ​ថា លោក​ចៅក្រម​សាលាឧទ្ធរណ៍​លើកលែង​ការ​ចោទប្រកាន់​ជនស​ង្ស​យ័​ម្នាក់​ឈ្មោះ យស់ សា​វី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ឲ្យ​មាន​សេរីភាព បើ​តាម​ការ​សួរ​ដេញដោល​ពេល​បើក​សវនាការ​នៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ហើយ​គ្រោង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៧ ខែមករា ហើយ​បាន​លើក​ទៅ​ប្រកាស​នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​និយាយ​ថា ការ​សួរ​ដេញដោល​ពេល​បើក​សវនាការ គឺ​លោក​ព្រះរាជអាជ្ញា និង​លោក​ចៅក្រម បាន​សាកសួរ​គាប​មក​លើ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សមត្ថកិច្ច​ដែល​ជា​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ហាក់ដូចជា​រក​លេស​ដោះ​បន្ទុក​ជនសង្ស័យ​ឲ្យ​រួច​ផុត​ពីរ​ការ​ចោទប្រកាន់ ទើប​អំពាវនាវ​រក​ការ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌ ។

បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ អ៊ិ​ន សា​រ៉ា​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស្ស​គគីរ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក បាន​និយាយ​ទាំង​ទឹកភ្នែក​ថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៥ មាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ ប្រមាណ​ជា​៤​ទៅ​៥​នាក់ មាន​អាវុធ​វែង​ខ្លី (​កា​៥៤​មួយ​ដើម និង​អាកា​៤៧​កាត់​ស្វាយ​មួយ​ដើម​) បាន​ចូល​ប្លន់​ផ្ទះ​របស់​គាត់ ខណៈនោះ​មាន​ចោរ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ឈប់​នៅ​មុខ​ផ្ទះ ដោយ​ប្រើ​ល្បិច​សួរ​រក​ទិញ​សាំង ពេល​ឱកាសល្អ ក្រុម​ចោរប្លន់​បាន​ស្ទុះ​ចូល​ទៅ​ក្នុងផ្ទះ​ទាំង​៣​នាក់ ហើយ​បាន​យក​កាំភ្លើង​ភ្ជង់​រូប​គាត់ និង​ឈ្មោះ អែម ជា​ភ្ញៀវ​មក​ទិញ​ស្រា ហើយ​បាន​ចាប់​ពួក​រូប​គាត់​ចងស្លាបសេក និង​វាយ​ធ្វើ​ទារុណកម្ម​រា​ង្គ​កាយ រួច​សម្លុត​ឲ្យ​ប្រពន្ធ​របស់​គាត់​យក​មាសប្រាក់​ឲ្យ​ពួក​វា គឺ​យក​បាន​ប្រាក់​ខ្មែរ​៣១​លាន​រៀល និង​ប្រាក់​អា​មេ​រិ​ក​៤​ពាន់​ដុល្លារ ចិញ្ចៀនមាស​១​វង់ ទម្ងន់​៥​ជី រួច​នាំ​គ្នា​រត់​ចេញ​ក្រៅ​ដើម្បី​គេចខ្លួន ស្រប​ពេល​នោះ ឈ្មោះ គង់ យឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន មាន​ទៅ​លំនៅ​ភូមិ​ត្រពាំង​ជ័រ ឃុំ​អណ្តូង​ពោធិ៍ ជា​សាច់ញាតិ​បាន​ជិះ​ម៉ូតូ​មក​ដល់ ឃើញ​ហេតុការណ៍​ចោរប្លន់​បងប្អូន ក៏​ស្រែក​ឲ្យ​គេ​ជួយ ក៏​ត្រូវ​ចោរ​ឈ្មោះ ម៉េ​ត បាញ់ ចំនួន​៥​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ឮ​ស្នូរ​ផ្ទុះអាវុធ និង​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ចោរប្លន់​ក៏​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ទៅ​កន្លែង​កើតហេតុ រហូត​កំណត់​មុ​ល​សញ្ញា និង​ចាប់​ជនសង្ស័យ​បាន​២​នាក់ ម្នាក់​ឈ្មោះ ឈឿ​ន ឈី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៥ លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​ឈ្មោះ សូ យ៉េ​ម ហៅ​ឆ្អឹង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​កំណើត​នៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក (​ចាប់ខ្លួន​បាន​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​) ហើយ​ឈ្មោះ ម៉េ​ត បាន​រត់គេច​ខ្លួន​បាត់ ។ ក្រោយមក​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៥ បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត ឈ្មោះ យស់ សា​វី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​ឈ្មួញ​ទិញ​លក់​ក្របី មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ដូង ស្រុក​រមាស​ហែក ជាប់​ពី​បទ​សមគំនិត​ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ប្រើ​អំពើ​ហិង្សា និង​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៥ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​តុលាការ​សាលាដំបូង​ខេត្ត​បាន​ចេញ​ដិ​កា​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ ក៏​ប៉ុន្តែ អ្វី​ដែល​ពួក​គាត់​ព្រួយបារម្ភ​នោះ​គឺ ជនសង្ស័យ​ឈ្មោះ យស់ សា​វី ប្រសិនបើ​លោក​ចៅក្រម​សាលាឧទ្ធរណ៍​ប្រកាស់​លើកលែង​ការ​ចោទប្រកាន់​ដោះ​លែង​ឲ្យ​រួច​ទោស​នោះ ប្រជាពលរដ្ឋ​ស្រុក​រមាស​ហែក​ពិតជា​រស់នៅ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​សន្តិសុខ​ផ្ទាល់ខ្លួន​ដោយ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ទៀត​ហើយ គ្មាន​សេចក្តីសុខ​ឡើយ សង្ឃឹមថា លោក​អ៊ឹម សុ​ផា​ន ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ និង​លោក អ៊ុ​ក សា​វុ​ធ អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ ជួយ​ពិនិត្យ​សំណុំរឿង​នេះ សូមកុំ​ឲ្យ​ដោះ​លែង​ជា​ដាច់ខាត ៕