ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី ដាក់​គម្រោង​ទៅ​រស់នៅ​ក្រៅប្រទេស​3​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​បទ​សម្ភាសន៍​លើក​ចុង​ក្រោយ​កីឡាការិនី​ល្បីឈ្មោះ​ផ្នែក​តេ​ក្វា​ន់​ដូ​គឺ​កញ្ញា​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​បាន​ដាក់​គម្រោង​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​យ៉ាង​ហោច​៣​ឆ្នាំ នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ ក្នុង​បទ​សម្ភាសន៍​លើក​ចុង​ក្រោយ​កីឡាការិនី​ល្បីឈ្មោះ​ផ្នែក​តេ​ក្វា​ន់​ដូ​គឺ​កញ្ញា​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​បាន​ដាក់​គម្រោង​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​យ៉ាង​ហោច​៣​ឆ្នាំ នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ ឬ​ចុងឆ្នាំ​២០១៧​នេះ ទើប​កញ្ញា​សឹងតែ​ឈប់​និយាយ​ពី​រឿង​គម្រោង​ភ្ជាប់ពាក្យ ឬ​រៀប​ការ ។

យ៉ាងណាមិញ នាង​នៅ​មិន​ទាន់​បញ្ជាក់​ថា តើ​ការ​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​យូរ​នោះ ដើម្បី​បំណង​អ្វីខ្លះ​ទេ​ក្រៅពី​ការ​ហ្វឹកហាត់ នោះ​។

ស៊ន សៀវ​ម៉ី បញ្ជាក់​ថា នៅ​អំឡុង​ខែឧសភា​ខាង​មុខ នាង​នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​មិន​តិច​ជាង​១​ខែ ដើម្បី​ត្រៀមខ្លួន​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ផ្ទាល់ ។ នាង​ថា ក្រោយ​ការ​ប្រកួត​ចប់​នាង​នឹង​រក​មធ្យោបាយ​រស់នៅ​ក្រៅប្រទេស​ប្រហែលជា​៣​ឆ្នាំ ទើប​នាង​ប្រកាស​ថា មិន​ខ្វល់​នោះ​ទេ​សម្រាប់​ជីវិត​ស្នេហា បើ​ទោះជា​នាង​យល់​ថា ខ្លួន​គួរតែ​មាន​មិន​ខុស​ពី​នារី​ទូទៅ​ក្ដី ។ នាង​ថា ខ្លួន​កំពុង​ទទួល​ឱកាស​ពី​ប្រទេស​កូរ៉េ និង​ប្រទេស​មួយ​ចំនួន​ដែល​ផ្ដល់​ឱកាស​ឱ្យ​នាង​ទៅ​ហ្វឹកហាត់ និង​រស់នៅ​មួយ​រយៈពេល​វែង ទើប​នាង​សម្រេចចិត្ត​រៀប​គម្រោង​ទៅ​រស់នៅ​ក្រៅប្រទេស​ប្រហែលជា​៣​ឆ្នាំ មុន​ពេល​ត្រឡប់​ចូល​ស្រុក ហើយ​សម្រេចចិត្ត​រៀប​ការ ។

នាង​ថា ប្រទេស​កូរ៉េ​នឹង​ក្លាយជា​ប្រទេស​ទី​១​ដែល​នាង​ចេញ​ទៅ​រស់នៅ ដោយ​ភាគី​កូរ៉េ​ទទួលយក​នាង​ឱ្យ​តែ​នាង​សម្រេចចិត្ត​ចេញ​ទៅ​នោះ​ផង ។ នាង​និយាយ​ថា​៖«​ខ្ញុំ​ចង់ទៅ​រស់នៅ​ក្រៅប្រទេស​៣​ឆ្នាំ​សិន ចាំ​ត្រឡប់​មក​វិញ​ទើប​គិត​រឿង​រៀប​ការ​តែ​ម្ដង​ទាន់​មានឱកាស​ខ្ញុំ​មិន​ចង់​បោះចោល​ទេ​!» ។ នាង​ថា ភាគី​កូរ៉េ​បាន​ហៅ​ឱ្យ​នាង​ទៅ​ហ្វឹកហាត់​ផ្នែក​តេ​ក្វា​ន់​ដូ​រយៈពេល​យូរ ហើយ​នាង​ក៏​ត្រូវការ​រស់នៅ​ទីនោះ​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​នោះ​ផង ទើប​នាង​សម្រេចចិត្ត​ទៅ​រស់នៅ​ទីនោះ ។ យ៉ាងណាមិញ នាង​ថា មិន​រស់នៅ​ជាប់លាប់​ពេញ​រយៈពេល​៣​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កូរ៉េ​នោះ​ទេ គឺ​នាង​នឹង​ឡើង​ចុះ​ៗ​មក​ប្រកួត​សម្រាប់​ព្រឹ​តិ្ត​ការណ៍​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជា​ធម្មតា ដោយ​គ្រាន់តែ​នាង​ត្រាំត្រែង​រស់នៅ​ទីនោះ​រៀង​យូរ​ជាង​ការ​ហ្វឹកហាត់ ។ នាង​និយាយ​ថា​៖«​ខ្ញុំ​នៅ​តែ​ឡើង​ចុះ​ដដែល​ហ្នឹង​តែ​គម្រោង​លើក​នេះ​ខ្ញុំ​នៅ​យូរ​ៗ  គឺ​ដូច​រស់នៅ​សិន ដោយសារ​ខ្ញុំ​ចង់​នៅ​ស្រុក​គេ​ជា​លក្ខណៈ​ឯកជន​ខ្លះ​មុន​ពេល​ខ្ញុំ​ប្រកួត​លែង​កើត​!» ។ នាង​ប្រកាស​ទៅ​រស់នៅ​ប្រទេស​កូរ៉េ​ច្រើន​ជាង​ត្រាំត្រែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្ដេជ្ញា​មិន​រស់នៅ​ជា​រៀង​រហូត​ដូច​គ្នា​នឹង​កីឡាករ​កីឡាការិនី​មួយ​ចំនួន​ដែល​មានឱកាស​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស ហើយ​ក៏​រស់នៅ​ទីនោះ​រហូត​ភ្លេច​ទឹកដី​កំណើត​នោះ​ឡើយ ។

ស៊ន សៀវ​ម៉ី បញ្ជាក់​ថា គម្រោង​ទៅ​រស់នៅ​ក្រៅ​ស្រុក​នឹង​កើត​មាន​ទន្ទឹម​គ្នា​ក្នុង​ពេល​គម្រោង​ហ្វឹកហាត់​មួយ​ថ្មី​របស់​នាង ចេញ​ទៅ​ប្រទេស​កូរ៉េ​កើតឡើង​នៅ​អំឡុង​ខែ​៥​ខាង​មុខ។ នាង​នៅ​តែ​ប្រកាស​ជំហរ​ថា ដរាបណា​ផែនការ​ទៅ​រស់នៅ​ក្រៅប្រទេស​មិន​ទាន់​បញ្ចប់ នោះ​គម្រោង​អនាគត​ពាក់ព័ន្ធ​នឹង​រឿង​រៀប​ការ​មិន​ទាន់​គិត​ទេ ។ នាង​ថា មិន​ខ្លាច​រឿង​សង្សារ​បែកចិត្ត​ព្រោះតែ​រង់ចាំ​យូរ​នោះ​ទេ ដោយសារ​តែ​នាង​យល់​ថា ខ្លួន​ត្រូវ​បំពេញបេសកកម្ម​រស់នៅ​ក្រៅប្រទេស​ឱ្យ​បាន​៣​ឆ្នាំ​សិន ទើប​ត្រឡប់​មក​កសាង​ជីវិត​មាន​គូ​ដោយ​មិន​ស្ដាយ​ពេលវេលា  ឬ​ឱកាស ។ នាង​ប្រកាស​ឱ្យ​សង្សារ​ចាំ​នាង​៥​ឆ្នាំ​បន្ត ខណៈ​ដែល​នាង​បញ្ជាក់​យ៉ាង​មុតមាំ​ថា បើ​អាច​ចាំ​នាង​បាន​ក៏​នឹង​មាន​ដំណឹង​រៀប​ការ​នៅ​ក្នុង​ពេល​នោះ តែបើ​ចាំ​មិន​បាន​គឺ​នាង​គិតគូរ​តាម​នឹង​ដោយ​មិន​ភ័យ​រឿង​ក្លាយជា​ក្រមុំ​នៅ​ព្រៅ ព្រោះតែ​ចង់​ប្រឡូក​តេ​ក្វា​ន់​ដូ និង​ចង់ទៅ​រស់នៅ​ក្រៅប្រទេស​ឱ្យ​បាន​៣​ឆ្នាំ​នោះ​ទេ ។  នាង​រក្សា​ជំហរ​មិន​ចង់​ភ្ជាប់ពាក្យ​ទុក ឬ​រៀប​ការ​សិន​នៅ​ក្នុងអំឡុងពេល​នាង​ជក់​សូរ​នឹង​ការ​ប្រកួត​កីឡា​នោះ​ទេ ដោយសារ​តែ​នាង​ប្រាប់​ថា គម្រោង​ហ្វឹកហាត់​ក្នុង​ពេល​បន្ទាប់ គឺ​មិន​ខុស​ពី​ផែនការ​រស់នៅ​នោះ​ឡើយ​នៅ​ក្នុង​ប្រទេស​កូរ៉េ ។ នាង​ថា ខ្លួន​ចង់​មានគ្រួសារ​ក្រោយ​ពេល​ជ្រះស្រឡះ ហើយ​បន្ទាប់​ពី​នោះ នាង​ក៏​នឹង​បោះបង់​អាជីព​កីឡា​ទាំងស្រុង​ដូច​គ្នា​នឹង​បងស្រី​នាង​ដែរ ។

ស៊ន សៀវ​ម៉ី ប្រកាស​ថា ខ្លួន​នៅ​ក្មេង និង​មិន​ទាន់​ចង់​ក្លាយជា​នារី​មាន​ប្ដី​នៅឡើយ ទើប​នាង​មិន​ខ្វល់​រឿង​ត្រូវ​សង្សារ​បែកចិត្ត ប្រសិនបើ​នាង​ចំណាយពេល​រស់នៅ​ក្រៅប្រទេស​ដល់​ទៅ​៣​ឆ្នាំ​ក្នុង​ពេល​ខាង​មុខ ។ នាង​ថា មនុស្ស​ស្រឡាញ់​គ្នា​ត្រឹមតែ​រយៈពេល​ប៉ុណ្ណឹង​មិនយូរ​នោះ​ទេ ហើយ​ទម្រាំ​តែ​ដល់​ពេល​នោះ​នាង​ទើបតែ​មាន​អាយុ​២៧​ឆ្នាំ​ប៉ុណ្ណោះ គឺ​សមរម្យ​នឹង​រៀប​ការ​បង្កើត​គ្រួ​សារបាន ។ នាង​ថា ចូល​ដល់​ឆ្នាំ​២០១៧​នេះ នាង​មាន​អាយុ​ទើបតែ​២២​ឆ្នាំ​ប៉ុណ្ណោះ ទើប​ថា​៥​ឆ្នាំ​ទៀត​មិន​គួរ​ជា​រឿង​ដែល​មនុស្ស​ស្រឡាញ់​នាង​រង់ចាំ​មិន​បាន ។ នាង​និយាយ​ថា​៖«​ខ្ញុំ​រាល់ថ្ងៃ​អត់​ទាន់​ចង់ការ​ទេ គឺ​ចង់​ដល់​អាយុ​៣០​ឆ្នាំ ទើប​ចង់​មាន​ប្ដី ព្រោះ​រាល់ថ្ងៃ​ខ្ញុំ​ដូច​អត់​សូវ​ខ្វល់​រឿង​មានគ្រួសារ​ហ្នឹង​សោះ ដោយសារ​នៅ​ស្រឡាញ់​កីឡា ខ្ញុំ​ចង់ទៅ​រស់នៅ​ក្រៅប្រទេស​៣​ឆ្នាំ​សិន​!» ។ មក​ទល់​សព្វថ្ងៃ​នាង​ថា បុរស​ជា​សង្សារ​ក៏​មិន​បាន​តឿន​នាង​ឱ្យ​រៀប​ការ​ទេ ដោយ​បាន​ទាំង​ជំរុញ​ឱ្យ​នាង​បំពេញ​ផែនការ​ដែល​បាន​គ្រោងទុក​ដោយ​អារម្មណ៍​ស្រឡះ​ចិត្ត​នោះ​ផង ទើប​ជំរុញ​ឱ្យ​នាង​កាន់តែ​ចង់​សម្រេច​គោលដៅ​រស់នៅ​ក្រៅប្រទេស​រយៈពេល​៣​ឆ្នាំ​ក្នុង​ពេល​ខាង​មុខ ៕