ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរទេសចរណ៍ បង្កើតយន្តការផ្ដល់​អាជ្ញា​បណ្ណ នៅអង្គភាពច្រកចេញចូលតែមួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានធ្វើការ​ផ្សព្វផ្យាយច្បាប់ស្ដីពីទេសចរណ៍” និងយន្តការផ្ដល់អាជ្ញាបណ្ណ នៅអង្គភាពច្រកចេញចូលតែមួយ និង​ការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា…

រាជធានីភ្នំពេញ៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានធ្វើការ​ផ្សព្វផ្យាយច្បាប់ស្ដីពីទេសចរណ៍” និងយន្តការផ្ដល់អាជ្ញាបណ្ណ នៅអង្គភាពច្រកចេញចូលតែមួយ និង​ការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី​។

ពិធី​នេះ បានធ្វើទ្បើង នៅសាលាខណ្ឌដង្កោ ក្រោមវត្តមានលោក ម៉ម វាសនា ប្រធានមន្ទីរ​ទេសចរណ៍ រាជធានីភ្នំពេញ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ មន្ត្រីរាជការ​រដ្ឋបាលខណ្ឌ និងម្ចាស់អាជីវកម្មទាំងអស់ ដែលមានមូលដ្ឋានក្នុងខណ្ឌដង្កោ។

លោក ម៉ម វាសនា បានរំលឹកទ្បើងវិញអំពីតួនាទីសំខាន់នៃវិសយ័ទេសចរណ៍ ដែលបាន​ចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រមាណ ១២% នៃផលិតផល ក្នុងស្រុកសរុប និងផ្ដល់ការងារជាង៦៣ម៉ឺននាក់ដល់ប្រជាពលរដ្ឋ។ ប៉ុន្តែរយៈពេល ៣ឆ្នាំកន្លងទៅនេះ វិស័យទេសចរណ៍ ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ ដែលធ្វើអោយចំនួនអ្នកទេសចរថយចុះប្រមាណ ៨០% និងបាត់បង់ចំណូលថវិកា​ជាតិ​យ៉ាងច្រើនលើសលប់។

លោកប្រធានមន្ទីរ បញ្ជាក់ថា ស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្ត ទុកដាក់ដោះស្រាយវិបត្តិជាប់គាំងនេះយ៉ាងខ្លាំង ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃ និងបានផ្ដល់ជាការឧបត្ថម្ភជាច្រើនជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានដាក់ចេញ​នូវ​វិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានចំនួន ១០ជុំរួចហើយ ដែលបានលើកលែងការបង់ពន្ធប្រចាំខែ, លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ និងផ្ដល់​ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុងមួយខែ ជូននិយោជិត ដែលព្យួរការងារក្នុងវិស័យទេសចរណ៍ ក៏ដូចជាបានបង្កើតកម្មវិធីសហហិញ្ញប្បទានស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍ ក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លារអាមេរិក ដើម្បីជួយដល់ការងើបឡើងវិញ​នៃវិស័យទេសចរណ៍។

លោកថា ទាំងអស់នេះ ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្ដារសេដ្ឋកិច្ច​ក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩នេះ។ ជាមួយនឹងការខិតខំប្រឹងប្រែងនេះ ប្រជាពលរដ្ឋ គឺបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា ដែលនាំឱ្យមានភាពស៊ាំក្នុងសហគមន៍ស្របជាមួយ នឹងការចូលរួមអនុវត្ត ៣កុំ ៣ការពារ ពីប្រជាពលរដ្ឋបានយ៉ាងល្អផងនោះ រាជរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យមានដំណើរការ​លើគ្រប់វិស័យស្របតាមការរស់នៅបែបប្រក្រតីភាពថ្មី។

លោក ម៉ម វាសនា បានឲ្យដឹងទៀតថា មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ជាច្រើន គឺត្រូវរងផលប៉ះពាល់ពីវិបត្តិនេះ ដែលនាំអោយ​មានការបិទផ្អាកអាជីវកម្មជាច្រើន។ ទន្ទឹមនោះ សម្រាប់អាជីវកម្មដែលមានដំណើរការកន្លងមក មន្ទីរទេសចរណ៍ តែងតែបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងមូលដ្ឋានអាជីវកម្ម​ទេសចរណ៍ ដើម្បីណែនាំឱ្យអាជីវកម្មទាំងអស់ អនុវត្តតាមគោល​ការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តឱ្យបាន​ខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍ និងវិធានការរដ្ឋបាលនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនាពេលកន្លងមក។

លោកបន្តថា ដោយមានការចូលរួមពីម្ចាស់អាជីវកម្មនិងភាគីពាក់ព័ន្ធនានា គឺឃើញថា អាជីវកម្មក្នុងរាជធានីភ្នំពេញបានអនុវត្តតាម វិធានការសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ និងវិធានការរដ្ឋបាលរបស់រាជធានីភ្នំពេញបានយ៉ាងខ្ជាប់ខ្ជួន ព្រោះក្នុងដំណាក់កាលនេះ អាជីវកម្ម ដែលអាចដំណើរការទទួលភ្ញៀវគឺត្រូវតែអនុវត្តវិធានការនានានិងរក្សាអោយ បាននូវសុវត្ថិភាពអនាម័យជូនភ្ញៀវ។

លោកប្រធានមន្ទីរ បានបញ្ជាក់ឲ្យដឹងដែរថា តាមរយៈការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍​ដំណាក់កាលទី១ កាលពីខែមិថុនា ឆ្នាំ២០២០ មានមូលដ្ឋានអាជីវកម្មចំនួន ៩៨.៩៨% ដែលទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍ដំណាក់កាលទី១នេះ។ ដោយទ្បែក កាលពីខែសីហា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានដាក់ចេញនូវ នីតិវិធី អនុវត្តស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ដែលតម្រូវអោយ​អាជីវកម្មទេសចរណ៍ទាំងអស់អនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន។ ដោយសារនេះជាកាតព្វកិច្ច ដែលអាជីវកម្មទាំងអស់ ដែលកំពុងមានដំណើរការក្នុងបរិបទបែបប្រក្រតីភាពថ្មីនេះ ត្រូវតែអនុវត្តតាម និងជាលក្ខខណ្ឌភ្ជាប់ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ​អាជីវកម្មទេសចរណ៍ផងដែរនោះ យើងឃើញថា អាជីវកម្មក្នុងរាជធានីភ្នំពេញ ជាង ៦០០ទីតាំង បានចូលរួមអនុវត្ត បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី អនុវត្តស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី បានយ៉ាងល្អ។

ផ្តើមពីនោះ លោកសង្ឃឹមថា ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ក្រោយពីបានស្ដាប់នូវ​បទបង្ហាញរួចមក នឹងចូលរួមអនុវត្តច្បាប់ស្ដីពីទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីអាចដំណើរការអាជីវកម្មប្រកបដោយសុវត្ថិភាព លទ្ធភាព មិនមានការរំខាន។

លោកប្រធាន ក៏បានស្នើឲ្យម្ចាស់មូលដ្ឋានអាជីវកម្ម​ទេសចរណ៍ទាំ​ងអស់ មេត្តាមកទាក់ទង​ដាក់ពាក្យស្នើសុំច្បាប់ប្រកបអាជីវកម្ម “អាជ្ញាបណ្ណ​ទេសចរណ៍” និងការវាយតម្លៃវិធាន​សុវត្ថិភាពទេសចរណ៍ អោយបានគ្រប់ៗគ្នា ចាប់ពីពេលនេះតទៅ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ