ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​អាស៊ាន ប្តេជ្ញា​ចិត្តជា​ថ្មី លើកកម្ពស់​ការ​អភិរក្ស​ជីវៈចម្រុះ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេដឹកនាំ​អាស៊ាន បាន​រំលឹក​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​អាស៊ាន ក្នុង​ការ​លើកកម្ពស់​ការ​អភិរក្ស​ជីវៈចម្រុះ ការ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព និង​ការ​ចែករំលែក​ដោយ​យុត្តិធម៌ និង​សមធម៌​នៃ​អត្ថប្រយោជន៍ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​ធនធាន​ហ្សេ​ណេ​ទិ​ក…

រាជធានី​ភ្នំពេញ ៖ មេដឹកនាំ​អាស៊ាន បាន​រំលឹក​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​អាស៊ាន ក្នុង​ការ​លើកកម្ពស់​ការ​អភិរក្ស​ជីវៈចម្រុះ ការ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព និង​ការ​ចែករំលែក​ដោយ​យុត្តិធម៌ និង​សមធម៌​នៃ​អត្ថប្រយោជន៍ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​ធនធាន​ហ្សេ​ណេ​ទិ​ក ។

ប្រមុខ​ការទូត​អាស៊ាន នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​០៣ សីហា ឆ្នាំ​២០២២ បាន​បញ្ចា​ក់ថា កំពុង​ទន្ទឹងរង់ចាំ​ការ​អនុម័ត​ក្រប​ខណ្ឌ​ជីវៈចម្រុះ​ពិភពលោក​ក្រោយ​ឆ្នាំ​២០២០ នៅ​ក្នុង​សន្និសីទ​លើក​ទី​១៥ នៃ​ភាគី នៃ​អនុសញ្ញា​ស្តី​ពី​ភាព​ចម្រុះ​ជីវសាស្ត្រ​នៅ​ខែធ្នូ ឆ្នាំ​២០២២ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ប្រមុខ​ការទូត​អាស៊ាន ក៏​បាន​ទទួលស្គាល់​ពី​សារៈសំខាន់ នៃ​ការ​លើកកម្ពស់​ដំណោះស្រាយ ផ្អែក​លើ​ធម្មជាតិ ដើម្បី​កាត់​បន្ថយ​ផលវិបាក​ដ៏​អាក្រក់​លើ​ជីវៈចម្រុះ ។

ជាមួយ​គ្នា​នេះ អាស៊ាន បាន​សន្យា​ខិតខំ​ប្រឹងប្រែង​ស្តារ​ឡើង​វិញ ការ​បាត់បង់ និង​ការ​រិច​រិល​ប្រព័ន្ធ​អេកូឡូស៊ី ក្រោយ​ជំងឺ​រាតត្បាត​ក​វ ជា​ពិសេស ការ​បន្ត​គាំទ្រ​ការងារ​របស់​មជ្ឈមណ្ឌល​អាស៊ាន សម្រាប់​ជីវៈចម្រុះ (ACB) ក្នុង​ការ​ជួយ​ដល់​រដ្ឋ​សមាជិក​អាស៊ាន ក្នុង​ការ​បញ្ជ្រាប​ការ​អភិរក្ស​ជីវៈចម្រុះ ទៅ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ផ្សេង​ៗ ការ​លើកកម្ពស់​ដំណោះស្រាយ​ផ្អែក​លើ​ធម្មជាតិ ដើម្បី​បង្កើន​ភាព​ធន់​របស់​តំបន់​ប្រឆាំង​នឹង​ជំងឺ​សត្វ ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​សម្របសម្រួល​របស់​អាស៊ាន ក្នុង​រួមចំណែក​ដល់​ក្របខ័ណ្ឌ​ជីវៈចម្រុះ​ពិភពលោក​ក្រោយ​ឆ្នាំ ២០២០ ។

ក្នុង​នាម​ប្រទេស​កម្ពុជា ជា​សមាជិក​របស់​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ជីវៈចម្រុះ រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលនយោបាយ​របស់​ក្រសួងបរិស្ថាន ក៏​ដូច​ជា​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ចូលរួម​ចំណែក​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ជា​ពិសេស​គឺ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​ជាមួយ​ពិភពលោក ដើម្បី​អនុវត្ត​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ជីវៈចម្រុះ ។

គោលដៅ​ជីវៈចម្រុះ​ជាតិ​របស់​កម្ពុជា បាន​បង្កើត​ឡើង ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ យុទ្ធសាស្ត្រ​និង​ផែនការ​យុទ្ធសាស្ត្រ​បរិស្ថាន​ជាតិ​ឆ្នាំ ២០១៦-២០២៣ និង​ផែនការ​យុ​ទញ​ធ​សាស្ត្រ​ជាតិ​សម្រាប់​គ្រប់គ្រង​តំបន់​ការពារ​ធម្ម​ចា​តិ​ឆ្នាំ​២០១៧-២០៣១ ។

កិច្ចការ​ស្នូល​របស់​ក្រសួងបរិស្ថាន គឺ​អភិរក្ស​ជីវចម្រុះ​ប្រកបដោយ​ចីរភាព ដែល​រហូត​មក​ទល់​ពេល​នេះ កម្ពុជា មាន​ទីតាំង​អភិរក្ស​ជីវៈចម្រុះ ជា​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ចំនួន ៧៦ ទីតាំង ស្មើនឹង ៤១%​នៃ​ផ្ទ​ដី​ប្រទេស ព្រមទាំង​បាន​ខិតខំ​ចុះបញ្ជី​ដីធ្លី និង​ការ​បោះ​បង្គោលព្រំ​តំបន់​ទាំងនោះ​។ កន្លង​មក ការ​បង្កើត​បាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ក៏​ជា​ចំណែក​មួយ​នៃ​ការ​ស្តារ​សេដ្ឋកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា ចូលរួម​អភិរក្ស​ជីវចម្រុះ​ផង​ដែរ ដូច​ជា ផ្កាអ័រគីដេ និង​កេសរ​កូ​ល​ព្រៃ​ជាដើម ។

ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន ក៏​បាន​កំពុង រៀបចំ​ឧទ្យាន​របស់​កម្ពុជា ទៅ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​មាន​កន្លែង​សម្រាក​សម្រាប់​មនុស្ស និង​ជម្រក​សម្រាប់​សត្វព្រៃ និង​ការ​រៀបចំ​បន្ទប់ទឹក​ជាដើម ដើម្បី​បង្ក​ភាព​ងាយស្រួល និង​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ និង​ធានា​បាន​ភាព​គង់វង្ស​ដល់​ការ​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ