ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ត្រី​សម្បូរ អ្នក​ប្រកប​របរ​ធ្វើ​ត្រីឆ្អើរ​សប្បាយ​រីករាយ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ពលរដ្ឋ​នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​មានមុខ​របរ​ទិញ​ត្រី​សម្រាប់​ធ្វើ​ត្រីឆ្អើរ​លក់​ឲ្យ​ឈ្មួញ បាន​បង្ហាញ​ពី​ទឹកចិត្ត​សប្បាយ​រីករាយ និង​កំពុង​មមាញឹក​ក្នុង​ការ​ឆ្អើរត្រី​គ្រប់​ៗ​គ្នា

ខេត្តកំពង់ឆ្នាំង ៖ ពលរដ្ឋ​នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​មានមុខ​របរ​ទិញ​ត្រី​សម្រាប់​ធ្វើ​ត្រីឆ្អើរ​លក់​ឲ្យ​ឈ្មួញ បាន​បង្ហាញ​ពី​ទឹកចិត្ត​សប្បាយ​រីករាយ និង​កំពុង​មមាញឹក​ក្នុង​ការ​ឆ្អើរត្រី​គ្រប់​ៗ​គ្នា ព្រោះ​ឆ្នាំ​នេះ​ពួក​គាត់​និយាយ​ថា សម្បូរ​ត្រី​ជាង​ឆ្នាំ​កន្លង​ទៅ ។

ពួក​គាត់​រៀបរាប់​ថា ពលរដ្ឋ​នៅ​ភូមិ​នេះ មានមុខ​របរ​មួយ​គឺ​ទិញ​ត្រី​សម្រាប់​ឆ្អើរ​លក់ និង​បោះ​ដុំ​ឲ្យ​ឈ្នួ​ញ​រៀង​រាល់​ឆ្នាំ ។ នៅ​ពេល​ដល់​ខែ​ត្រី​ត្រូវ គឺ​គ្រប់​ផ្ទះ​នីមួយ​ៗ​ចាប់ផ្ដើម​ទិញ​ត្រី​មក​ឆ្អើរ​គ្រប់​ៗ​គ្នា​។ ពួក​គាត់​និយាយ​ថា ៖ « ក្នុង​អំឡុង​ខ្នើត ខែបុស្ស​នេះ ផ្ទះ​នីមួយ​ៗ​ទិញ​ត្រី​ពី​១​តោន ទៅ​ជាង​២​តោន​ក្នុង​មួយ​ថ្ងៃ ហើយ​ជួល​កម្មករ​ដោត​ជា​ចង្កាក់​ឆ្អើរ​ទុក​សម្រាប់​លក់​ឲ្យ​ឈ្មួញ​មក​ពី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ។ គិត​មក​ដល់​ពេល​នេះ ផ្ទះ​ខ្លះ​ឆ្អើរ​បាន​៣​ទៅ​៥​ម៉ឺន​ក្រាស់ ប៉ុន្ដែ​មិន​ទាន់​មាន​ឈ្នួ​ញ​មក​យក​នៅឡើយ​ទេ ព្រោះ​ត្រី​ដែល​ឆ្អើរ​ឆ្អិន​នោះ​នៅ​មិន​ទាន់​ស្ងួត​ល្អ ទាល់តែ​ស្ងួត​ខ្លាំង ទើប​គេ​មក​ទិញ » ។

ដោយសារ​តែ​ឆ្នាំ​នេះ​សម្បូរ​ត្រី ធ្វើ​ឲ្យ​ពួក​គាត់​សប្បាយ​រីករាយ​គ្រប់​គ្នា ព្រោះ​របរ​ឆ្អើរត្រី​នេះ​បាន​ជួយ​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​មួយ​ចំណែក ។ ទោះបីជា​បែប​ណា ពួក​គាត់​ប្រាប់​ថា​៖ « ថ្វីបើ​ត្រី​សម្បូរ​មែន តែ​តម្លៃ​ក៏​ថ្លៃ​ដែរ ដូច​ជា​ត្រី​រៀល​ស្រស់ ថ្លៃ​ពី​២.៥០០​ទៅ​៣.៥០០​រៀល​ក្នុង​១​គីឡូក្រាម  ហើយ​ក្រោយ​ពេល​ឆ្អើរ​លក់​ចេញ​វិញ ១​ចង្កាក់​ថ្លៃ​២.៥០០​រៀល » ។

យ៉ាងណា​ក៏​ដោយ ពួក​គាត់​បាន​សំណូមពរ​ដល់​បងប្អូន​ទាំងអស់​សូម​ជួយ​គាំទ្រ​ត្រីឆ្អើរ​របស់​ខ្មែរ​ដែល​ជា​ត្រី​ទន្លេ​ពិត​ៗ មិន​នាំ​ចូល​ពី​បរទេស​ដែល​មាន​ជាតិ​គីមី​ឡើយ។

លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ត្រី​ត្រូវ​កន្លង​ទៅ គឺ​ចាប់ពី​ថ្ងៃ​ទី​៣ មក​រា កន្លង​មក​ត្រី​រៀល ត្រី​លិញ​សម្រាប់​ធ្វើ​ប្រហុក និង​ឆ្អើរ​លក់ ចាប់ផ្តើម​សម្បូរ​ជាង​ឆ្នាំ​មុន ដោយ​ក្នុង​មួយ​ថ្ងៃ​ប្រជា​នេសាទ​អាច​ចាប់​បាន​ជិត​៣០០​តោន ។ សព្វថ្ងៃ អ្នកនេសាទ​មាន​ជាង​២​ពាន់​ទូក​ដែល​កំពុង​បណ្តែត​មង​ក្នុង​ទន្លេ គ្រប់កន្លែង​ក្នុង​ខេត្តកំពង់ឆ្នាំង ។ ទោះបី​បែប​នេះ​ក្តី ផល​ត្រី​បាន​ថមថយ​វិញ​នៅ​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩ មក​រា ហើយ​សង្ឃឹមថា ត្រី​នឹង​ត្រូវ​ម្ដងទៀត​នៅ​ខ្នើត​ខែ​ក្រោយ ៕