ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កាត់ដេរ​កម្ពុជា​ក្នុង​ឆ្នាំ​2017​នេះ​រំពឹង​មាន​កំណើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ជាង​១០០​ត្រូវ​បាន​បិទ ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​ថមថយ ឬ​ធ្លាក់​ចុះ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ នៅ​ឆ្នាំ​២០១៧​នេះ​រំពឹង​ថា នឹង​ទទួល​បាន​កំណើន​លើស​ឆ្នាំ​មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ជាង​១០០​ត្រូវ​បាន​បិទ ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​ថមថយ ឬ​ធ្លាក់​ចុះ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ នៅ​ឆ្នាំ​២០១៧​នេះ​រំពឹង​ថា នឹង​ទទួល​បាន​កំណើន​លើស​ឆ្នាំ​មុន ដោយសារ​រោងចក្រ​បើក​ថ្មី​ក៏​មាន​ចំនួន​ច្រើន​ដែរ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ​២០១៥ មាន​រោងចក្រ​ចំនួន​៧៧​ត្រូវ​បាន​បិទ និង​មាន​រោងចក្រ​បើក​ថ្មី​ចំនួន​៤៣ ហើយ​នៅ​ឆ្នាំ​២០១៦ មាន​រោងចក្រ​បិទទ្វារ​ចំនួន​១៤១ និង​បាន​បើក​ថ្មី​វិញ​ចំនួន​១៤៩​រោងចក្រ​ដែរ ។ បើ​ប្រៀបធៀប​នឹង​ស្ថានភាព​នៅ​ឆ្នាំ​២០១៥ គឺ​អាច​អវិជ្ជមាន​ជាង​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ​រំពឹង​ថា វិស័យ​កាត់ដេរ​នៅ​មាន​លទ្ធភាព​ទទួល​បាន​កំណើន បើ​ទោះបី​កំណើន​នេះ​អាច​មានការ​ថយ ឬ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៦ ប៉ុន្តែ​វា​មិន​ទាន់​ជា​អវិជ្ជមាន​នៅឡើយ​ទេ ។

លោក ហេង សួរ បន្ដ​ថា ៖ « ចំនួន​រោងចក្រ​បាន​បិទ​នៅ​ក្នុង​ឆ្នាំ​២០១៦ វា​ច្រើន​ជាង​ឆ្នាំ​២០១៥ បង្កើត​ជា​កង្វល់​មួយ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ប៉ុន្តែ​ចំនួន​រោង​ចក្រ​ដែល​បើក​នៅ​ឆ្នាំ​២០១៦ ក៏​វា​ច្រើន​ជាង​ឆ្នាំ​២០១៥​ដែរ ។ បើ​យើង​ធ្វើ​សមតុល្យ​ទៅ​ឃើញ​ថា ការ​បើក​និង​បិទ​រោងចក្រ​នេះ​មាន​សមតុល្យ​នឹង​គ្នា​នៅឡើយ អីចឹង​បង្ហាញ​ឱ្យ​ឃើញ​ថា ចំនួន​រោងចក្រ​ដែល​បើក​នៅ​មាន​ច្រើន​ជាង​រោងចក្រ​បិទ » ។

លោក​បន្ថែម​ថា ក្រៅពី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ផលិត​ស្បែកជើង​នេះ ក៏​មាន​សហគ្រាស​ជាង​៤៦០​ផ្សេង​ទៀត​បាន​បើក​ថ្មី​នៅ​ឆ្នាំ​២០១៦ អីចឹង​ហើយ​ធ្វើ​ឱ្យ​សមតុល្យ​នៃ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​អាច​រក្សា​បាន​សម្រាប់​អ្នក​ស្វែងរក​ការងារ​ធ្វើ មិន​បាន​បង្ក​ជា​ការ​ព្រួយបារម្ភ និង​ជា​រឿង​អវិជ្ជមាន​ឡើយ ។

ពាក់ព័ន្ធ​នឹង​វិស័យ​កាត់ដេរ​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ធ្លាប់​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​មើល​មិន​ទាន់​ឃើញ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ។ ដូច​យើង​បានដឹង​ហើយ​ថា វិស័យ​កាត់ដេរ​នេះ​បាន​បន្ថែម​នូវ​វិស័យ​កាត់ដេរ​កាបូប​សម្រាប់​ធ្វើ​ដំណើរ​ឃើញ​ថា មាន​សក្តានុពល​ខ្ពស់ ។ វិស័យ​កាត់ដេរ​ខាង​កាបូប​នេះ​ជំរុញ​ឱ្យ​ការ​កាត់ដេរ​ទូទៅ​កើនឡើង​នូវ​តម្លៃបន្ថែម នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ដោយ​មិន​កំណត់​បរិមាណ និង​មិន​ជាប់ពន្ធ » ។

លោក​បន្ត​ថា ៖ « យើង​កំពុង​រៀបចំ​វិស័យ​នេះ​ឱ្យ​បាន​រឹង​មាំ និង​បន្ត​ជំរុញ​បន្ថែម ។ ចំពោះ​ខ្ញុំ វិស័យ​កាត់ដេរ​កាបូប​នេះ​ជា​វិស័យ​ពិសេស​មួយទៀត មិនមែន​ជា​ការ​ប្តូរ​ពី​វិស័យ​កាត់​ខោអាវ ទៅ​កាត់​កាបូប​នោះ​ទេ ។ ដូច្នេះ វិស័យ​កាត់ដេរ​កាបូប​នឹង​មានការ​ផ្សារ​ភ្ជាប់​គ្នា ព្រោះ​រោងចក្រ​ខ្លះ​មាន​ទាំង​កាត់ដេរ និង​កាត់​កាបូប​។ វិស័យ​កាត់ដេរ​នៅ​កម្ពុជា នៅ​ថ្ងៃ​ខាង​មុខ​អាច​នឹង​ធំធាត់​បន្ត​ទៅ​ទៀត ដោយសារ​សព្វ​ថ្ងៃនេះ កម្ពុជា​មាន​តែ​កាត់​និង​ដេរ ហើយ​នៅ​ថ្ងៃក្រោយ​នឹង​មាន​ទាំង​ការ​រចនា​ម៉ូ​ដ ក្រៅពី​ការ​កាត់ និង​ដេរ » ៕