ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​សិល្បៈ​គង​របស់​ជនជាតិ​ដើម​ភាគតិច​ខេត្តរតនគិរី

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ មហោស្រព​សិល្បៈ​គង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក​ប៊ូ ថង ប្រធាន​គណៈកម្មការ​ទី​៤​ព្រឹទ្ធសភា និង​លោក​ថង សា​វុន អភិបាលខេត្ត​រតនគិរី ។ មហោស្រព «​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​សម្តេច​តេ​ជោ​សែន

ខេត្តរតនគិរី ៖ មហោស្រព​សិល្បៈ​គង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក​ប៊ូ ថង ប្រធាន​គណៈកម្មការ​ទី​៤​ព្រឹទ្ធសភា និង​លោក​ថង សា​វុន អភិបាលខេត្ត​រតនគិរី ។ មហោស្រព «​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​សម្តេច​តេ​ជោ​សែន កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក​អ៊ុ​ក សុ​ជាតិ រដ្ឋលេខាធិការ​តំណាង​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក​ថង សា​វុន អភិបាលខេត្ត​រតនគិរី ។ មហោស្រព​នេះ​មានការ​ចូលរួម​ពី​ក្រុម​សិល្បៈ​គង​ចំនួន​៨​ក្រុម​ពី​ស្រុក​-​ក្រុង​ទាំង​៩ ។

លោក​អភិបាលខេត្ត​ថ្លែង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​មហោស្រព​សិល្បៈ​គង​ជនជាតិ​ដើម​ភាគតិច​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ថែរក្សា​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជនជាតិ​ដើម​ភាគតិច នៅ​ខេត្តរតនគិរី​កុំឱ្យ​បាត់បង់ ខណៈ​បច្ចុប្បន្ន​សម្ភារ​និយម សម័យនិយម​បាន​និង​កំពុង​វាយលុក​សហគមន៍​ជនជាតិ​ដើម​ភាគតិច ។

លោក​ថង សា​វុន ជំរុញ​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​ក្នុង​ខេត្ត​ត្រូវ​ខិតខំ​ប្រឹងប្រែង​រិះរក​បទ​ភ្លេង និង​បទ​ចម្រៀង ថ្មី​ៗ​សម្រាប់​ចូលរួម​មហោស្រព​ឆ្នាំ​ក្រោយ ជា​ពិសេស​ត្រូវ​បង្ហាត់​ដល់​យុវជន យុវនារី​ក្នុង​សហគមន៍​ឱ្យ​ចេះ​សិល្បៈ​គង​ដើម្បី​អភិរក្ស​ឱ្យ​មាន​និរន្តរភាព ។

ក្នុង​ពិធី​បើក​មហោស្រព​សិល្បៈ​គង​ជនជាតិ​ដើម​ភាគតិច​នោះ​លោក​អ៊ុ​ក សុ​ជាតិ ជំរុញ​ឱ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ធ្វើ​យ៉ាងណា​បំផុស​យន្តការ​អភិរក្ស​សិល្បៈ​គង​ឱ្យ​បាន​ទូលំទូលាយ​ដល់​ជនជាតិ​ដើម​ភាគតិច និង​យុវជន ជំនាន់​ក្រោយ​ឱ្យ​បាន​ផុសផុល ។

បន្ទាប់​ពី​ប្រឡង​រយៈពេល​ពេញ​១​ព្រឹក ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​ក្រុម​សិល្បៈ​គង​ស្រុក​អូរ​ជុំ ។ ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​ស្រុក​វ៉ើ​ន​សៃ ។ ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុង​បាន​លុង ។ ជ័យ​លា​ភី​ទាំង​៣​ក្រុម​បាន​ទទួល​រង្វាន់​លើកទឹកចិត្ត​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ដែល​មាន​លោក​ប៊ូ ឡាំ  តំណាងរាស្ត្រ​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​ពិន្ទុ លោក​ថង សា​វុន អភិបាលខេត្ត និង​លោក​រដ្ឋលេខាធិការ​ផង​ដែរ ៕