ព័ត៌មាន​ជាតិ » សន្ដិសុខ​សង្គម

បង្ក្រាប​ក្រុម​ក្មេង​សេព​គ្រឿងញៀន​បាន​២៤​នាក់​បញ្ជូន​ទៅ​តុលាការ

ដោយ ៖ ណុប រក្សា   

ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ ម៉ោង ០៩:៣៥   (11-01-2017 09:35)

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កម្លាំង​នគរបាល​ការពារ និង​អន្តរាគមន៍ និង​កម្លាំង​នគរបាល​ការិយាល័យ​សន្តិសុខ បាន​ចុះ​បង្ក្រាប​ករណី​ក្រុម​ក្មេង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ង៉េ​ង សុ​ជា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​ករណី​ក្រុម​ក្មេង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ និង​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​សរុប​ចំនួន​២៤​នាក់ រួម​ទាំង​ដកហូត​សម្ភារៈ​វត្ថុ​តាង​មួយ​ចំនួន នៅ​ចំណុច​ក្បែរ​ស្ថានីយ​រថយន្ត​ភ្លើង ស្ថិត​ក្នុងភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ ស្នងការ​រង ទទួល​ផែន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស បាន​ឲ្យ​ដឹង​ថា ឆ្លង​តាម​ការ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​ស្វែងរក​នូវ​សារធាតុ​ញៀន ជា​លទ្ធផល​ឃើញ​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្នុង​ទឹកនោម​ទាំង​២៤​នាក់ ។ ចំពោះ​ក្រុម​ក្មេង​ទាំង​២៤​នាក់​នេះ រួម​ទាំង​សម្ភារៈ​វត្ថុ​តាង កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ហើយ ដើម្បី​មាន​វិធានការ​តាម​និ​តិ​វិធី​ច្បាប់ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា នេះ​គឺជា​ករណី​បើក​យុទ្ធនាការ​ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ សកម្មភាព​នេះ​កម្លាំង​នគរបាល​ជំនាញ ក៏​ដូច​ជា​នៅ​តាម​បណ្តា​ស្រុក​-​ក្រុង និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក បាន​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បន្តា​យ​មាន​ជ័យ គឺ​យើង​ធ្វើ​ឲ្យ​ដូច​ជា​ភ្លៀងរលឹម ៕