ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​កំណាច​១​ក្បាល ដេញ​ជល់​អ្នកស្រុក​ផ្អើល​ពេញ​ភូមិ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចាស់​ក្មេង​៣​នាក់ បាន​រង​របួសធ្ងន់​ស្រាល​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ ដោយសារ​គោ​១​ក្បាល​ក្នុង​ហ្វូង​មួយ​ដេញ​ជល់

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចាស់​ក្មេង​៣​នាក់ បាន​រង​របួសធ្ងន់​ស្រាល​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ ដោយសារ​គោ​១​ក្បាល​ក្នុង​ហ្វូង​មួយ​ដេញ​ជល់ ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។ ហេតុការណ៍​ដ៏​កម្រ និង​ចម្លែក​នេះ បាន​កើតឡើង​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ​ដោយសារ​គោ​ដេញ​ជល់​នេះ​គេ​ស្គាល់​អត្តសញ្ញាណ​ច្បាស់​តែ​ស្ត្រី​ចំណាស់​ម្នាក់​ប៉ុណ្ណោះ​គឺ​ឈ្មោះ ឡោ សុត អាយុ​៧៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

ចំណែក​២​នាក់​ទៀត ម្នាក់​ជា​ក្មេង​ប្រុស​អាយុ​ប្រហែល​១០​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ប្រពន្ធ​លោក មុំ ម៉ា​រិ​ន មេ​ភូមិ​សាមគ្គី​មាន​ជ័យ​។ ស្ត្រី​ចំណាស់​ឈ្មោះ​ឡោ សុត ត្រូវ​គោ​ដេញ​ជល់​ចំ​ទ្រូង បន្ទាប់​មក​ចំ​កំភួនជើង​ឆ្វេង​ដេរ​ជា​ច្រើន​ថ្នេរ​។ អ្នកស្រុក​និយាយ​ថា គោ​ខាងលើ ក្រោយ​ពី​ដេញ​ជល់​ស្ត្រី​ចំណាស់​ឲ្យ​របួស​រួច​មក ក៏​បន្ត​ទៅ​ដេញ​ជល់​ក្មេង​ប្រុស​ដួល​លើ​ពំនូក​ខ្សាច់​ថែម​ទៀត ប៉ុន្តែ​ត្រូវ​អ្នកស្រុក​ជួយ​ទាន់​។ ចំណែក​ប្រពន្ធ​លោក​មេ​ភូមិ​ក៏​ត្រូវ​បាន​គោ​ដដែល​ដេញ​ជល់​គ្រេចដៃ​តែ​ត្រូវ​លោក​មេ​ភូមិ​ជួយ​ទាន់​។

គោ​កំណាច​១​ក្បាល​នេះ​ក្រោយ​បង្ក​របួស​ដល់​អ្នកស្រុក ដំបូង​គ្មាន​នរណា​ហ៊ាន​ចូលចាប់​ទេ​ព្រោះ គ្រាន់​ទៅ​ជិត​ក៏​មិន​បាន​ផង​។ ដោយសារ​គោ​នោះ​គ្មាន​ក្រ​ឡុះ ឬ​ខ្សែ​ហើយ​គ្រប់​គ្នា​ចង់បាន​ភស្តុ​តាង​ជាក់ស្តែង​អ្នកស្រុក​បាន​ប្រើ​ឧបករណ៍​សំណាញ់​គ្រប​អីវ៉ាន់​លើ​រថយន្ត​ទៅ​បោះ​គ្រប​លើ​គោ​នោះ​ទើប​ចាប់​បាន​ចងខ្សែ​វិញ​។ ប្រភព​ថា ហ្វូងគោ​អនាធិបតេយ្យ​នោះ ជា​របស់​គ្រួសារ​មួយ​ប្តី​ជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ គេ​ឃើញ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​តម្នាក់ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​សួរនាំ​គ្រួសារ​អ្នក​រង​គ្រោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ហ្វូងគោ​ជា​ច្រើន​ត្រូវ​បាន​គេ​លែង​ចោល​ឲ្យ​ដើរ​ដេក​អនាធិបតេយ្យ​ពាស​វាល​ពាស​កាល ធ្វើ​ឲ្យ​អ្នកដំណើរ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ចរាចរណ៍ ខណៈ​អ្នកខ្លះ​ក្តៅក្រហាយ​ហ្វូងគោ​ស៊ី​ផលដំណាំ ឯ​គ្រួសារ​ខ្លះ​ទៀត​ខឹង​នឹង​ហ្វូងគោ​ដេក និង​ជុះ​អាច​ម៌​ដាក់​មុខ​ផ្ទះ​ជា​រៀង​រាល់​ព្រឹក​។ គេ​ពុំ​ដឹង​ថា​ម្ចាស់​ហ្វូងគោ​ទាំងនោះ​មាន​ខ្នងបង្អែក  ឬ​ពាក់​ផ្កាយ​ប៉ុន្មាន​ទេ ទើប​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​ហ៊ាន​ប៉ះ​បណ្តោយ​ឲ្យ​កើត​មាន​ជា​បន្តបន្ទាប់ និង​រង​ការ​រិះគន់​ពី​អ្នកស្រុក​យ៉ាង​ដូច្នេះ​៕