ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួរីស​ដឹកឈើ​គ្រញូង​ជាប់អន្ទាក់​សមត្ថកិច្ច​នៅ​ស្រុក​ក្រគរ

15 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​រថយន្តដឹក​​ជញ្ជូន​បទ ល្មើស​​ព្រៃឈើ​មួយ​គ្រឿង​​​បានត្រូវ​នគរបាល​​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច​​ក្រសួងមហាផ្ទៃ​​សហ​ការ​ជាមួយ​​មន្ត្រី​​​មេព្រៃ​​ ចាប់ឃាត់​​នៅ​​ចំណុច​​ភូមិ​​​ឈើ​​ទាលខ្ពស់ ឃុំក្បាល​ត្រាច ស្រុកក្រគរ ​​​កាល​ពី​ថ្ងៃទី​​​៧ មីនា ​ឆ្នាំ​២០១១ ​វេលាម៉ោង​​​​៤ទៀប​ភ្លឺ ​ខណៈ​​ពេល​កំពុងធ្វើដំណើរ​​លើផ្លូវ​​ជាតិលេខ​​៥ ​​ក្នុងទិសដៅ​​ពី​បាត់ដំបង​ទៅភ្នំពេញ។​

សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង​​​៤ទៀប​ភ្លឺ​​​ថ្ងៃទី​៧ មីនា ​បន្ទាប់ពី​ភ្នាក់ងារ​​ផ្តល់​ព័ត៌​មាន​​ថា មាន​រថយន្តទួរីស​​​១២កៅអី ​ពណ៌ទឹក​ប្រាក់​ ពាក់​ស្លាកលេខ បាត់ដំបង 2A-3977 លួចដឹក​​បទ​​ល្មើសព្រៃ​ឈើ​ភ្លាម​​​ កម្លាំង​​​នគរបាល​​ប្រឆាំង​​បទ​ល្មើស​​​សេដ្ឋកិច្ច​​ក្រសួងសហការ​ជាមួយ​មន្ត្រី មេ​ព្រៃ​​ដែល​​ចល័ត​​លើ​ផ្លូវជាតិ​​លេខ​៥ បាន​​ស្ទាក់ និ​ង​បើក​​ប្រដេញ​តាម​ក្រោយ​ជាប់​រហូត ។ ​លុះ​ទៅ​ដល់​ចំណុច​​ភូមិ​ឈើ​ទាល​ខ្ពស់ ឃុំ​ក្បាល​​ត្រាច ស្រុកក្រគរ អ្នកបើក​​បរ​មិនស្គាល់​​​​ឈ្មោះ​ ទំនង​ជា​​​ដឹង​ខ្លួន​ក៏​អែប​រថយន្ត​​ឈប់​ក្បែរ​ចិញ្ចើម​​​ថ្នល់​ទុក​​ចោល​នៅទីនោះ​​ រួចហើយ​បើកទ្វារ​ចេញ​​គេច​ខ្លួនបាត់​ ។ ​ភ្លាមៗ​នោះ​​ សមត្ថកិច្ច​​​យើង​បាន​​អូស​​​រថយន្ត​យកមក​​រក្សាទុកនៅ​ផ្នែក​​រដ្ឋបាល​ព្រៃ​ឈើ​​​​ក្រគរ និង​បានបើក​​ត្រួត​ពិនិត្យ​មើល​ក្នុង​​​​រថយន្ត​ឃើញ​​មានផ្ទុក​​ឈើគ្រញូង​ ​​ចំនួន​​១៥៩​ដុំ ​មានទម្ងន់​​ស្មើ​នឹង​​​៣២៦​គីឡូក្រាម ។​

ប្រភព​ព័ត៌​មាន​​និយាយ​ថា ពេលសមត្ថកិច្ច​​ចាប់​ឃាត់​​​​​យកមក​រក្សាទុក​នៅផ្នែក​​រដ្ឋបាល​​ព្រៃ​ឈើ​​ក្រគរ​នោះ ​គេឃើញ​​បុរស​ម្នាក់​ជិះ​រថយន្ត​​ម៉ាក​ឡិចស៊ីស​​​ ពណ៌ស្ករ ​ដែលគេស្គាល់​​​ថា ជា​មន្ត្រី​​​ប៉េអឹម​​​ខេត្តកំពង់ឆ្នាំង បាន​មក​​ធានា​ដោះ​ស្រាយ​​ដើម្បី​យក​រថយន្តទៅ​វិញ ប៉ុន្តែ​សមត្ថ​កិច្ច​​ខាង​ខេត្ត​​ពោធិ៍សាត់​​​មិនយល់​ព្រម​ ដោយសារ​​បំពេញ​​បែបបទ​តាមនីតិ​វិធី​គេ​ដឹង​ឮ​អស់​ទៅ​ហើយ ។ ប្រភពដដែល​​និយាយទៀត​ថា ​សព្វថ្ងៃ​​ឈើ​​ប្រណីត​ពិសេស​​ប្រភេទគ្រញូង ​បេង នាង​នួន អស់​ពី​ក្នុង​​ព្រៃ​​ហើយ បើ​សិន​​ជា​​សំបូរ​​ដូចមុន​វិញ ​មិនដឹង​ជា​ឈ្មួញ​​​ឈើ​សប្បាយ​​​ដឹក​ជញ្ជូន​យ៉ាង​​ណា​​ទេ ខណៈ​ពេលដែល​​អតីតព្រះ​​រាជ​អាជ្ញា​​​កំពុង​ជាប់​​​ឃុំក្នុង​ពន្ធនាគារ​​នោះ​៕​