ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​១​កំពុង​បន្ត​តំណែង​ជំនាន់​ទី​៤ ជិត​៤០​ឆ្នាំ​មិន​​ព្រម​បោះបង់ ទោះ​ទីផ្សារ​ធ្លាក់​ថ្លៃ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បាត់ដំបង

មុខរបរ​ធ្វើ​សំបក​ណែម​លក់ គឺជា​មុខរបរ ត​ត្រកូល​របស់​គ្រួសារ​ខ្ញុំ បន្ត​៣​ជំនាន់​មក​ហើយ ហើយ​សព្វ​ថ្ងៃនេះ ខ្ញុំ​កំពុង​បន្ត​គ្រប់គ្រង​ជំនាន់​ទី​៤​។ បើ​គិត​មក​ដល់​ថ្ងៃនេះ ខែ​នេះ ឆ្នាំ​នេះ គ្រួសារ​ខ្ញុំ​បាន​បន្ត​តំណែង​មុខរបរ ត​ត្រកូល​ជំនាន់​ទី​៤​នេះ បាន​រយៈពេល​ជិត

ខេត្តបាត់ដំបង ៖ មុខរបរ​ធ្វើ​សំបក​ណែម​លក់ គឺជា​មុខរបរ ត​ត្រកូល​របស់​គ្រួសារ​ខ្ញុំ បន្ត​៣​ជំនាន់​មក​ហើយ ហើយ​សព្វ​ថ្ងៃនេះ ខ្ញុំ​កំពុង​បន្ត​គ្រប់គ្រង​ជំនាន់​ទី​៤​។ បើ​គិត​មក​ដល់​ថ្ងៃនេះ ខែ​នេះ ឆ្នាំ​នេះ គ្រួសារ​ខ្ញុំ​បាន​បន្ត​តំណែង​មុខរបរ ត​ត្រកូល​ជំនាន់​ទី​៤​នេះ បាន​រយៈពេល​ជិត​៤០​ឆ្នាំ​ហើយ តែ​ខ្ញុំ​មិន​បោះបង់​វា​ចោល​ទេ បើ​ទោះជា​ខ្ញុំ​ទទួល​បាន​ចំណូល​តិច​តូច​ក្ដី ព្រោះ​វា​ជា​មុខរបរ​កេរ្តិ៍​តំណែល​ដូច​តា​»​។ នេះ​ជា​ការ​លើក​ឡើង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក សុខ ចាប ជា​សមាជិក​ក្នុង​គ្រួសារ​ផលិត​សំបក​ណែម​ដ៏​វ័យ​ចំណាស់​បំផុត​មួយ ក្នុង​ចំណោម​អ្នក​ភូមិ​ដូច​ទាវ ដែល​មាន​ប្រវត្តិ​ផលិត​សំបក​ណែម រាប់រយ​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ដែល​លោក​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី ០៧ ខែសីហា ឆ្នាំ​២០២២ នៅ​កន្លែង​ដែល​លោក​កំពុង​មមាញឹក​ធ្វើ​សំបក​ណែម​។

ស្ថិត​ក្នុង​វ័យ​៦០​ឆ្នាំ លោក សុខ ចាប បាន​និយាយ​ថា កាលពី​ជាង​១០​ឆ្នាំ​មុន អ្នក​ភូមិ​ដូនទាវ យ៉ាងតិច​ចន្លោះ​ពី​៥០​ទៅ​៦០​គ្រួសារ បាន​ប្រកប​មុខរបរ​ធ្វើ​សំបក​ណែម បែប​ប្រពៃណី​នេះ​លក់ ហើយ​ពេញ​និយម​បំផុត​។ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ អ្នក​ធ្វើ​សំបក​ណែម​នៅ​ភូមិ​ដូនទាវ នៅ​សេសសល់​ស្ទើរ​មិន​ដល់​២០​គ្រួសារ​ផង ដែល​កំពុង​ប្រកប​របរ​ធ្វើ​សំបក​ណែម​នេះ ដោយសារ​តែ​ទីផ្សារ​សំបក​ណែម កាន់តែ​រួម​តូច​ចង្អៀត ខណៈ​វត្ថុធាតុដើម​កាន់តែ​ឡើងថ្លៃ​។ ប៉ុន្តែ​យ៉ាងណា គ្រួសារ​លោក​នៅ​តែ​តស៊ូ​រក្សា​មុខរបរ​នេះ​ដដែល ព្រោះ​វា​ជា​មុខរបរ​កេរ្តិ៍​តំណែល​ដូនតា​ច្រើន​ជំនាន់​មក​ហើយ បើ​ទោះជា​លោក​ទទួល​បាន​ប្រាក់​ចំណូល​តិច​តូច​ក្ដី​។

លោក សុខ ចាប បាន​ថ្លែង​ដូច្នេះ​ថា « នេះ​ជា​ការ​បន្ត​តំណែង​ជំនាន់​ទី​៤ នៃ​ការ​ធ្វើ​សំបក​ណែម របស់​ក្រុម​គ្រួសារ​ខ្ញុំ​តាំងពី​ដូនតា​រហូត​មក​។ ខ្ញុំ​បាន​ចាប់ផ្ដើម​បន្ត​មុខរបរ​បែប​ប្រពៃណី​នេះ​ជា​ថ្មី នៅ​ឆ្នាំ​១៩៨៣ ក្រោយ​ថ្ងៃ​រំដោះ ០៧​មក​រា ឆ្នាំ​១៩៧៩​។ បើ​គិតដល់​សព្វ​ថ្ងៃនេះ គ្រួសារ​ខ្ញុំ​បាន​គ្រប់គ្រង​មុខរបរ ត​ត្រកូល​ជំនាន់​ទី​៤ នេះ​បាន​រយៈពេល​ជិត​៤០​ឆ្នាំ​កន្លង​មក​ហើយ​»​។

នៅ​ពេល​សួរ​ថា តើ​កាក់កប​ទេ មុខរបរ​ផលិត​សំបក​ណែម​របស់​លោក​ជិត​៤០​ឆ្នាំ​កន្លង​មកនេះ?
ដំបូង​គាត់​ក្រ​វី​ក្បាល តែ​គាត់​បាន​ព្យាយាម​ផ្ដល់​ចម្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​យ៉ាង​ដូច្នេះ​ថា «​បើ​និយាយ​ពី​ផល​ចំណូល​ពី​ការ​ធ្វើ​សំបក​ណែម​នេះ បាន​ត្រឹមតែ​ទប់ទល់​សម្រាប់​កូន​ៗ​រៀនសូត្រ និង​សម្រាប់​ជីវ​ភាព​គ្រួសារ​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ​។ ពិតមែនតែ​ខ្ញុំ​បាន​ប្រកប​មុខរបរ​នេះ​ជិត​៤០​ឆ្នាំ​ហើយ បន្ត​ពី​ដូនតា តែ​រហូត​ដល់​សព្វ​ថ្ងៃនេះ មិន​មាន​សេសសល់​អ្វី​ជា​ដុំ​កំភួន​ទេ តែ​ធ្វើ​ម៉េច​បើ​វា​ជា​មុខរបរ​ដែល​អ្នក​ភូមិ​ដូន​ទាវ​និយម​ធ្វើ​វា​។ ម្យ៉ាង​វា​ជា​មុខរបរ​បែប​ប្រពៃណី ត​វង្ស​ត្រកូល​តាំងពី​ដូនតា​យើង​មក ចេះ​តែ​តស៊ូ​អភិ​រ​ក្ស​វា​ទៅ គ្រាន់​បាន​កូនចៅ​ជំនាន់​ក្រោយ​ៗ​បានឃើញ បានដឹង និង​គ្រាន់​បាន​ភ្ញៀវ​បរទេស​មក​មើល​កំសាន្ត​ផង បើ​ទោះជា​វា​ផ្ដល់​ផល​ចំណេញ​តិច​តូច​ក្ដី​»​។

បើ​តាម​ប្រវត្តិ នៃ​ការ​ផលិត​សំបក​ណែម គឺ​មាន​តែ​អ្នក​ភូមិ​ដូនទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ មួយ​កន្លែង​​ប៉ុណ្ណោះ នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​និយម​ធ្វើ​នំ​សំបក​ណែម​នេះ​លក់ ឬ​សម្រាប់​ទទួលទាន​ក្នុង​គ្រួសារ​។ អ្នក​ភូមិ​ដូនទាវ មាន​ប្រវត្តិ​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង ធ្វើ​សំបក​ណែម​នេះ​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ និង​បាន​ក្លាយជា​មុខរបរ​បែប​ប្រពៃណី ត​កូន ត​ចៅ ច្រើន​ជំនាន់ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ ប៉ុន្តែ​ដោយសារ​តែ​សម័យ​បច្ចុប្បន្ន​នេះ ជា​សម័យ​ទំនើប ជឿនលឿន​ស្ទើរ​គ្រប់​វិស័យ ទាំង​ចំណីអាហារ ទាំង​សម្ភារៈ​ប្រើប្រាស់ ហើយ​បន្ថែម​កាន់តែ​ធ្ងន់ ដោយ​ខ្វះ​ការ​ជួយ​ជ្រោមជ្រែង និង​ខ្វះ​ការ​ជួយ​អភិរក្ស​ពី​មន្ត្រី​ជំនាញ ឬ​ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ផង ទើប​ធ្វើ​ឲ្យ​មុខរបរ ត​ត្រកូល​បែប​ប្រពៃណី​របស់​អ្នក​ភូមិ​ដូនទាវ កាន់តែ​រៀវ​ស្តូ​ច ស្ទើរតែ​បាត់បង់​កេរ្តិ៍ឈ្មោះ​នា​សម័យកាល​នេះ​។

លោក សុខ ចាប បាន​និយាយ​បន្ត​ថា តាម​ពិត​អ្នក​ភូមិ​ដូនទាវ ច្រើន​គ្រួសារ​ណាស់ បាន​ប្រកប​មុខ​របរ​ធ្វើ​សំបក​ណែម​នេះ​កាលពី​ជាង​១០​ឆ្នាំ តែ​សព្វ​ថ្ងៃនេះ​នៅ​សេសសល់​ស្ទើរ​មិន​ដល់​២០​គ្រួសារ​ផង ដែល​កំពុង​ប្រកប​របរ ត​ត្រកូល​នេះ​។

លោក​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ សំបក​ណែម កាន់តែ​ធ្លាក់​ថ្លៃ​ទៀត ចាប់តាំងពី​ដើមឆ្នាំ​នេះ​រហូត​មក​។ កាលពី​ឆ្នាំទៅ​មិ​ញ សំបក​ណែម​១០០​សន្លឹក ថ្លៃ​៧០០០​រៀល តែ​បច្ចុប្បន្ន​សំបក​ណែម​១០០​សន្លឹក ធ្លាក់​ថ្លៃ​ត្រឹម​៦០០០​រៀល តែ​វត្ថុធាតុដើម​សម្រាប់​ធ្វើ​សំបក​ណែម បែរជា​ឡើងថ្លៃ​មិន​ចុះ​សោះ​។ ពោល​គឺ​សំបក​ណែម​របស់​អ្នក​ភូមិ​ដូនទាវ ចាប់​ធ្លាក់​ថ្លៃ នៅ​ក្នុងអំឡុងពេល​សាំង​ចាប់ផ្ដើម​ឡើងថ្លៃ ហើយ​អង្ករ និង​ទំនិញ​ផ្សេង​ៗ​ក៏​ឡើងថ្លៃ តែ​សំបក​ណែម​បែរជា​ចុះថោក​។

នៅ​ពេល​សួរ​ថា លោកពូ​បាន​លើក​ឡើង​ថា មុខរបរ ត​ត្រកូល​នេះ គ្រួសារ​លោក​បាន​ធ្វើ​អស់​រយៈពេល​ជិត​៤០​ឆ្នាំ​មក​ហើយ តែ​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ជា​ដុំ​កំភួន​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ទេ ចុះ​មូលហេតុ​អ្វី​បានជា​លោក​មិន​ផ្លាស់​ប្ដូរ​មុខរបរ?

គាត់​បាន​ងាក​មក​ញញឹម​ទាំង​បង្ហាញ​ទឹកមុខ​រឹង​មាំ ក្នុង​សំដី​រូស​រាយ​រាក់ទាក់ នៅ​ចំពោះ​មុខ​ភ្ញៀវ​បរទេស​ប៉ុន្មាន​នាក់ ដែល​កំពុង​ទស្សនាការ​ផលិត​សំបក​ណែម​របស់​គាត់ យ៉ាង​ដូច្នេះ​ថា « ពិតមែន​តែ​រក​ចំណូល​បាន​តិចតួច តែ​វា​ជា​មុខរបរ​ដែល​ខ្ញុំ​បាន​ផ្ដូ​ច​ផ្ដើម​ជិត​៤០​ឆ្នាំ​កន្លង​មកនេះ បន្ត​ពី​ជីដូន ជីតា​ខ្ញុំ ដូច្នេះ​ខ្ញុំ​ចេះ​តែ​តស៊ូ​ថែរក្សា​កេរ្ដិ៍​តំណែល​នេះ​ទៅ​»​។

ក្រោម​ដំបូល​ស័ង្កសី​សំ​យ៉ាប​ផ្ទះ ជាមួយនឹង​ផ្សែង​អ័​ព្វ​ខ្មៅ​ហុយ​ចេញពី​ចង្ក្រាន​ដុត​អង្កាម ស្ទើរ​គ្រប​លុប​រូបរាង​កាយ​បុរស​វ័យ​៦០​ឆ្នាំ សម្បុរ​សណ្ដែកបាយ ដែល​ជា​អ្នក​បន្តវេន​ផលិត​នំ​សំបក​ណែម​ជំនាន់​ទី​៤ នៃ​គ្រួសារ​វ័យ​ចំណាស់​មួយ​របស់​អ្នក​ភូមិ​ដូនទាវ​។ គាត់​តែងតែ​បង្ហាញ​សាច់​ខ្មៅ​រលោង ជាមួយ​ខោខ្លី​ពណ៌​អាច​ម៌​សេះ ជាប់​ចង្កេះ​មួយ​ប៉ុណ្ណោះ​។ ហើយ​ជា​រៀង​រាល់​ព្រឹក លោក សុខ ចាប មាន​ភារកិច្ច​លើក​សំបក​ណែម​យក​ទៅ​លាត​ហាល​លើ​ផ្ទាំង​រនាប​ឬ​ស្សី ខណៈ​ភរិយា​របស់​លោក ដែល​មាន​វ័យ​ចំណាស់​ជាង​លោក​បន្តិច ជា​អ្នក​ចំអិន​សំបក​ណែម​នៅ​លើ​ចង្ក្រាន​។

លោក សុខ ចាប ក៏​មិន​ខុស​ពី​ភរិយា​របស់​គាត់​ដែរ សុទ្ធតែ​បាន​បង្ហាញ​នៅ​ជំហរ​រឹង​មាំ​ក្នុង​ការ​ប្រកប​មុ​របរ ត​ត្រកូល​បែប​ប្រពៃណី​នេះ​។ គាត់​បាន​លើក​ឡើង​ថា ពេល​នេះ​តម្លៃ​សំបក​ណែម ហាក់​ធ្លាក់​ចុះ​បន្តិច ធ្វើ​ឲ្យ​គាត់​បាត់បង់​ប្រាក់​ចំណេញ​មួយ​ចំនួន បើ​ធៀប​ទៅ​នឹង​ទីផ្សារ​ឆ្នាំទៅ​ម៉ិ​ញ ប៉ុន្តែ​មិន​អាច​បង្ខំ​ឲ្យ​គាត់​ផ្លាស់​ប្ដូរ​ទៅ​រក​មុខរបរ​ផ្សេង​ទេ​។

លោក ចាប សុខ បាន​ពោល​បែប​នេះ​ថា «​បើ​ខ្ញុំ​ឈប់​ធ្វើ​សំបក​ណែម ខ្ញុំ​គ្មាន​មុខរបរ​ផ្សេង​ធ្វើ​ទេ​។ មាន​ដើមទុន​តិច​តូច បើ​ខ្ញុំ​មិន​ធ្វើ​ការងារ​នេះ ក៏​ត្រូវ​ដេក​ចាយ​អស់​ដែរ​។ ដូច្នេះ​សុខចិត្ត​ឲ្យ​វា​រៀវ​ស្ដូ​ច ប្រសើ​ជាង​វា​ដាច់​»​។

យ៉ាងណា​ក្ដី បើ​តាម​លោក សុខ ចាប បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ប្រាក់​ចំណេញ​ពី​ការ​លក់​សំបក​ណែម​​ក្នុង​មួយ​ថ្ងៃ យ៉ាងច្រើន​ចន្លោះ​ពី​២០០០០​រៀល ទៅ​២៥០០០​រៀល​ក្នុង​មួយ​ថ្ងៃ តែ​អាច​បាន​ចំណូល​បន្ថែម​លើ​នេះ​ខ្លះ​ៗ ប្រសិនបើ​មាន​ភ្ញៀវ​បរទេស​ចូល​ទៅ​ទស្សនា​កន្លែង​ធ្វើ​សំបក​ណែម​របស់​លោក​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បង្ហាញ​ពី​ការ​ប្រឈម​នឹង​ឧបសគ្គ​សំខាន់​ៗ​ចំនួន​២ ក្នុង​ការ​ផលិត​សំបក​ណែម ដែល​នាំ​ឲ្យ​ខាតបង់​ធ្ងន់ធ្ងរ គឺ​បញ្ហា​អាកាសធាតុ និង​បញ្ហា​ទីផ្សារ​មិន​ទៀងទាត់​។

លោក សុខ ចាប បាន​បញ្ជាក់​ថា ទី​១ ការ​ប្រឈម​នឹង​អាកាសធាតុ គឺ​សំបក​ណែម​ហាល​មិន​ស្ងួត ដោយ​សារ​គ្មាន​ពន្លឺ​ថ្ងៃ គ្មាន​ម៉ូយ​ទិញ និង​ទី​២ ធ្វើ​សំបក​ណែម​បាន​ហើយ តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​នេះ​តែ​ម្ដង តែ​យ៉ាងណា លោក​នៅ​តែ​តស៊ូ ដើម្បី​ថែរក្សា​មុខរបរ ត​ត្រកូល​បែប​ប្រពៃណី​នេះ​បន្ត​ទៀត មិន​ឲ្យ​បាត់បង់​កេរ្តិ៍​តំណែល​ដូនតា​របស់​អ្នក​ភូមិ​ដូនទាវ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ