ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទិញ​ផ្ទះល្វែង​ក្នុង​បុរី​មហាសេដ្ឋី​តវ៉ា​ចោទ​ថា​ម្ចាស់​បុរី​រំលោ.ភ​កិច្ចសន្យា​ផ្តល់​ប័ណ្ណកម្មសិទ្ធិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកទិញ​ផ្ទះ​បុរី​ប្រមាណ​ជាង​៤០​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​ស្នាក់​ការ​បុរី «​មហាសេដ្ឋី​» បន្ទាប់​ពី​ពួក​គាត់​ទិញ​ផ្ទះ

រាជធានី​ភ្នំពេញ ៖ អ្នកទិញ​ផ្ទះ​បុរី​ប្រមាណ​ជាង​៤០​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​ស្នាក់​ការ​បុរី «​មហាសេដ្ឋី​» បន្ទាប់​ពី​ពួក​គាត់​ទិញ​ផ្ទះ បង់ប្រាក់​គ្រប់​ចំនួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ទាន់​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​តាម​ការសន្យា​របស់​ម្ចាស់​បុរី​នៅឡើយ ។ ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​៩ មក​រា នៅ​មុខ​ស្នាក់​ការ​លក់​របស់​បុរី ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

អ្នកទិញ​ផ្ទះ​បានឱ្យ​ដឹង​ថា ពួក​គាត់​បាន​ទិញ​ផ្ទះ​នៅ​បុរី មហាសេដ្ឋី តាំងពី​កំឡុង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ទាំងអស់​៤៩​ល្វែង ក្នុង​មួយ​ល្វែង​ជាង​១០​ម៉ឺន​ដុល្លារ ដោយ​ខ្លះ​បង់​ផ្តាច់ និង​ខ្លះ​បង់​ដំណាក់កាល ។ នៅ​ក្នុង​ការ​ទិញ​ម្ចាស់​បុរី​ឈ្មោះ ណេ​ប សុវណ្ណ​រិ​ទ្ធ បាន​ធ្វើ​កិច្ចសន្យា​ថា សាងសង់​ក្នុង​រយៈពេល​១៨​ខែ ។ ក្រោយ​សង់​រួច​រយៈពេល​៤៥​ថ្ងៃ នឹង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ តែ​រហូត​មក​ដល់​ពេល​នេះ រយៈពេល​៣​ទៅ​៤​ឆ្នាំ ពួក​គាត់​មិន​ទាន់​បាន​ប័ណ្ណកម្មសិទ្ធិ​ឡើយ ។

អ្នកទិញ​ផ្ទះ​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​រង់ចាំ​បាត់ ចាំ​បាត់ ពួក​គាត់​នាំ​គ្នា​ធ្វើ​លិខិត​ទៅ​សាលាសង្កាត់ និង​ខណ្ឌឫស្សីកែវ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​តាំងពី​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ ហើយ​ម្ចាស់​សំណង់​បុរី លោក ណេ​ប សុ​វ​ណ្ណា​រិ​ទ្ធិ ក៏​បាន​ធ្វើ​កិច្ចសន្យា​ថា ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួក​គាត់​នៅ​ថ្ងៃ​ទី​៩ មក​រា ឆ្នាំ​២០១៧ ។ លុះដល់​ពេល​កំណត់ មិន​ទាន់​បាន​ប័ណ្ណកម្មសិទ្ធិ ទើប​ពួក​គាត់​លើកគ្នា​ទៅ​ស្នាក់​ការ​របស់​បុរី​តែ​ម្តង ។

ក្រុម​អ្នក​តវ៉ា​បាន​បន្ត​ទៀត​ថា ពួក​គាត់​ត្រូវការ​ប័ណ្ណកម្មសិទ្ធិ ដើម្បី​ងាយស្រួល​នៅ​ពេល​មានធុរៈ​ចាំបាច់ មិន​នឹក​ស្មានថា ទិញ​ផ្ទះ​ឱ្យប្រាក់​គ្រប់​ចំនួន​ជា​ច្រើន​ឆ្នាំ​ហើយ នៅ​មិន​ទាន់​បាន​ប័ណ្ណកម្មសិទ្ធិ​ទៀត ។ បន្ទាប់​ពី​លើកគ្នា​ទៅ​ស្នាក់​ការ​បុរី​រួច​មក ពួក​គេ​ក៏​បាន​លើកគ្នា​ទៅ​សាលាសង្កាត់​ទៀត​ដើម្បី​ឱ្យ​លោក​ចៅសង្កាត់​ជួយ​អន្តរាគមន៍​បន្ត​ទៀត ។
ខណៈនោះ លោក មូល វី​រៈ ចៅសង្កាត់​ឫស្សី​កែវ​ក៏​បាន​សន្យា​ថា និង​រាយការណ៍​ទៅ​សាលា​ខណ្ឌ​ដើម្បី​ជួយ​ដោះស្រាយ ។

ជុំវិញ​ការ​ចោទប្រកាន់​បែប​នេះ លោក សំ ចេក ប្រធាន​រដ្ឋបាល​បុរី​មហាសេដ្ឋី បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​មានការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​អតិថិជន​ដោយសារ​តែ​រង់ចាំ​លក់​ផ្ទះ​អស់​សិន ហើយ​ចាំ​បំបែក​ប្លង់​រួម​គ្នា​តែ​ម្តង ។ នៅ​ក្នុង​ដំណាក់​កាលនោះ​បងប្អូន​បាន​ផ្ទះ​ស្នាក់​ហើយ ។ ចំណែក​ក្រុមហ៊ុន​ទទួល​បន្ទុក​ធ្ងន់​នៅ​លើ​ការ​បង់ពន្ធ​ជូន​រដ្ឋ ។

លោក​ប្រធាន​រដ្ឋបាល​រូប​នោះ ក៏​បាន​សំណូមពរ​ដល់​អ្នកទិញ សូម​ឱ្យ​មានការ​យោគយល់ ហើយ​បុរី​កំពុង​តែ​សហការ​ជាមួយ​មន្ត្រី​ភូមិបាល​ចុះ​វាស់វែង​បំពេញបែបបទ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​បងប្អូន​ហើយ ដែល​ភូមិបាល​បាន​សន្យា​ថា រយៈពេល​ជាង​មួយ​ខែ​ទៀត​ធ្វើ​រួចរាល់​ហើយ ៕