ប្រធានាធិបតី​សិង្ហ​បុរី​និង​ភរិយា​ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ


រាជធានី​ភ្នំពេញ ៖ លោក​ប្រធានាធិបតី​សិង្ហ​បុរី Tony Tan Keng Yam បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ​វេលាម៉ោង​៥ និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៨ មក​រា ក្រោម​ការទទួល​បដិសណ្ឋារកិច្ច​ដោយ​នាយ​ឧត្តមសេនីយ៍ ចាយ សាំង​យុន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បន្ទាប់​ពី​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​។

នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ មក​រា លោក​ប្រធានាធិបតី​សិង្ហ​បុរី​នឹង​អញ្ជើញ​ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ជាទី​គោរព​សក្ការៈ​នៅ​ព្រះ​បរមរាជវាំង ។ នៅ​រសៀល​ថ្ងៃ​ដដែល​លោក​ប្រធានាធិបតី​នឹង​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​ផង​ដែរ ។

គួរ​បញ្ជាក់​ថា លោក​ប្រធានាធិបតី​សិង្ហ​បុរី និង​ភរិយា បាន​ដឹកនាំ​គណៈប្រតិភូមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល៤​ថ្ងៃ​ពី​ថ្ងៃ​ទី​៨​ដល់​១១​មក​រា​ក្រោម​កិច្ច​ការពារ
សន្តិសុខ​យ៉ាង​តឹង​រឹ​ុ​ង​បំផុត​ពី​សមត្ថកិច្ច​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ព្រ​លាន​យន្ត​អន្តរជាតិ​ភ្នំពេញ សម្តេច ចៅ​ហ្វា​វាំង​គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​លោក​ប្រធានាធិបតី និង​លោក​ជំទាវ​ព្រមទាំង​ប្រតិភូ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ច្រើន​ទៀត ។

ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី​សិង្ហ​បុរី​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ។ បន្ទាប់​មក ថ្នាក់ដឹកនាំ​ទាំង​ពីរ​រូប​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ​គឺ​ ៖

ទី​១-​អនុស្សរណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។

ទី​២-​អនុស្សរណៈ​រវាង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ទីរពេទ្យ​តាន់តុ​ក​សេង​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី​នឹង​អញ្ជើញ​ទស្សនា​គម្រោង​របស់​សាធារណរដ្ឋ​សិង្ហ​បុរី​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប ។

ប្រវត្តិ​សា​ស្ក្រ ៖ កម្ពុជា​ទទួលស្គាល់​ការ​ប្រកាស​ឯករាជ្យ​របស់​សិង្ហ​បុរី​មុនគេ

សិង្ហ​បុរី​ជា​បុរី​រដ្ឋ​ក្មេងខ្ចី​ដែល​ទើបតែ​ប្រកាស​ឯករាជ្យ​បាន​ជាង​៥០​ឆ្នាំ​ប៉ុណ្ណោះ ។ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ​នរោត្តម សីហ​នុបាន​ទទួលស្គាល់​ការ​ប្រកាស​ឯករាជ្យ​របស់​សិង្ហ​បុរី​មុនគេ គឺ​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​១៩៦៥ ប្រមាណ​តែ​មួយ​ខែ​ប៉ុណ្ណោះ​ក្រោយ​ការ​ប្រកាស​ឯករាជ្យ​របស់​លោក លី ក្វា​ន់​យូ ។

ទាំង​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​សិង្ហ​បុរី​បាន​រម្លឹក​ពី​ចំណងមិត្តភាព​ដ៏​ជិត​ស្និទ្ធ និង​ដ៏​កក់ក្តៅ​រវាង​ប្រទេស​ទាំង​ពីរ ។ ជា​ពិសេស​នៅ​ក្នុង​ឱកាស​ខួប​ទំនាក់ទំនង​ការទូត​កម្ពុជា​-​សិង្ហ​បុរី​លើក​ទី​៥០ នៅ​ឆ្នាំ​២០១៥ ប្រធានាធិបតី​សិង្ហ​បុរី​បាន​គូសបញ្ជាក់​ថា កម្ពុជា​ជា​មិត្ត​ចាស់​មិត្ត​ដែល​ទទួលស្គាល់​ការ​ប្រកាស​ឯករាជ្យ​របស់​ខ្លួន​មុន​ដំបូង​គេ ។

គួរ​រម្លឹក​ថា ដោយសារ​ចំណងទាក់ទង​ការទូត​ល្អ​នៅ​ដំណាក់កាល​ដំបូង​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៦០ រដ្ឋ​សិង្ហ​បុរី​ក៏​បាន​ចាត់​ទុក​កម្ពុជា​ជាទី​ក្រុង​គជ់​នៃ​អាស៊ី​ហើយ​ចង់​កសាង​រដ្ឋ​ឲ្យ​ដូច​កម្ពុជា​ដែរ ។ ទន្ទឹម​នេះ សិង្ហ​បុរី​បាន​បញ្ជូន​និស្សិត​មក​រៀនសូត្រ​នៅ​ស្រុក​ខ្មែរ​ទៀត​ផង ៕

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ