ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ ប្រឈម​បាត់ឈ្មោះ​ពីលើ​សង្វៀន​ប្រដាល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ឡើង​ប្រដាល់​ហើយ​ចាញ់​បន្តបន្ទាប់​នា​ពេល​ចុង​ក្រោយ អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​សង្វៀន​ទូរទស្សន៍​ផ្សេង​ទៀត​សុទ្ធតែ​បាន​បង្ហាញ​ជំហរ​លែង​ចង់​ផ្គូផ្គង

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ឡើង​ប្រដាល់​ហើយ​ចាញ់​បន្តបន្ទាប់​នា​ពេល​ចុង​ក្រោយ អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​សង្វៀន​ទូរទស្សន៍​ផ្សេង​ទៀត​សុទ្ធតែ​បាន​បង្ហាញ​ជំហរ​លែង​ចង់​ផ្គូផ្គង​កីឡាករ​ផា​ន់ គ្រាន់ ឱ្យ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​របស់​ពួក​គេ​ទៀត​ហើយ ។

ជំហរ​បែប​នេះ​ចាប់ផ្ដើម​កើត​មាន​បន្ទាប់​ពី​កីឡាករ​រូប​នេះ​បណ្ដោយ​ខ្លួន​ឱ្យ​ឡើង​ទម្ងន់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួត​ស្ទើរតែ​គ្រប់ពេល​ឡើង​រេញ ។

លោក​ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​បាន​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​បន្ទាប់​ពី​ផ្គូផ្គង​ឱ្យ​កីឡាករ​ផា​ន់ គ្រាន់ ឡើង​ប្រកួត​ប៉ុន្មាន​លើក​​ចុង​ក្រោយ​ទទួល​បរាជ័យ​ជា​រឿយ​ៗ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​សប្បាយចិត្ត ។ លោក​ថា ហេតុផល​ដែល​ជើង​ខ្លាំង​រូប​នេះ​បន្ត​ចាញ់​នៅ​លើ​សង្វៀន​ម្ដង​ហើយ​ម្ដងទៀត គឺ​បណ្ដាល​មក​ពី​គេ​បណ្ដោយ​ឱ្យ​ឡើង​ទម្ងន់​ខ្លាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួត ។ លោក​ថា កីឡាករ​ម្នាក់​ៗ​មិន​អាច​បណ្ត​យ​ឱ្យ​ឡើង​ទម្ងន់​ពី​៦៣​ដល់​៦៩​គីឡូក្រាម​តែ​ក្នុង​រយៈពេល​ខ្លី​បែប​នេះនោះ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួត ។ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​សម្រេច​ផ្អាក​ការ​ផ្គូផ្គង​មិន​ឱ្យ​កីឡាករ​រូប​នេះ​ឡើង​វាយ​ទៀត​ទេ​បន្ទាប់​ពី​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​គេ​ក៏​ចាញ់​យ៉ាង​អាម៉ាស់​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​កាលពី​ថ្ងៃអាទិត្យ ។

តាម​ការ​កត់សម្គាល់​ក្រោយ​ការ​ឡើង​ទម្ងន់​ដល់​៦៩​គីឡូក្រាម​នា​ពេល​ចុង​ក្រោយ​សមត្ថភាព និង​កម្រិត​វាយលុក​របស់​កីឡាករ​រូប​នេះ​ខុស​ពី​មុន​ដាច់​ឆ្ងាយ ដោយ​លោក​យល់​ថា​ធ្លាក់ដៃ​មិន​ក្រោម​៥០​ភាគរយ​នោះ​ទេ បើ​ធៀប​នឹង​ពេល​កីឡាករ​រូប​នេះ​នៅ​វាយ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នា​ពេល​កន្លង​មក ។ លោក​ព្រមាន​កីឡាករ​រូប​នេះ​ឱ្យ​សម្រក​ទម្ងន់​នៅ​ត្រឹម​៦៥​គីឡូក្រាម​ឱ្យ​បាន​ដាច់ខាត បើ​មិន​ធ្វើ​តាម​ទេ​ឱកាស​ឡើង​ប្រកួត​ញឹកញាប់​នឹង​ត្រូវ​កាត់​បន្ថយ ហើយ​បើ​មានការ​កាត់​បន្ថយ​បែប​នេះ​ពិតមែន គឺ​ច្បាស់​ណាស់​ថា ទឹកដៃ​របស់ ​ផា​ន់ គ្រាន់ នឹង​បន្ត​ធ្លាក់ដៃ​ទៀត​ព្រោះ​មិនសូវ​បាន​ហ្វឹកហាត់ ។ លោក​ថា ភាព​រស់​រវើក​របស់​កីឡាករ​រូប​នេះ​លែង​ល្អ​ដូច​មុន​ទៀត​ហើយដោយ​សារ​តែ​លោក​ឆាប់​ហត់ ហើយ​បច្ចេកទេស​វាយ​ដ្បិតថា​ល្អ ប៉ុន្តែ​ដល់​ពេល​ធាត់​ខ្លាំង​ឆាប់​អស់កម្លាំង​គឺ​វាយ​មិន​ចូល ។ ផា​ន់ គ្រាន់ អាច​ជ្រុះ​បាត់​ប្រជាប្រិយភាព ប្រសិនបើ​ការ​សម្រក​ទម្ងន់​របស់​គេ​មិន​អាច​វិល​ត្រឡប់​មក​កាន់​ក្រោម​៦៥​គីឡូក្រាម​ដូច​ដើម ។

លោក​និយាយ​ថា​៖«​ពួក​ខ្ញុំ​ពិភាក្សា​គ្នា​ហើយ ផា​ន់ គ្រាន់ វ៉ៃ​គីឡូ​ធ្ងន់​អីុចឹង​អត់​កើត​ទេ ធ្លាក់ដៃ​ណាស់ បើ​អត់​សម្រក​ឱ្យ​នៅ​៦៥​គីឡូក្រាម​ទេ អត់​ដាក់​ឱ្យ​វ៉ៃ​តែ​ម្ដង ឱ្យ​វ៉ៃ​ម៉េច​បើ​ធាត់​ឡើង​ស្ពឹក​ដៃជើង​លើក​មិន​ចង់​រួច​ផង​ហ្នឹង​!» ។

យោង​តាម​មន្ត្រី​ជា​អ្នក​ផ្គូផ្គង​ការ​ប្រដាល់​នៅ​ក្នុង​សហព័ន្ធ​ប្រដាល់​កម្ពុជា កីឡាករ​ផា​ន់ គ្រាន់ ត្រូវ​បាន​អ្នក​រៀបចំ​ការ​ប្រកួត​នៅ​លើ​សង្វៀន​ផ្សេង​ៗ​រិះគន់​ពាក់ព័ន្ធ​នឹង​បញ្ហា​ធ្លាក់ដៃ​ក្រោយ​ឡើង​ទម្ងន់​ដល់​ជិត​៧០​គីឡូក្រាម ។ មន្ត្រី​ទាំងនោះ​បាន​អះអាង​ថា ប្រជាប្រិយភាព​របស់​កីឡាករ​រូប​នេះ នឹង​ត្រូវ​បាត់ឈ្មោះ​ដោយសារ​តែ​មន្ត្រី​ផ្គូផ្គង​មិន​ដាក់​ឈ្មោះ​ឱ្យ​ឡើង​​ប្រកួត​ព្រោះតែ​ផល​ប៉ះពាល់ ។ កីឡាករ​ផា​ន់​គ្រាន់ បាន​ទទួលស្គាល់​ថា សមត្ថភាព​ឡើង​ប្រកួត​ចុង​ក្រោយ​មានការ​ធា្ល​ក់ដៃ​ដោយ​លោក​ចាប់ផ្ដើម​ធ្ងន់​ដៃជើង ហើយ​ប្រើ​កម្លាំង​មិនសូវ​បាន​ល្អ​តាំងពី​ឡើង​ទម្ងន់​មក ។

ការ​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​កាលពី​បី​ថ្ងៃមុន លោក​ថា​ក៏​មិន​សប្បាយចិត្ត​ដែរ​ធ្វើ​ឱ្យ​លោក​មិន​ចង់​បន្ត​ប្រកួត​ដូច​គ្នា ដរាបណា​លោក​មិន​អាច​សម្រក​ទម្ងន់​បាន​ដល់​៦៥​គីឡូក្រាម​ដូច​ការ​គ្រោងទុក ។ លោក​ថា ការ​បណ្ដោយ​ខ្លួន​ឱ្យ​ឡើង​ទម្ងន់​មានការ​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួត​យ៉ាង​ខ្លាំង ដោយ​លោក​ក៏​ទទួលស្គាល់​ថា​នឹង​ពិបាក​ឡើង​រេញ​បណ្ដាល​ឱ្យ​មានការ​រិះគន់​បន្ត​ទៀត​បែប​នេះ ។ លោក​ថា ពី​ដើម​លោក​មាន​ទម្ងន់​តែ​ជាង​៥០​គីឡូក្រាម​ប៉ុណ្ណោះ តែ​ក្រោយមក​លោក​ក៏​បាន​វិ​វត្ត​ទៅ​ប្រកួត​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម ដើម្បី​បាន​​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀន​ទូរទស្សន៍ ទើប​ខំ​ដំឡើង​ទម្ងន់ ហើយដោយ​សារ​តែ​ភ្លេចខ្លួន​ទើប​ទម្ងន់​បន្ត​ឡើង​ដល់​៦៩​គីឡូក្រាម​នា​ពេល​ចុង​ក្រោយ ។

ម្យ៉ាង​មក​ពី​ក្នុង​ក្លិប​ប្រដាល់​លោក​មិនសូវ​មាន​ឧបករណ៍​ហ្វឹកហាត់ ហើយ​ក្លិប​ល្អ​ ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​ធ្វើ​ឱ្យ​លោក​បាត់បង់​កម្លាំងចិត្ត​ចង់​ហាត់​ហើយ​បណ្ដោយ​ឱ្យ​ធាត់​បែកសា​ច់​បែប​នេះ ។ លោក​ថា អាជីព​កីឡាប្រដាល់​ខុស​ពី​អាជីព​កីឡា​ផ្សេង​ទៀត ពោល​គឺ​ឱ្យ​តែ​ភ្លាត់​ឡើង​ទម្ងន់​នោះ​ផល​ប៉ះពាល់​នឹង​កើតឡើង​ភ្លាម​ដោយសារ​តែ​ពេល​បែក​សាច់​គឺ​សរសៃសសូង​សុទ្ធតែ​ស្ពឹក​ស្រពន់​លែង​សូវ​រស់​រវើក ។ លោក​ប្រកាស​ស្វែងរក​ក្លិប​ថ្មី​ដើម្បី​ហ្វឹកហាត់​ដោយ​គ្រោង​សម្រក​ឱ្យ​បាន​ដាច់ខាត​ទើប​សម្រេចចិត្ត​ទទួលយក​ការ​ប្រកួត​ញឹកញាប់​វិញ ។ លោក​ចង់បាន​ទម្ងន់​ត្រឹម​៦៤​គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​ភ័យ​បារម្ភ​ផង​ដែរ​ដោយសារ​តែ​ពេល​ចុង​ក្រោយ​ទោះបីជា​លោក​មិនសូវ​ផឹកស៊ី​ក៏​ធាត់ ឡើង​ទម្ងន់​ស្រឺ​ត​ៗ​ដូច​គេ​សប់​បែប​នេះ ៕