ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​មិន​ទាន់​បាន​ប្រើប្រាស់​កំពង់​ផែ​រួម​របស់​កម្ពុជា​នៅឡើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គំនិត​ផ្តួចផ្តើម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ឡាវ​ប្រើប្រាស់​កំពង់​ផែ​របស់​កម្ពុជា​នោះ រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​បាន​ដំណើរការ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​

រាជធានី​ភ្នំពេញ ៖ គំនិត​ផ្តួចផ្តើម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ឡាវ​ប្រើប្រាស់​កំពង់​ផែ​របស់​កម្ពុជា​នោះ រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​បាន​ដំណើរការ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​ពាក់ព័ន្ធ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ឡាវ​ប្រើប្រាស់​កំពង់​ផែ​កម្ពុជា ដើម្បី​ធ្វើ​ជា​ចំណត និង​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​របស់​ខ្លួន ក្នុងអំឡុងពេល​ប្រធានាធិបតី​ឡាវ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ឆ្នាំ​មុន ហើយ​ជា​ថ្នូរ​ត្រឡប់​មក​វិញ រដ្ឋាភិបាល​ឡាវ​នឹង​លក់​ថាមពល​អគ្គិសនី​ឲ្យ​កម្ពុជា ក្នុង​តម្លៃ​ថោក ។

លោក លូ គឹ​ម​ឈ​ន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​៩ មក​រា ម្សិលមិញ​ថា គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ទស្សនវិស័យ​ល្អ ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ឡាវ​ប្រើប្រាស់​កំពង់​ផែ​របស់​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ឡាវ​មិន​ទាន់​បាន​ប្រើប្រាស់​កំពង់​ផែ​របស់​កម្ពុជា​នៅឡើយ​ទេ​។ លោក​បន្ត​ថា ៖ « កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ស្វាគមន៍​ការ​ប្រើប្រាស់​កំពង់​ផែ​នេះ ដែល​យើង​នឹង​ផ្តល់​សេវាកម្ម​ជូន​ពួក​គេ​ឲ្យ​បាន​ល្អ » ។

លោក​បន្ត​ថា ប្រសិនជា​ប្រទេស​ឡាវ​ប្រើប្រាស់​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ នឹង​ធ្វើ​ឲ្យ​កំពង់​ផែ​នេះ​មាន​ទំនិញ​ឆ្លងកាត់ និង​កប៉ាល់​ធំ​ៗ​នឹង​ចូល​ចត​បាន​កាន់តែ​ច្រើន ហើយ​កំពង់​ផែ​របស់​កម្ពុជា​មិន​ចង្អៀត​ទេ គឺ​អាច​ទទួល​សេវាកម្ម​លើកដាក់​ទំនិញ​ទាំងនោះ​បាន ។ លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​នៅឡើយ ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា ស៊ី​ម​សូ​រិ​យា ថ្លែង​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ជា​យូរ​មក​ហើយ​ក្នុង​ការ​ឲ្យ​ប្រទេស​ឡាវ​ប្រើប្រាស់​កំពង់​ផែ​រួម​របស់​កម្ពុជា ប៉ុន្តែ​កន្លង​មក ដោយសារ​ច្រក​ទ្វារ​ព្រំដែន​ភ្ជាប់​ប្រទេស​ទាំង​ពីរ​មិន​ទាន់​រៀបរយ ទើប​មិន​ទាន់​មានការ​ដឹក​ទំនិញ​ឆ្លងកាត់​រវាង​ប្រទេស​ទាំង​ពីរ ។ លោក​ថ្លែង​ថា ៖ « តាម​ពិត​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ឡាវ​ឆ្លងកាត់​កម្ពុជា​ហើយ ប៉ុន្តែ​ប្រទេស​ឡាវ​ខ្លួនឯង​មិន​ទាន់​បាន​ដឹក​ជញ្ជូន​នៅឡើយ » ។

លោក​បន្ត​ថា ៖ « ការ​អនុញ្ញាត​ឲ្យ​ឡាវ​ប្រើប្រាស់​កំពង់​ផែ​កម្ពុជា គឺ​មិន​គិត​ពី​ផល​ចំណេញ​ទេ អ្វី​ចំណេញ គឺ​ចំណេញ​លើ​កិច្ចសហការ និង​ចំណេញ​លើ​ផ្នែក​នយោបាយ​ក្នុង​នាម​ជា​មិត្តភក្ដិ​ជិតខាង » ។

កញ្ញា ស៊ឹង សុ​ផា​រី អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ថា ប្រទេស​ទាំង​ពីរ​កំពុងធ្វើការ​ងារ​ជាមួយ​គ្នា​លើ​ការងារ​នេះ ព្រោះ​ដើម្បី​អាច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន ទាមទារ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ប្រទេស​ទាំង​ពីរ​ជជែក​គ្នា​លម្អិត​ជា​មុន​សិន ប៉ុន្តែ​មានការ​សម្រេច​ក្នុង​កម្រិត​នយោបាយ​រួច​ហើយ ។ កញ្ញា​បន្ត​ថា ការ​ចុះ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ក៏​មិន​ទាន់​បាន​ធ្វើ​ឡើង​នៅឡើយ​ទេ រហូត​មក​ទល់​ពេល​នេះ ៕