បញ្ជល់គោ​នៅ​កូរ៉េ​មិន​បង្ហូរ ឈាម​ដូច​នៅ​អេ​ស្ប៉ា​ញ


ពិធី​ប្រកួត​បញ្ជល់គោ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​ប្រព្រឹត្ត​ទៅ​នៅ​កីឡដ្ឋាន​ក្រុង Cheongdo ភាគ​ខាងត្បូង​ប្រទេស​កូរ៉េ​ខាងត្បូង ។ ពិធី​នេះ​ធ្វើ​នៅ​ខែមីនា ឬ​មេ​សា​រៀង​រាល់​ឆ្នាំ ។ លោក Lee Seung-yool អភិបាលក្រុង Cheongdo និយាយ​នៅ​ពេល​បើក​ការ​ប្រកួត​បញ្ជល់គោ​ថា «​នៅ​អេ​ស្ប៉ា​ញ គេ​ប្រកួត​ប្រយុទ្ធ​បង្ហូរឈាម​រវាង​មនុស្ស និង​សត្វ​គោ​ដែល​ចុង​ក្រោយ​សត្វ​គោ​តែង​ត្រូវ​សម្លាប់ ។ ប៉ុន្តែ​នៅ​កូរ៉េ​ខាងត្បូង​ផ្សេង​ពី​នោះ ពួក​ខ្ញុំ​មាន​មោទនភាព​ដោយ​រៀង​រាល់​ឆ្នាំ​គ្មាន​គោ​សូ​ម្បី​មួយ​ក្បាល​ត្រូវ​សម្លាប់​ឡើយ ។ បញ្ជល់គោ​នៅ​ប្រទេស​ខ្ញុំ គឺ​ទុក​ឱ្យ​គោ និង​គោ​ជល់​គ្នា គោ​ណា​រត់ បាន​សេចក្តី​ថា​គោ​នោះ​ចាញ់​» ។

ក្រុង Cheongdo នៅ​ឃ្លាត​ពី​ក្រុង Daegu ប្រមាណ​៤០​គីឡូម៉ែត្រ ។ តាំងពី​ឆ្នាំ​១៩៩៩ គេ​យក​ទីប្រជុំជន​នេះ​ធ្វើ​ជា​កន្លែង​ប្រកួត​បញ្ជល់់គោ​ប្រចាំ​ប្រទេស​សំដៅ​ស្តារ​ប្រពៃណី​កម្សាន្ត​សប្បាយ​ដែល​មាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នេះ​កុំឱ្យ​បាត់បង់​ផង ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​ចូល​មក​កម្សាន្ត​ក្នុង​ប្រទេស​កូរ៉េ​ផង ។ ពិធី​ប្រកួត​បញ្ជល់គោ​ជា​ប្រពៃណី​របស់​កូរ៉េ ធ្លាប់​ត្រូវ​ជប៉ុន​ហាម​មិន​ឱ្យធ្វើ​ពេល​ជប៉ុន​ត្រួតត្រា​កូរ៉េ ទាល់តែ​ឆ្នាំ​១៩៤៥ ទើប​ប្រជាជន​កូរ៉េ​ស្តារ​ឡើង​វិញ​បាន បន្ទាប់​ពី​ជប៉ុន​ចាញ់​សង្គ្រាមលោក​លើក​ទី​ពីរ ។ ឆ្នាំ​២០១៤ មានការ​អាក់ខាន​រៀបចំ​ពិធី​ប្រកួត​បញ្ជល់គោ​ប្រចាំឆ្នាំ​ម្តង ដើម្បី​សម្តែង​ការ​គោរព​វិញ្ញាណក្ខន្ធ​មនុស្ស​ជាង​៣០០​នាក់ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​លិច​នាវា​ចម្លង Seowon ។

កីឡដ្ឋាន Cheongdo អាច​ផ្ទុក​អ្នក​ទស្សនា​បាន​១០.០០០​នាក់ ។ វា​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​២០០២ សម្រាប់​គោលដៅ​ប្រកួត​បញ្ជល់់គោ​ថ្នាក់​ជាតិ​តែ​ប៉ុណ្ណោះ ។ រៀង​រាល់​ឆ្នាំ​គោ​ជល់​រាប់រយ​ក្បាល​មក​ពី​គ្រប់​តំបន់​ប្រជែង​គ្នា​យកជ័យ​ជម្នះ​នៅ​ទី​នេះ ។ គោ​ជល់​នៅ​កូរ៉េ​គេ​និយម​ជ្រើស​យក​គោ​មា​នក​ធំ​មាំ ដងខ្លួន​ទាប​ល្មម ជើង​ក្រោយ ធំ​ៗ ។ គោ​ដែល​បាន​ទទួល​ការ​សម្រិតសម្រាំង​រួច ម្ចាស់​វា​តែង​បង្វឹក​វា​យ៉ាង​តឹងតែង ពិសេស​បង្វឹក​ឱ្យ​ធន់​ជាមួយ​ការ​រត់​បាន​យូរ​លើ​វាលស្មៅ និង​បង្វឹក​ឱ្យ​ជល់​ដើមឈើ ធំ​ៗ​ជាដើម ។ ខុស​ពី​កន្លែង​ឯទៀត នៅ​កីឡដ្ឋាន Cheongdo គេ​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​ភ្នាល់​គ្នា​បាន​តាម​ចិត្ត ដោយ​កំណត់​តម្លៃ​ភ្នាល់​ខ្ពស់​បំផុត​ត្រឹម​១០០.០០០​វ៉ុ​ន (​ប្រហាក់ប្រហែល​៩៥​ដុល្លារ​អា​មេ​រិ​ក​) ។ អ្នក​ទស្សនា​ម្នាក់​ឈ្មោះ Park Ji-hun និយាយ ត្រង់​ៗ​ថា​«​តាំងពី​រដ្ឋ​បើក​ឱ្យ​អ្នក​ទស្សនា​អាច​ភ្នាល់​គ្នា​បាន​មក ឱ្យ​តែ​ដល់​ពេល​ប្រកួត​បញ្ជល់គោ​ថ្នាក់​ជាតិ ម្តង​ៗ​ខ្ញុំ​តែង​នាំ​គ្រួសារ​មក​ទស្សនា​មិន​ដែល​ខាន​ទេ ព្រោះ​មក​ទី​នេះ​មិន​ត្រឹមតែ​បាន​សប្បាយ​ភ្នែក​ប៉ុណ្ណោះ ថែម​ទាំង​បាន​សប្បាយ​ភ្នាល់​គ្នា​ទៀត ។ ការ​ដាក់​ប្រាក់​ភ្នាល់​គ្នា​សប្បាយ​មែនទែន ឈ្នះ​ក៏​សប្បាយ ចាញ់​ក៏​សប្បាយ​» ។

គេ​អាច​មើល​ដឹង​គោ​ជល់ និង​គោ​ធម្មតា​តាម​រយៈ​ចំណី​ដែល​ម្ចាស់​វា​ផ្តល់​ឱ្យ​វា ។ ចំណី​សម្រាប់​គោ​ជល់ ក្រៅពី​បន្លែ​ធម្មតា​នៅ​មាន​ថែម​សាច់សត្វ​ទៀត ដូច​យ៉ាង​សាច់​ត្រី យាវ​ហឺ​ុ និង​ជួនកាល​មាន​ទាំង​សាច់​ពស់ ។ ជិត​ដល់​ថ្ងៃ​ប្រកួត គោ​ជល់បាន​ម្ចាស់​បន្ថែម​យិ​ន​សុ​ិ​ន និង​ថ្នាំ​ប៉ូវ​កម្លាំង​ដាក់​ក្នុង​ទឹក​ស៊ុប​ឱ្យ​ផឹក ។ លុះដល់​ថ្ងៃ​ត្រូវ​ប្រកួត គោ​ជល់បាន​ម្ចាស់​ឱ្យ​ផឹកស្រា Soju ប្រពៃណី​កូរ៉េ ។ សរុប​មក​អ្នក​ចិញ្ចឹម​គោ​ជល់​ចំណាយ​ប្រាក់ កម្លាំង ព្រមទាំង​ពេលវេលា​ច្រើន​ណាស់ ។ គោ​ណា​ក្លាយជា​ជើងឯក​ក្នុង​ការ​បញ្ជល់់​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​បាន​ទទួល​ប្រាក់​រង្វាន់​១០​លាន​វ៉ុ​ន (​ជាង​៦.០០០​ដុល្លារ​អា​មេ​រិ​ក​) ។ ប្រាក់​ប៉ុណ្ណោះ​មិន​ស្មើនឹង​ការ​ចំណាយ​លើ​ការ​ចិញ្ចឹម​បំប៉ន​វា​ផង​ទេ ប៉ុន្តែ​ម្ចាស់​វា​ដោយ​ជំពាក់​ចិត្តនឹង​ភាព​អ៊ូអរ ភាព​ពុះកញ្ជ្រោល​ប្រកួត ម្តង​ៗ​នៅ​តែ​ខំ​បំប៉ន​គោ​ជល់​របស់​ខ្លួន ដើម្បី​ចូលរួម​ប្រកួត​ទៀត អត់​ដាច់​ចិត្ត​ឈប់​ត្រឹម​ប៉ុណ្ណឹង​សោះ ។

គោ​ជល់ នីមួយ​ៗ​ពេល​ដើរ​ចូល​កីឡដ្ឋាន​ប្រកួត គេ​សរសេរ​ឈ្មោះ​វា​នៅ​លើ​ខ្លួន​វា ហើយ​ស្រេច ខ្លះ​ឈ្មោះ​ខ្លាហោះ ខ្លះ​ឈ្មោះ​០០៧ ខ្លះ​ឈ្មោះ​នាគ​កូ​ម៉ូ​ដូ ជាដើម ។ ម្ចាស់​គោ​មាន​សិទ្ធិ​ចូល​កីឡដ្ឋាន ដើម្បី​លើក​កម្លាំងចិត្ត​គោ​របស់​ខ្លួន តែ​មិន​អាច​បញ្ជាការ​ប្រកួត​បាន​ឡើយ មាន​អាជ្ញាកណ្តាល​ជា​អ្នក​បញ្ជាការ​ប្រកួត​នៅ​ក្នុង​នោះ ។ អាជ្ញាកណ្តាល​មាន​ច្រើន​នាក់ តែ​ស្លៀកពាក់ ដូច​ៗ​គ្នា គឺ​ពាក់អាវ​ខៀវ ពាក់​ស្រោមដៃ​ពណ៌​ស និង​ពាក់មួក​ដូច​មួក​ខាវ​ប៊​យ ។

ពី​មុន​រាល់​លើក​ប្រកួត​បញ្ជល់់គោ ម្តង​ៗ​បរិយាកាស​ពុះកញ្ជ្រោល​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ក្រោយមក​ដោយ​មាន​កីឡា​អន្តរជាតិ​ជា​ច្រើន​ដូច​យ៉ាង​បាល់ទាត់ បាល់បោះ បាល់ទះ ជាដើម ស្រូប​យក​ចំណូលចិត្ត​មហាជន​ខ្លាំង​ពេក នាំ​ដល់​ចំណូលចិត្ត​កីឡា​បញ្ជល់គោ​តាម​ប្រពៃណី​ធ្លាក់​ចុះ​។ ស្ថិត​ចំពោះ​មុខ​សភាពការណ៍​នេះ​រដ្ឋាភិបាល​កូរ៉េ​ដាក់​ចេញ​នូវ​វិធានការ​ថ្មី សម្រាប់​ទាក់ទាញ​បរិយាកាស​ពី​ដើម​មក​វិញ ដើម្បី​អូស​ទាញ​អ្នកចូលរួម​ឱ្យ​បាន​ច្រើន នោះ​គឺ​អនុញ្ញាត​ឱ្យ​មានការ​លេង​ភ្នាល់​ក្នុង​បរិវេណ​កីឡដ្ឋាន​ប្រកួត​បញ្ជល់់គោ​តែ​ម្តង ។ គេ​សង្កេត​ឃើញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តាំងពី​មានការ​អនុញ្ញាត​ឱ្យ​លេង​ភ្នាល់​គ្នា​មក រាល់ពេល​ប្រកួត​បញ្ជល់់គោ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ ម្តង​ៗ​អ្នក​ទស្សនា​ពពាក់ពពូន​ខ្លាំង​ជាង​ពី​ដើម​ទៀត​ផង ៕

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ