ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ​ណាស់​! សម្តេច​តេ​ជោ សម្រេច​យក​ដី​ និង​ព្រៃ​នៅ​ជុំវិញ​សួនសត្វភ្នំ​តា​ម៉ៅ​ពី​ក្រុមហ៊ុន​មក​រក្សា​ទុក​វិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​សម្រេច​យក​ដី​ និង​ព្រៃ​នៅ​ជុំវិញ​សួនសត្វ «ភ្នំ​តា​ម៉ៅ» ពី​ក្រុមហ៊ុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​សម្រេច​យក​ដី​ និង​ព្រៃ​នៅ​ជុំវិញ​សួនសត្វ «ភ្នំ​តា​ម៉ៅ» ពី​ក្រុមហ៊ុន មក​រក្សា​ទុក និង​បញ្ជា​ឱ្យ​ដាំ​ដើមឈើ​ឡើង​វិញ​ លើ​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​កន្លង​មក​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បទបញ្ជា​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​! ប៉ុន្មាន​ថ្ងៃ​មកនេះ​ មាន​សំណូមពរ​ជា​ច្រើន​មក​​រាជរដ្ឋាភិបាល​ ដើម្បី​រក្សា​ទុក​ព្រៃ​នៅ​ក្បែរ​សួនសត្វ​ភ្នំ​តា​ម៉ៅ ទោះបី​ក្រសួងកសិកម្ម​បាន​ពន្យល់​ថា​សួនសត្វ​ភ្នំ​តា​ម៉ៅ​ មិន​មាន​ប៉ះពាល់​ក៍ដោយ​»​។

សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​បន្ត​ថា «​ក្នុង​នាម​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​នៃ រាជរដ្ឋាភិបាល ​ខ្ញុំ​សូម​ចេញ​បញ្ជា​ ៖ ១- ​លប់​ចោល​ទាំងអស់​នូវ​រាល់​ការ​អនុញ្ញាតិ ឱ្យធ្វើ​ការ​ដោះ​ដូរ​ និង​អភិវឌ្ឍ​។ ២- រក្សា​ទុក​ដី ​និង​ព្រៃ​នៅ​ជុំវិញ​សួនសត្វ​ភ្នំ​តា​ម៉ៅ ​ជា​ដី​ដែល​ត្រូវ​ការពារ​ និង​អភិរក្ស​ដោយ​ក្រសួងកសិកម្ម​»​។

សម្តេច​បាន​បន្ត​ថា «​ក្រុមហ៊ុន​ ដែល​បាន​ឈូស​ឆាយ​ត្រូវ​បញ្ឈប់​សកម្មភាព ​និង​ត្រូវ​ដាំ​ដើមឈើ​ឡើង​វិញ​ លើ​ដី​ដែល​បាន​ឈូស​ឆាយ​»​។ ព្រម​ជាមួយ​គ្នា​នោះ​ សម្តេច​បាន​សម្តែង​ការ​អរគុណ​ ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ផ្តល់​យោបល់​ប្រកបដោយ​ការ​ស្ថាបនា​។

ការសម្រេចលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតិឱ្យធ្វើការដោះដូរនិងអភិវឌ្ឍដីនៅភ្នំតាម៉ៅ​និងសម្រេចរក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សនោះ ធ្វើឡើងក្រោយពីមានចលនាយ៉ាងផុសផុលក្នុងបណ្តាញសង្គម ទាមទារឱ្យរក្សាដីព្រៃភ្នំតាម៉ៅ។ គួររម្លឹកផងដែរថារាជរដ្ឋាភិបាល បានចេញ សជណ តាំងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រេចកាត់ដីជាង ១ ពាន់ ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនចំនួន ២ ដើម្បីធ្វើការអភិវឌ្ឍន៍ជាថ្នូនឹងការដោះដូរដីនៅខេត្តសៀមរាបនិងតំបន់មួយចំនួនទៀត។ កន្លងមករដ្ឋាភិបាល​សម្រេច​យក តំបន់ភ្នំតាម៉ៅ
សម្រាប់ធ្វើការ​អភិវឌ្ឍ ដោយសារតែតំបន់នោះ​នៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និង​​​​កៀក​តំបន់​ទេសចរណ៍​បាទី ខណៈតំបន់នោះពោរពេញដោយដីខ្សាច់ ព្រៃឈើ​មិនមានការលូតលាស់ល្អ និងពុំមានសត្វព្រៃសំខាន់ៗនោះទេ។

ការសម្រេចកន្លងមកយកដីភ្នំតាម៉ៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទទួលបាននូវការរិះគន់ដូចទឹកបាក់ទំនប់ រហូតមានការប្រកាសពីការធ្វើពហិការមិនប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនដែលវិនិយោគ ដែលធ្វើឱ្យ​បាត់បង់ព្រៃ​ឈើ​ និងជម្រកសត្វព្រៃនៅតំបន់ភ្នំតាម៉ៅ។

កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅរដ្ឋបាលព្រៃឈើ​នៃ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើង​​​ថា តំបន់​ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្ដារព្រៃឈើមួយ ដែលមានដំណុះឈើដាំប្រភេទអាកាស្យា​ ប្រេងខ្យល់ និងឈើធម្មជាតិ ហើយ​តំបន់នេះពោរពេញទៅដោយ​ដីខ្សាច់ និងដំណុះឈើ​ដែលមិនមានការលូតលាស់ល្អ។ រដ្ឋបាលព្រៃឈើបន្តថា ករណីនេះហើយបានជារដ្ឋាភិបាលសម្រេច​យកតំបន់នេះសម្រាប់ធ្វើការ​អភិវឌ្ឍ មិនមែនជាការលក់ដូរនោះទេ ខណៈ​តំបន់នោះស្ថិត​នៅ​ក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។  

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ៧ ខែសីហានេះ សម្តេចតេជោ សម្រេចបញ្ឈប់ក្រុមហ៊ុនពីការអភិវឌ្ឍន៍និងយកដី និងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅ មករក្សាទុកវិញ ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ