ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

ព័ត៌មាន​ជាតិ » សន្ដិសុខ​សង្គម

បុរស​ស្បែក​ខ្មៅ​ជួញដូរ​គ្រឿងញៀន​ក្នុង​អូ​តែ​ល

ដោយ ៖ ភី ផល   

ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ ម៉ោង ០៨:៤៩   (10-01-2017 08:49)

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ និង​ស្ត្រី​ខ្មែរចំនួន​៣​នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ម៉េ​ង វិមាន​តារាអធិការរង​នគរបាល​ខណ្ឌ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ដោយ​មានការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២៨​កញ្ចប់ រួម​ជាមួយ​រថយន្ត​មួយ​គ្រឿង ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​១២​និង​១៥​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ ខែមក​រា នៅ​បន្ទប់​លេខ​៤០៤​និង​៥០៣ នៃ​សណ្ឋាគារ​តាន់ ថា​វ័​រ ផ្លូវ​លេខ​៤៦៤ ក្រុម​៧ ភូមិ​២ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

លោក​អធិការរង ម៉េ​ង វិមាន​តារា បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន ៖
១-​ឈ្មោះ Olikeze Obiomakingsley ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា
២-​ឈ្មោះ ម៉ៅ សា​ទុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ
៣-​ឈ្មោះ អែម ល​ក្ខិ​ណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ និង
៤-​ឈ្មោះ សុខ ស្រី​និ​ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ គឺ​ធ្វើឡើង​ក្រោយ​ពី​កម្លាំង​នគរបាល​ខណ្ឌ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ នៅ សម្បត្តិ អាយុ​២២​ឆ្នាំ ដកហូត​គ្រឿងញៀន​បាន​ចំនួន​៨​កញ្ចប់​តូច កាលពី​យប់​ថ្ងៃ​ទី​៨ ខែមករា នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ និង​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ តាន់ ថា​វ័​រ តែ​ម្តង ។

លោក​អធិការរង​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​នេះ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២៨​កញ្ចប់​(៣​កញ្ចប់​ធំ​និង​២៥​កញ្ចប់​តូច​) រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២F-៧៩៥០ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១ ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់​និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ គឺ​កម្លាំងនគរបាល​ខណ្ឌ​ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក តេ​ង ស៊ី​ណូ អធិការ​នគរបាល​ខណ្ឌ ។

ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​ទាំង​៤​នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​ចំនួន​២៨​កញ្ចប់ ព្រមទាំង​រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕