ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​កម្ពុជា​-​ថៃ សន្យា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​: ។ ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​របស់​ឯកឧត្តម​សាស្ត្រាចារ្យ បណ្ឌិត Anek Laothamatas…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​កម្ពុជា​-​ថៃ សន្យា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​: ។

ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​របស់​ឯកឧត្តម​សាស្ត្រាចារ្យ បណ្ឌិត Anek Laothamatas រដ្ឋមន្ត្រីក្រសួង​អប់រំ វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​(MHESI) នៃ​ព្រះរាជាណាចក្រ​ថៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឯកឧត្តម​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការងារ ។

ឯក​ឧត្ត អ៊ិ​ត សំ​ហេង បាន​ថ្លែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​ថៃ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​ធន​ធន​មនុស្ស មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​ជា​ច្រើន ដើម្បី​ចែករំលែក​មក​ដល់​ប្រទេស​ជិតខាង ។ ចំពោះ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​អាទិភាព​ខ្ពស់​លំដាប់​ទី​១ គឺ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នេះឯង ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​មាន​ប្រព័ន្ធ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​វិជ្ជាជីវៈ​នេះ​ចាប់ពី​កម្រិត​វិញ្ញាបនបត្រ​រហូត​ដល់​បរិញ្ញាបត្រ ។ ស្ថិត​ក្នុង​បរិបទ​នៃ​ការ​រីក​ចម្រើន​សង្គម និង​នវានុវត្តន៍​មានការ​រីក​ចម្រើន​លឿន ពិសេស​ឧស្សាហកម្ម​៤.០ កម្ពុជា បាន​កំពុង​រៀបចំ​អនុវត្តន៍​នូវ​គោលនយោបាយ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ជម្រុញ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន ។

ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្តម​អ៊ិ​ត សំ​ហេង បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ថៃ​ដែល​បាន​យកចិត្តទុកដាក់​គាំទ្រ​វិស័យ​ធនធានមនុស្ស​កម្ពុជា ជា​ពិសេស​សម្ត​ច​ព្រះ​មហាក្សត្រី​ចក្រី​សុរិន្ទ​ថន ដែល​សព្វ​ព្រះ​ហទ័យ ថ្វាយ​អគារសិក្សា​នៅ​ឯ​ខេត្តកំពង់ធំ និង​កំពង់ស្ពឺ នេះ​ជា​ហទ័យ និង​យកចិត្តទុកដាក់​ដ៏​ធំធេង​បំផុត​របស់​សម្ត​ច​ព្រះ​មហាក្សត្រី​មក​លើ​វិស័យ​អប់រំ​របស់​កម្ពុជា ។

ជាមួយ​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស​នេះ វិទ្យាស្ថាន​កម្ពុជា​-​ថៃ (​ពូន​ភ្នំ​) ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ធ្វើការ​បណ្តុះបណ្តាល​តាំងពី​ឆ្នាំ​២០០២ មក​ម្ល៉េះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ពីរ ។

រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា​បន្ត​លើក​ឡើង​ពី​កិច្ចសហការ​របស់​ប្រទេស​ទាំង​ពីរ​ដែល​បាន​ធ្វើការ​ជាមួយ​គ្នា​កន្លង​មក​ទាំង​វិស័យ​ការងារ ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ព្រម​ជាមួយនឹង​ការ​ទទួលស្គាល់​ជំនាញ​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​ផ្នែក​ជាង​អគ្គិសនី និង​ត​បណ្តាញទឹក​នៅ​ក្នុង​អគារ ដែល​ឯកឧត្តម មើលឃើញ​ថា វា​នឹង​បង្ក​លទ្ធភាព​ដល់​ពលករ​កម្ពុជា​នៅ​ពេល​ដែល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ងាយស្រួល​នឹង​រក​ការងារ​ធ្វើ​មិនតែប៉ុណ្ណោះ​ប្រទេស​ទាំង​ពីរ​បាន​នឹង​កំពុង​ពិភាក្សា​គ្នា ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​សន្តិសុខ​សង្គម ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ពលករ​ផង​ដែរ ។

នា​ឱកាស​នោះ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត Anek Laothamatas បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​បញ្ជាក់​ថា នៅ​ថៃ​មាន​សាលារៀន​សម្រាប់​ត្រៀម​ចូល​រៀន​ផ្នែក​វិស្វកម្ម និង​មហាវិទ្យាល័យ​សម្រាប់​បណ្តុះបណ្តាល​គ្រូ​បច្ចេកទេស និង​វិជ្ជាជីវៈ​មានឈ្មោះ​ល្បីល្បាញ​ចំនួន​ពីរ គឺ​មហាវិទ្យាល័យ​តិច​ណូ​ឡូ​ជី​រាជ​មង្គល និង​មហាវិទ្យាល័យ​តិច​ណូ​ឡូ​ជី​ព្រះ​ចម​ក្លាវ បើសិនជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​មានការ​ចាប់​អារ​ម្មរណ៍​អាច​ធ្វើការ​បញ្ជូន​មន្ត្រី​ទៅ​រៀន​បាន ហើយ​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត ជឿជាក់​ថា បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នឹង​មាន​សមត្ថភាព​ពេញលេញ​យក​ទៅ​បណ្តុះបណ្តាល​បន្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

ឯកឧត្តម​សាស្ត្រាចារ្យ ក៏​សប្បាយ​រីករាយ​ពេល​ដែល​ឃើញ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​មានការ​រីក​ចម្រើន​លូតលាស់ ហើយ កម្ពុជា​-​ថៃ នៅ​តែ​បន្ត​សហប្រតិបត្តិការ​ជាមួយ​គ្នា កាន់តែ​ប្រសើរ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

ឯកឧត្តម​សាស្ត្រាចារ្យ បាន​សន្យា​ផ្តល់​អាហារូបករណ៍​តាម​រយៈ មហាវិទ្យាល័យ​ដ៏​ល្បីល្បាញ​ចំនួន​ពីរ​របស់​ថៃ​ខាងលើ​នេះ ដល់​មន្ត្រីរាជការ និង​គ្រូ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​កម្ពុជា កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។

ឯកឧត្តម អ៊ិ​ត សំ​ហេង ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​ខាង​ភាគី​ថៃ​បាន​ផ្តល់​អាហារូបករណ៍​មក​ដល់​កម្ពុជា លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​នេះ ហើយ​ឯកឧត្តម​ជឿជាក់​ថា គ្រប់​វិស័យ​ទាំងអស់​នៃ​ប្រទេស​យើង​ទាំង​ពីរ​ដែល​បាន​ធ្វើ​កន្លង​មក​ជាមួយ​គ្នា កាន់តែ​មានការ​រីក​ចម្រើន​លូតលាស់ បន្ថែម​ទៀត​។

ជា​ចុង​ក្រោយ​ភាគី​ទាំង​ពីរ ពេញចិត្ត​នឹង​បន្ត​កិច្ចការ​សំខាន់​ៗ​ជាមួយ​គ្នា ដោយ​ឱ្យ​ក្រុមបច្ចេកទេស​នៃ​ភាគី​ទាំង​ពីរ​ដើម្បី​បន្ត​ទំនាក់ទំនង​ធ្វើការ​ជាមួយ​គ្នា ក្នុង​ការ​ឈាន​ទៅ​រៀបចំ​ឲ្យ​មាន​អនុស្សរណៈ​យោគយល់​គ្នា ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ