ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​ឃាតករ​ដៃ​ឆៅ​ដល់​តុលាការ​ភ្លាម​ជាប់​ទោស​1​ជីវិត​ភ្លាម

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ឃាតករ​ដៃ​ឆៅ​ឈ្មោះ ជា សុ​ជៀន អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្នុង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ផ្អៀ​រ​ខេត្តកំពង់ឆ្នាំង

ខេត្តសៀមរាប ៖ ឃាតករ​ដៃ​ឆៅ​ឈ្មោះ ជា សុ​ជៀន អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្នុង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ផ្អៀ​រ​ខេត្តកំពង់ឆ្នាំង ដែល​នគរបាល​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ មក​រា ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជីក្រែង បន្ទាប់​ពី​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​រក​ភស្តុ​តាង នៅ​ចំណុច​ស្ពាន​ព្រៃ​ប្រស់ ក្នុង​ទឹកដី​ខេត្តកំពង់ធំ និង​នាំ​មក​វិញ​បាន​ធ្វើ​សន្និសីទកាសែត​នា​រសៀល​ថ្ងៃ​ទី​៥ មក​រា រួច​មក​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ជាប់គុក​អស់​១​ជីវិត ។

ពាក់​ព​ន្ធ័​នឹង​ករណី​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ទៅ​លើ​បុគ្គលិក​អាហារ​បំប៉ន​សុខភាព​ចំនួន​៣​នាក់​នៅ​ក្រុង​សៀមរាប ក្នុង​នោះ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​ដែល​បង្ក​ឱ្យ​មានការ​តក់ស្លុត និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​ថ្ងៃ​ទី​១ មក​រា នា​រាត្រី​ឆ្លង​ឆ្នាំ​សកល ស្ថិត​នៅ​បន្ទប់​ជួល ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ រឿង​ក្តី​នេះ​ពិតជា​បាន​ធ្វើ​ឱ្យ​កក្រើក​នៅ​ដើមឆ្នាំ​២០១៧​នេះ​តែ​ម្តង ។

ជុំវិញ​សំណុំរឿង​ឃាតកម្ម​សម្លាប់​មនុស្ស​នោះ ត្រូវ​បាន​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រ​២០០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១ មក​រា ។ គឺជា​បទល្មើស​ដែល​មាន​ចែង​ឱ្យ​ផ្ត​ន្តាទោស តាម​ដីកា​លេខ​៤០ មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០១៧ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ចេញ​ដោយ​លោក សំ ប៊ុ​ន ពៅ ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្តសៀមរាប ។ ខាង​អយ្យការ​អម​សាលាដំបូង​ថា នេះ​ជា​ការ​កាត់ទោស​សម្រេច​តែ​ម្តង ដោយសារ​អង្គហេតុ​មាន​គ្រប់គ្រាន់ ដែល​ត្រូវ​ដាក់បន្ទុក​លើ​ជនសង្ស័យ ។

សូម​រំលឹក​ផង​ដែរ​ថា ជន​រង​គ្រោះ​ប្រុស​-​ស្រី​៣​នាក់​ដែល​ជន​ដៃដល់​សម្លាប់ បាន​ដេក​ស្លាប់​២​នាក់​ក្នុង​ថ្លុកឈាម និង​ម្នាក់​ទៀត​របួសធ្ងន់​គឺ ទី​១-​ឈ្មោះ ឃុ​យ សុ​យឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន​អាហារ​បំប៉ន​សុខភាព មានស្រុក​កំណើត​នៅ​ភូមិ​ស្រុក​ឈូក ខេត្តកំពត​, ទី​២-​ឈ្មោះ វេ​ត រ​ដ្ផា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត នៅ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ និង​ទី​៣-​ឈ្មោះ ឡេ​ង ស្រី​ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រង​របួសធ្ងន់ ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ ២​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​គឺ​ឈ្មោះ ឃុ​យ សុ​យឹ​ន ឈ្មោះ ឡេ​ង ស្រី​ពៅ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ។

លោក​វរសេនីយ៍ត្រី នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អ​ធិការ​រង​ទទួល​បន្ទុក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដឹកនាំ​ក្រុមការងារ បាន​ចូល​ជួប​សាកសួរ​សុខទុក្ខ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឡេ​ង ស្រី​ពៅ អាយុ​១៨​ឆ្នាំ ជា​ជន​រង​គ្រោះ​ក្នុង​ករណី​ខាងលើ ដើម្បី​ជម្រាប​ប្រាប់​អំពី​ជនសង្ស័យ ត្រូវ​បាន​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​អង្គភាព​ពាក់​ព​ន្ធ័ ធ្វើការ​ឃាត់ខ្លួន​នឹង​បញ្ជូន​ទៅ​តុលាការ​រួចរាល់​ហើយ សូម​ឱ្យ​នាង​បាន​ស្ងប់ចិត្ត​ចុះ ។

ក្នុង​ការ​សួរសុខទុក្ខ​នេះ​ដែរ លោក​វរសេនីយ៍ត្រី នួន ស័ក្តិ​ចំរើន​រិ​ទ្ធ ក៏​បាន​នាំ​អំណោយ​បន្តិចបន្តួច​ទៅ​ជួន​ស្ត្រី​រង​គ្រោះ ឡេ​ង ស្រី​ពៅ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​មាន​ដូច​ជា ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ទឹក​សុទ្ធ​ចំនួន​៥​កេស និង​ទឹកដោះគោឆៅ​ចំនួន​៤​យួរ មក​ប្រគល់​ជូន​នៅ​នឹង​បន្ទប់​សម្រាក​ព្យាបាល​ដើម្បី​លើកទឹកចិត្ត និង​កាត់​បន្ថយ​ការ​លំបាក​ក្នុង​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​មន្ទីរពេទ្យ​ផង​ដែរ ។ ចំពោះ​ឃាតករ​ដៃ​ឆៅ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ចូល​នៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត ហើយ​គ្មាន​ថ្ងៃ​នឹង​ចេញ​វិញ​បាន​ឡើយ ។

ក្នុង​សន្និសីទកាសែត​នា​រសៀល​ថ្ងៃ​ទី​៥ មក​រា លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ពី​សកម្មភាព​របស់​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​បំពេញបេសកកម្ម តាម​ប្រមាញ់​ស្វែងរក​ជនសង្ស័យ ក្រោម​បទបញ្ជា​របស់​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត ដោយ​បាន​ប្រើប្រាស់​កងកម្លាំង​ទៅ​តាម​នីតិវិធី ក្នុង​ការ​តាម​ប្រមាញ់​រក​ជនសង្ស័យ​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

លោក​ក៏​បាន​បន្ត​ទៀត​ថា អស់​រយៈពេល​៤​ថ្ងៃ នៅ​ថៃ្ង​ទី​៤ មក​រា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ទើប​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា សុ​ជៀន អាយុ​២៤​ឆ្នាំ នៅ​ក្នុង​ចំណុច​ភូមិសាស្ត្រ​ស្រុក ជីក្រែង ខណៈ​ពេល​ដែល​ជនសង្ស័យ​ធ្វើ​ដំណើរ​តាម​រថយន្ត ឈ្នួល​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ លោកស្នងការ​រង​បាន​បន្ត​ទៀត​ថា ជោគជ័យ​ទាំងនេះ​ក៏​ដោយសារ​មាន​កិច្ចសហការ​បាន​ល្អ ជាមួយ​កងកម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​បណ្តា​ខេត្ត ស្រុក និង​រាជធានី ព្រមទាំង​បាន​កំណត់​ច្បាស់​ជនសង្ស័យ​ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ក្នុង​នោះ​ដែរ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​រក​វត្ថុ​តាង មានកាំបិត និង​អាវ​ខោ​ប្រឡាក់​ឈាម ដែល​ជនសង្ស័យ​បាន​បោះចោល​ចូល​ទៅ​ក្នុង​ទឹក ស្ពាន​ព្រៃ​ប្រស់ នៅ​ខេត្តកំពង់ធំ តែ​រក​មិនឃើញ ។

លោក ភឹង ចិន្តា​រ៉េ​ត ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ​នេះ​បាន​ស្គាល់គ្នា​តាម​រយៈ​ប្រព័ន្ធ Facebook ដោយ​ជន​រង​គ្រោះ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ​ថា ឲ្យ​មក​ធ្វើការ​ជាមួយ​គាត់ បាន​ប្រាក់ខែ​ច្រើន ចាប់ពី​៥០០​ដុល្លារ​ទៅ​២០០០​ដុល្លារ ហើយ​ការ​ទំនាក់ទំនង​គ្នា​នេះ​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៦ រហូត​មក ជនសង្ស័យ​ក៏​បាន​មក​ជួប​ជន​រង​គ្រោះជា​ច្រើន​លើក​ផង​ដែរ ដើម្បី​មក​ជួប​រក​ការងារ​ធ្វើ ដោយ​មិន​យក​កម្រៃ​ឡើយ ។

តែ​ក្រោយមក​ជន​រង​គ្រោះ​បាន​ប្រាប់​ទៅ​ជនសង្ស័យ​ថា បើ​ចង់បាន​ការងារ​ធ្វើ​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​១​ពាន់​៣០០​ដុល្លារ ទើបបាន​ការងារ​ធ្វើ ។ ដោយ​ការ​ខាតបង់​ពេលវេលា​ផង និង​មិន​និយាយ​ការ​ពិត​ផង ធ្វើ​ឲ្យ​ជនសង្ស័យ​មាន​កំហឹង និង​គំនុំ​ចំពោះ​ជន​រង​គ្រោះ ក៏​ឈាន​ដល់​ការ​សម្លាប់​ជន​រង​គ្រោះ​ទាំង​បី​នាក់​តែ​ម្តង នៅ​ពេល​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ហើយ​ក៏​ស្រប​ពេល​ដែល​ក្រុមហ៊ុន​អាហារ​បំប៉ន​សុភាព​មាន​ធ្វើ​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​ជូន​បុគ្គលិក​របស់​ខ្លួន ។ នៅ​ពេល​ជប់លៀង​ហើយ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បី្ត​ប្រពន្ធ​បាន​មក​កាន់​បន្ទប់​ជួល ហើយ​នៅ​វេលា​នោះ​ដែរ​ជនសង្ស័យ​ក៏​បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ ដើម្បី​សុំ​ស្នាក់​នៅ​បាន​មួយ​យប់​ផង ហើយ​ជន​រង​គ្រោះ​ក៏​បាន​យល់ព្រម​ឲ្យ​ជនសង្ស័យ​ចូល​មក​សម្រាក​ផង​ដែរ ។ លុះ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ត្រូវ​បាន​ប្អូនប្រុស​របស់​ជន​រង​គ្រោះ​ចូល​មក​ដេក​បន្ទប់​ជួល​នេះ​ដែរ ។

នៅ​ចន្លោះ​វេលា​ម៉ោង​៣​ទៅ​៤​ទៀប​ភ្លឺ ជនសង្ស័យ​បាន​ទៅ​យក​កាំបិត​នៅ​ក្នុង​បន្ទប់ទឹក យក​មក​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ វេ​ង រ​ដ្ឋា ហើយ​បន្ត​ទៅ​កាប់​ជន​រង​គ្រោះ​ដេក​លើ​គ្រែ​ឈ្មោះ ឃុ​យ សុ​យឹ​ន និង​កាប់​ប្រពន្ធ​ឈ្មោះ ឡេ​ង ស្រី​ពៅ ដោយ​នឹង​ស្មាន​តែ​អ្នក​ទាំង​បី​ស្លាប់​អស់ហើយ ទើប​ជនសង្ស័យ​ក៏​បាន​ទាញ​សោរ​ចាក់​ពី​ខាងក្រៅ​បន្ទប់ និង​យក​ទូរស័ព្ទ​៣​គ្រឿង​របស់​ជន​រង​គ្រោះ ហើយ​ក៏​គេចខ្លួន​រហូត​ដល់​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង ។  ចំពោះ​ទូរស័ព្ទ​៣​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ដកហូត​ពី​អ្នកទិញ​បាន​មក​វិញ​ចំនួន​១​គ្រឿង​តែ​ប៉ុណ្ណោះ ។

ក្នុង​នោះ​ដែរ​លោកស្នងការ​រង​ក៏​បាន​ផ្តល់​នូវ​ថវិកា​លើកទឹកចិត្ត​ដល់​កម្លាំង​សមត្ថកិច្ច ដែល​បាន​ខិតខំ​ដុតដៃដុតជើង​ក្នុង​ការ​ស្វែ​ករក​ជនសង្ស័យ​រហូត​ទទួល​បាន​ជោគជ័យ ៕