ខេត្តត្បូងឃ្មុំ ៖ ពោតស្ងោរដែលមានរសជាតិឆ្ងាញ់ ត្រូវបានអ្នកភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ជាច្រើនគ្រួសារនាំគ្នាលក់នៅតាមមុខផ្ទះនិងដងផ្លូវជាតិលេខ១១ ទាំងរដូវវស្សា និងរដូវប្រាំង ។ អ្នកធ្វើដំណើរតាមម៉ូតូនិងរថយន្តតែងតែឈប់ទិញ ហើយថែមទាំងសរសើរថា ពិតជាមានរសជាតិផ្អែមទៀតផង ។
អ្នកលក់ពោតម្នាក់ឈ្មោះ ហ៊ន់ នីតា ភេទស្រី អាយុ២២ឆ្នាំ និយាយថា សព្វថ្ងៃនេះនាងឈប់រៀនហើយ និងបានមកជួយលក់ពោតស្ងោរម្តាយដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ ។ ចំពោះពោតស្ងោរចំនួន១០ផ្លែគឺលក់បាន៧.០០០រៀល ហើយក្នុងពោតមួយផ្លូនអាចលក់ចំណេញបាន៥.០០០រៀល ។ នាងពុំមានចម្ការពោតនៅជិតនោះទេ គឺឪពុកនាងទៅកាច់ពីចម្ការរបស់គេនៅតាមជួរដងទន្លេមេគង្គ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ។
អ្នកលក់ពោតម្នាក់ទៀតឈ្មោះ នីតា និយាយថា ពោតដែលស្ងោរលក់នេះមានលក់ទាំងរដូវវស្សានិងរដូវប្រាំង ហើយក្នុង១ថ្ងៃពេលណាលក់ដាច់ខ្លាំងអាចបានចំណេញប្រមាណ១០ម៉ឺនរៀល តែត្រូវនឿយហត់បន្តិចនិងត្រូវអង្គុយក្រោមឆត្រហើយក្តៅថែមទៀត ។ នៅមុខផ្ទះម្តាយរបស់នាងបានស្ងោរពោតលក់១ឆ្នាំង ចំណែកនាងវិញបានមកលក់នៅម្តុំចម្ការកៅស៊ូ ដែលមានចម្ងាយពីផ្ទះប្រហែល២០០ម៉ែត្រ ។ ការមកលក់ដូរនេះគឺតាំងពីព្រឹក ហើយរហូតដល់ល្ងាចទើបត្រឡប់ទៅផ្ទះវិញ ។ ដោយសាររបរលក់ពោតស្ងោរនេះ ធ្វើឲ្យជីវភាពគ្រួសាររបស់នាងធូរស្រាលមួយកម្រិត និងបានជួយឲ្យប្អូនៗបន្តរៀនសូត្រ បន្តចាប់យកចំណេះវិជ្ជាឲ្យកាន់តែខ្ពស់ថែមទៀត ។
លោក ណាំង សុភាព អាយុ៣៩ឆ្នាំ នៅក្រុងសួង ជាអ្នកបោះដុំពោតនិយាយថា គាត់រកសុីម៉ៅពោតពីតាមចម្ការនានាក្នុងស្រុកត្បូងឃ្មុំ មានរយៈពេលជាង១០ឆ្នាំមកហើយ ។ របរនេះពីមួយឆ្នាំទៅមួយឆ្នាំចេះតែមានការរីកចម្រើនឡើង ហើយផ្លែពោតគាត់ដើរម៉ៅទិញពីតាមចម្ការរហូតដល់ស្រុកស្អាង ខេត្តកណ្តាល ស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលក្នុង១ថ្ងៃចំណូលបានមកពីលក់ពោតនេះ គឺពី៦ទៅ៧លានរៀល ។
ពោតដែលប្រជាពលរដ្ឋដាំក្នុងរដូវវស្សាគឺទៅទិញនៅស្រុកចំការលើ ឯនៅរដូវប្រាំងប្រជាពលរដ្ឋដាំនៅតាមដងទន្លេមេគង្គ គឺមិនមានបញ្ហាចោទពីការខ្វះពោតសម្រាប់ដឹកមកបោះឲ្យម៉ូយនៅឃុំជប់ និងតាមកន្លែងផ្សេងៗទៀតឡើយ ។ ពោតខ្មែរដែលដាំនៅតាមមាត់ទន្លេ ពេលស្ងោរលក់គឺមានរសជាតិផ្អែម ។
លោក ណាំង សុភាព និយាយទៀតថា តាមដែលគាត់ដឹង ពោតនាំមកពីប្រទេសជិតខាង នៅពេលស្ងោរហូបសាច់ឡើងខៀវ ហើយមិនឆ្ងាញ់ទេ ។ ម្យ៉ាងទៀត ទោះបីជាទុកចោល១សប្តាហ៍ក៏ស្លឹកនៅតែស្រស់ដែរ មិនដឹងជាគេដាក់អ្វីឡើយ ហេតុនេះហើយទើបគាត់មិននាំមកលក់ឲ្យម៉ូយ ទេ ឯពោតដែលលក់រាល់ថ្ងៃជាពោតរបស់ខ្មែរសុទ្ធសាធមានរសជាតិឆ្ងាញ់ ។
បុរសចំណាស់ម្នាក់ឈ្មោះ តាន់ ថែន អាយុ៦៣ឆ្នាំ រស់នៅភូមិពណ្ណរាយ ឃុំជើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងពេលឈប់រថយន្តទិញពោតស្ងោរនាព្រឹកថ្ងៃទី៧ ខែមករា និយាយថា រូបគាត់ត្រឡប់មកពីខេត្តព្រៃវែងក្នុងពិធីឡើងគេហដ្ឋានរបស់កូន ក៏ឈប់រថយន្តទិញពោតស្ងោរហូបនៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ។ គាត់ទទួលស្គាល់ថា ពោតដែលគេយកមកស្ងោរលក់នោះ គឺដឹកចេញពីចម្ការដែលនៅមិនឆ្ងាយប៉ុន្មានទេ ហេតុនេះហើយទើបមានរសជាតិផ្អែម ៕
ចែករំលែកព័តមាននេះ