ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ហុងកុង​ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោងអគារ​ស្នាក់​នៅ​រួម​សម្រាប់​ពលរដ្ឋ​ចំណូល​មធ្យម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​កម្ពុជា​កំពុង​ចាប់ផ្ដើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​សាធារណៈ​សម្រាប់​មន្ត្រីរាជការ និង​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​និង​មធ្យម​នោះ កាលពី​ថ្ងៃ​ទី​៦ មក​រា កន្លង​ទៅ ក្រុម​វិនិយោគិន​ខ្មែរ និង​

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​កម្ពុជា​កំពុង​ចាប់ផ្ដើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​សាធារណៈ​សម្រាប់​មន្ត្រីរាជការ និង​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​និង​មធ្យម​នោះ កាលពី​ថ្ងៃ​ទី​៦ មក​រា កន្លង​ទៅ ក្រុម​វិនិយោគិន​ខ្មែរ និង​ហុងកុង​បាន​ចុះ​កិច្ចព្រមព្រៀង​រួម​គ្នា​លើ​គម្រោង​សាងសង់​អគារ​ស្នាក់​នៅ​រួម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ចំណូល​មធ្យម​អាច​មាន​លំនៅ​ឋាន​ផ្ទាល់ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ការ​ចុះ​កិច្ចព្រមព្រៀង​នេះ ភាគី​កម្ពុជា​តំណាង​ដោយ​ក្រុមហ៊ុន Urban Living Solutions  ចំណែក​ភាគី​ហុងកុង តំណាង​ដោយ​ក្រុមហ៊ុន Good Ray ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌមានជ័យ ចម្ងាយ​ប្រមាណ​៧៥០​ម៉ែត្រ​ពី​រង្វង់​មូល​ក្បាលថ្នល់ តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ក្បែរ​ផ្លូវជាតិ​លេខ​២ និង​ជិត​វត្ត​ចាក់​អង្រែ​លើ ។

លោក លឹ​ម សុ​ជាតិ តំណាង​ក្រុមហ៊ុន Urban Living Solutions មាន​ប្រសាសន៍​ថា ដំណាក់កាល​ទី​១ នៃ​គម្រោង​អគារ​ស្នាក់​នៅ​រួម​នេះ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ខែមេសា ឆ្នាំ​២០១៧ មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​មាន​លំនៅ​ឋាន​ចំនួន​៦០០ ។

លោក​បញ្ជាក់​ថា ៖ « លំនៅ​ឋាន​នីមួយ​ៗ មាន​ទំហំ​ប្រហែល​៥០​ម៉ែត្រការ៉េ មាន​តម្លៃ​ប្រហែល​៣៥.០០០​ដុល្លារ​អា​មេ​រិ​ក ហើយ​គម្រោង​នេះ​ផ្តោត​សំខាន់ គឺ​សម្រាប់​អ្នកមាន​បំណង​ចង់​ចូល​មក​រស់នៅ​ក្នុង​លំនៅ​ឋាន​នា​ពេល​ឆាប់​ៗ និង​ប្រជាពលរដ្ឋ​មាន​អាយុ​ចាប់ពី​២៥​ឆ្នាំ ទៅ​៤០​ឆ្នាំ រួម​ទាំង​គ្រួសារ និង​កូន​ៗ​ផង​ដែរ តែ​មិនមែន​សម្រាប់​អ្នក​ដែល​មាន​បំណង​វិនិយោគ​នោះ​ទេ » ។

លោក​បន្ដ​ថា ៖ « ចំណុច​ពិសេស​នៃ​អគារ​ស្នាក់​នៅ​រួម​នេះ គឺជា​សហគមន៍​លំនៅ​ឋាន​បៃតង សុវត្ថិភាព​នៃ​សង្គម និង​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​របៀប​រស់នៅ​ជា​សហគមន៍ ក៏​ដូច​ជា​កា​រត​ភ្ជាប់ និង​ការ​បង្កើត​សហគមន៍​ក្នុង​ប្រទេស​មួយ » ។

លោក​ថា ៖ « គម្រោង​នេះ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផលវិបាក​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត ដែល​បាន​មក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រកបការងារ និង​សិក្សា​រៀនសូត្រ ហើយ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ផ្ទះ បុរី ឬ​ក៏​ខុន​ដូ​សម្រាប់​រស់នៅ » ។

លក្ខណៈ​ពិសេស​របស់​គម្រោង​អគារ​ស្នាក់​នៅ​រួម​នេះ​គឺ ៖
១-​ទីតាំង គឺ​សឹងតែ​នៅ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ ។

២-​ការ​ធ្វើ​អគារ​នេះ គិត​អំពី​ផាសុកភាព​របស់​អ្នក​រស់នៅ​មុនគេ ។ ផ្ទះ​ដែល​ធ្វើ​នេះ មិនមែន​មាន​ត្រឹមតែ​ជញ្ជាំង និង​ដំបូល​ទេ គឺ​មាន​រចនាសម្ព័ន្ធ​ជា​ច្រើន​ដូច​ជា កន្លែង​ហាត់ប្រាណ សួនច្បារ​សម្រាប់​ដើរ​កម្សាន្ដ សាលារៀន គ្លីនិក​ឯកជន និង​ផ្សារ និយាយ​រួម ការ​រស់នៅ​ប្រៀប​ដូច​ជា​សហគមន៍​អីចឹង ។

៣-​តម្លៃ​ផ្ទះ​ដែល​គ្រោង និង​ធ្វើ​សម្រាប់​លក់​នេះ គឺ​ប្រហាក់ប្រហែល​៣៥.០០០​ដុល្លារ បើ​ធៀប​នឹង​តម្លៃ​ទីផ្សារ​នៅ​តំបន់​នោះ គឺ​តិច​ជាង​៤០% នៃ​តម្លៃ​ទីផ្សារ ។ បើ​ធ្វើការ​សិក្សា​នៅ​តំបន់​នោះ ផ្ទះ​មួយ​ល្វែង​យ៉ាង​អន់​បំផុត ក៏​ជាង​១៥​ម៉ឺន​ដុល្លារ​ដែរ ឯ​ខុន​ដូ​មួយ​ដែល​នៅ​ក្បែរ​រង្វង់​មូល​ក្បាលថ្នល់ គ្រាន់តែ​១​យូ​នី​ត​ប្រហែល​៥០​ម៉ែត្រការ៉េ​ដូច​គ្នា ក៏​១០​ម៉ឺន​ដុល្លារ​ដែរ ។

៤-​សុវត្ថិភាព ដោយសារ​តែ​តំបន់​ដែល​គ្រោង​សាងសង់​នេះ​នៅ​ក្បែរ​រាជធានី​ភ្នំពេញ អីចឹង​ប្រព័ន្ធ​សុវត្ថិភាព​គឺ​ខ្ពស់ ធៀប​នឹង​លំនៅ​ឋាន ដែល​នៅ​តំបន់​ជាយក្រុង ។

៥-​ការ​សន្សំ​សំចៃ​នៃ​ការ​រស់នៅ ប្រសិនបើ​រស់នៅ​ជាយក្រុង​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​រាជធានី តើ​ចំណាយ​ប្រាក់​ប៉ុន្មាន​សម្រាប់​ការ​ធ្វើ​ដំណើរ ចាក់​សាំង​ម៉ូតូ និង​រថយន្ត​ជិះ​ចូល​រាជធានី​ភ្នំពេញ ជា​ពិសេស ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ បូក​រួម​នឹង​ការ​កកស្ទះ​ចរាចរណ៍​ទៀត តែបើ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​អគារ​ស្នាក់​នៅ​រួម​នេះ​វិញ និង​កាត់​បន្ថយ​ចំណាយ​ច្រើន ព្រោះ​វា​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង ឯការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ រៀនសូត្រ ក៏​ងាយស្រួល​ថែម​ទៀត » ៕