ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ និង​ពលរដ្ឋ​ចាប់អារម្មណ៍​ខ្លាំង​លើ​គម្រោង​លំនៅ​ឋាន​សាធារណៈ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នេះ​ចាត់​ទុក​ថា ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា ដែល​បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​សាធារណៈ ដោយ​ផ្ដល់​អាទិភាព​ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ក្រីក្រ

ខេត្តកណ្តាល ៖ នេះ​ចាត់​ទុក​ថា ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា ដែល​បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​សាធារណៈ ដោយ​ផ្ដល់​អាទិភាព​ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មាន​ចំណូល​ទាប និង​មធ្យម អាច​ទិញ​ផ្ទះ​ដោយ​បង់​រំលស់​ត្រឹម​១​ខែ​៨០​ដុល្លារ​សម្រាប់​រយៈពេល​២០​ឆ្នាំ ។

នៅ​ក្នុង​ពិធី​សម្ពោធ​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៧ មក​រា កន្លង​ទៅ គេ​សង្កេត​ឃើញ​មាន​មន្ត្រីរាជការ និង​ពលរដ្ឋ​មក​ពី​គ្រប់​មជ្ឈដ្ឋាន បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​គម្រោង​នេះ ដោយ​នាំ​គ្នា​ទៅ​ពិនិត្យ​មើល​ប្លង់​ដែល​ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​ជូន​តាំងពី​ព្រឹក​ព្រលឹម រហូត​ដល់​ពេល​រសៀល ។

ស្ត្រី​ចំណាស់​ជា​គ្រូបង្រៀន​ចូល​និវត្តន៍​ម្នាក់ បាន​រៀបរាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា សព្វថ្ងៃ គាត់​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ការ​មក​ចូលរួម​បើក​ការដ្ឋាន​សាងសង់​លំនៅ​ឋាន​សម្រាប់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​នា​ពេល​នេះ ព្រោះ​គាត់​ចាប់អារម្មណ៍​លើ​គម្រោង​នេះ​យ៉ាង​ខ្លាំង ហើយ​គាត់​ត្រូវ​តែ​ទិញ​ផ្ទះ​ក្នុង​គម្រោង​នេះ​សម្រាប់​ស្នាក់​នៅ បើ​ទោះជា​នៅ​ទី​នេះ​ក៏​ដោយ ព្រោះ​គាត់​មាន​វ័យ​ចំណាស់​ហើយ មិនដឹង​ទៅ​ធ្វើការ​ឯណា​កើត​ទៀត​ទេ ។ ដូចនេះ មាន​តែ​នៅ​ចាំផ្ទះ​ហើយ បើសិនជា​មានផ្ទះ​ផ្ទាល់ខ្លួន​នោះ គឺជា​ការ​ប្រសើរ​ណាស់ ។

កញ្ញា ស៊ី អិន ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​បាន​ឲ្យ​ដឹង​ថា កញ្ញា​មក​ទី​នេះ​ដើម្បី​សាកសួរ​ព័ត៌មាន​ជុំវិញ​ការ​សាងសង់ និង​ការ​លក់​គម្រោង​លំនៅ​ឋាន​នេះ ដោយ​ចង់​ដឹង​ថា តើ​គម្រោង​នេះ​នឹង​ប្រកាស​លក់​នៅ​ពេល​ណា ត្រូវ​បំពេញបែបបទ​អ្វីខ្លះ មាន​ឯកសារ​អ្វីខ្លះ និង​ត្រូវ​មាន​លក្ខខណ្ឌ​យ៉ាងណា ទើប​អាច​ទិញ​ផ្ទះ​ក្នុង​គម្រោង​នេះ​បាន ។ កញ្ញា​និយាយ​ថា ៖ « ខ្ញុំ​មកនេះ​ដើម្បី​សួរនាំ​ព័ត៌មាន​ជំនួស​មិត្តភក្តិ​ខ្ញុំ​ទេ ព្រោះ​គេ​[​មិត្តភក្ដិ​]​មានគ្រួសារ​រួច​ហើយ តែ​ដោយសារ​ទៅ​បំពេញបេសកកម្ម​នៅ​ខាងក្រៅ ទើប​គាត់​ពឹង​ខ្ញុំ​ឱ្យមក​មើល​ព័ត៌មាន​ជំនួស ព្រោះ​យ៉ាងណា​មិត្តភក្តិ​ខ្ញុំ​ថា គាត់​នឹង​ទិញ​ផ្ទះ​នៅ​កន្លែង​នេះ ព្រោះ​មើលទៅ​វា​មិនជា​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​តា​ខ្មៅទេ » ។

លោក​ឧកញ៉ា សៀ ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Land អ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅ​ឋាន​សាធារណៈ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​សាធារណៈ ដែល​ជា​ការ​សហការ​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន World Bridge Land គឺជា​លំនៅ​ឋាន​បែប​សហគមន៍ ប្រកបដោយ​គុណភាព សុវត្ថិភាព សុខុមាលភាព និង​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ ។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ៖ «​ក្រុមហ៊ុន​គ្រោង​សាងសង់​ផ្ទះ​កម្ពស់​២​ជាន់ សរុប​២.២៩៧​ល្វែង ចែក​ចេញ​ជា​ពីរ​ប្រភេទ រួម​មាន​ទី​១ ផ្ទះ​មាន​ទំហំ​៤​គុណ​នឹង​៧​ម៉ែត្រ មាន​ចំនួន​ផ្ទះ​សរុប​២.០២៥​ល្វែង និង​ប្រភេទ​ទី​២ ជា​លំនៅ​ឋាន​ក្នុង​មួយ​ល្វែង​ៗ​មាន​ទំហំ​៦​គុណ​នឹង​៧​ម៉ែត្រ មាន​ចំនួន​ផ្ទះ​សរុប​២៧២​ល្វែង » ។

លោក​ឧកញ៉ា​បន្ត​ថា ដើម្បី​ផ្ដល់​សុខុមាលភាព និង​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​នឹង​ត្រូវ​រស់នៅ​ក្នុង​លំនៅ​ឋាន​នេះ​ក្រុមហ៊ុន​គ្រោង​នឹង​អភិវឌ្ឍន៍​ជា​ផ្សារ ហាង​ទំនិញ គ្លីនិក សាលារៀន សួនច្បារ​សាធារណៈ និង​ការិយាល័យ​រដ្ឋបាល​នៅ​ក្នុង​គម្រោង​នេះ​ផ្ទាល់​តែ​ម្ដង​។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ក៏​នឹង​រៀបចំ​លទ្ធភាព​សេវា​ដឹក​ជញ្ជូន​សាធារណៈ ពី​ទីតាំង​គម្រោង​ទៅ​កាន់​ទីតាំង​សេវា​របស់​រដ្ឋ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន ។

លោក​ឧកញ៉ា​ថា ៖ « ក្រុមហ៊ុន​នឹង​ត្រូវ​អភិវឌ្ឍន៍​ជា​ជំហាន​ៗ ដោយ​គម្រោង​ទី​១​នេះ​សាងសង់​លើ​ផ្ទៃដី​ចំនួន​២៤​ហិ​កតា​ក្នុង​ចំណោម​៤៥​ហិ​កតា​នៅ​ក្នុងភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ដោយ​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០១៨ ដែល​មាន​ក្រុមហ៊ុន​ជំនាញ​ៗ​ក្នុង​ការ​សាងសង់ » ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឲ្យ​ដឹង​ថា គម្រោង​ផ្ទះ​នេះ​មិនមែន​ធ្វើ​ឲ្យ​តែ​បាន​នោះ​ទេ ត្រូវ​គិត​ទៅ​លើ​គុណភាព មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ និង​ការ​រួមចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន​ជាដើម ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ខាង​ក្រសួង និង​ក្រុមហ៊ុន​បាន​ជជែក​គ្នា​ពី​រឿង​តម្លៃ​នៃ​ការ​បង់​រំលស់ ដោយ​ធ្វើ​យ៉ាងណា សម្រួល​ដល់​ការ​បង់​ឲ្យ​នៅ​តិច​ត្រឹម​៨០​ដុល្លារ ឬ​៩០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​ៗ ហើយ​គម្រោង​នេះ​ដែរ ក៏​ត្រូវ​មានការ​តាមដាន​ហ្មត់ចត់​ទៅ​លើ​អ្នកទិញ​ផង​ដែរ ដោយ​តម្រូវ​ជា​លក្ខខណ្ឌ​ដូច​ជា អ្នក​មិន​ទាន់​រៀប​ការ​មិន​អនុញ្ញាត​ឲ្យ​ទិញ​ផ្ទះ​នេះ​បាន​ឡើយ​។ ដូចនេះ ផ្ទះ​នេះ​តម្រូវ​ទៅ​លើ​អ្នក​ដែល​មានគ្រួសារ​រួច​ហើយ និង​កំពុង​ស្វែងរក​ផ្ទះ​ស្នាក់​នៅ​ពិតប្រាកដ ។

បើ​តាម​ម្ចាស់​គម្រោង​បញ្ជាក់​ថា គម្រោង​ទី​១​នេះ ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត​៦០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​គម្រោង​នេះ​នឹង​ប្រកាស​លក់​នៅ​រយៈពេល​ប្រមាណ​២​ស​ប្ដា​ហ៍​ខាង​មុខ​។ ចំពោះ​តម្លៃ​ជាក់ស្ដែង ត្រូវ​កក់​មុន​ប៉ុន្មាន និង​ត្រូវ​បង់​រំលស់​ប៉ុន្មាន​នោះ នឹង​ត្រូវ​ប្រកាស​ជូន​សាធារណជន​នៅ​រយៈពេល​ពីរ​អាទិត្យ​ទៀត​ដែរ ៕