ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជាប់​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា បាន​កើនឡើង​ពី​១៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១១ ដល់​ជិត​៣០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង

រាជធានី​ភ្នំពេញ ៖ កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា បាន​កើនឡើង​ពី​១៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១១ ដល់​ជិត​៣០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ។ លទ្ធផល​ដ៏​ប្រសើរ​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គំរូ​ឈានមុខ​គេ ហើយ​ត្រូវ​បាន​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ផ្តល់​ទំនុកចិត្ត​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​តំណាង​របស់​ខ្លួន​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ត្រូវ​បាន​ជ្រើសរើស​ជា​ឯកច្ឆន្ទ​ឱ្យធ្វើ​ជា​ប្រធាន​សម្របសម្រួល កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លង​ទៅ សម្រាប់​អាណត្តិ​រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដល់​ខែកុម្ភៈ ឆ្នាំ​២០១៨ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានឱ្យ​ដឹង​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ទី​៦ មក​រា កន្លង​ទៅ​ថា កម្ពុជា​បាន​ក្លាយជា​ប្រទេស​គំរូ​មួយ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដទៃ​ទៀត ដោយសារ​កម្ពុជា​សម្រេច​បាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែល​នេះ​ជា​កត្តា​ជំរុញ​ឱ្យ​មានការ​សម្រេច​ជា​ឯកច្ឆន្ទ  ជ្រើសរើស​កម្ពុជា ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្នុង​ការ​ចរចា​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា ជា​ទូទៅ ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច គឺ​ត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ធំ​ៗ​ដូច​ជា កិច្ចប្រជុំ Green Room កិច្ចប្រជុំ​អគ្គ​ក្រុមប្រឹក្សា ក្រុមប្រឹក្សា គណៈកម្មាធិការ ក្រុមការងារ​ដើម្បី​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​ក្រុម​នានា ។ លោក​ថា ៖ « តួនាទី​ជា​ប្រធាន​នេះ គឺ​ត្រូវ​កោះ​ប្រជុំ រៀបចំ​ឯកសារ រៀបចំ​សុន្ទរកថា រៀបចំ​បទ​អន្តរាគមន៍ ឬ​រៀបចំ​ចម្លើយ​សម្រាប់​ឆ្លើយ​មុន​នឹង​ចូលរួម​ប្រជុំ​នីមួយ​ៗ » ។

លោក​បន្ដ​ថា ក្រោយ​ពី​ប្រជុំ​សំខាន់​ៗ​ខាងលើ ទាំង​មន្ត្រី​ការទូត និង​មន្ត្រី​ទទួល​បន្ទុក​ត្រូវ​រាយការណ៍ និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​ជា​សមាជិក​នានា​ដើម្បី​រៀបចំ​ឯកសារ និង​រក្សា​ជំហរ​ចរចា ។ ក្នុង​តួនាទី​នេះ កម្ពុជា​នឹង​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទាំង​៣៦ និង​ប្រទេស​សង្កេតការណ៍​ទាំង​៨ ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំងអស់​ចំនួន​៤៨ ដើម្បី​ជំរុញ​ឱ្យ​ការ​ចរចា​ទាំងអស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឲ្យ​សម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៊ូ​អេ​ណូ​ស អែរ​រេស ប្រទេស​អា​ហ្ស​ង់​ទី​ន ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ « តួនាទី​ជា​ប្រធាន​នេះ នឹង​លើកកម្ពស់​កិត្យានុភាព និង​កិត្តិ​ស័ព្ទ​របស់​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ ជា​ពិសេស តាម​រយៈ​កិច្ចការ​ត្រៀម​រៀបចំ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក លើក​ទី​១១ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន នៅ​ខែធ្នូ ឆ្នាំ​២០១៧ ដែល​ភាព​ជោគជ័យ​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នឹង​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​មាន​ស្ថិរភាព​» ។

ទន្ទឹម​នឹង​នេះ កម្ពុជា​អាច​សហការ​ជាមួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដទៃ​ទៀត ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ចរចា​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​កម្ពុជា ក្នុង​វិស័យ​នានា​ដូច​ជា ពាណិជ្ជកម្ម កសិកម្ម ទំនិញ​នាំ​ចេញ សេវាកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និង​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​ជា​បច្ច័យ​អំណោយផល​ដល់​ការ​បង្កើត​ការងារ​ថ្មី​ៗ​ជា​ច្រើន​ទៀត​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ។

គួរ​រំឭក​ថា ប្រទេស​ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច មាន​ដូច​ជា បង់​ក្លា​ដែ​ស​, ហ្សា​ន់​ញ៉ា​, ឡេ​សូ​តូ​, សំ​ប៊ី​, ហៃ​ទី​, នេ​ប៉ា​ល់​, អ៊ូ​ហ្គ​ង់​ដា និង​បេ​នី​ន ៕