ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ក្នុងស្រុក​គ្រោង​បោះទុន​រៀបចំ​សហគមន៍​កសិករ​នៅ​ខេត្ត​ភាគ​ពាយ័ព្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ក្ដី​កង្វល់​អំពី​បញ្ហា​ទីផ្សារ ក៏​ដូច​ជា​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ខេត្ត​មួយ​ចំនួន អគ្គនាយក​ធនាគារ​ស្រូវ​កម្ពុជា គ្រោង​បោះទុន​៨០​លាន​ដុល្លារ​ដើម្បី​ចុះ​កិច្ចសន្យា​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ក្នុង​

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ក្ដី​កង្វល់​អំពី​បញ្ហា​ទីផ្សារ ក៏​ដូច​ជា​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ខេត្ត​មួយ​ចំនួន អគ្គនាយក​ធនាគារ​ស្រូវ​កម្ពុជា គ្រោង​បោះទុន​៨០​លាន​ដុល្លារ​ដើម្បី​ចុះ​កិច្ចសន្យា​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ក្នុង​ខេត្ត​ចំនួន​៣​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស ដែល​ជា​ខេត្ត​ជង្រុក​ស្រូវ​របស់​កម្ពុជា ។

លោក​ឧកញ៉ា ភួ ពុ​យ អគ្គនាយក​ធនាគារ​ស្រូវ​កម្ពុជា បាន​ថ្លែង​នា​ថ្ងៃ​ទី​៥ មក​រា កន្លង​មក​ថា លោក​កំពុង​រៀបចំ​ចងក្រង​សហគមន៍​កសិករ​នៅ​ក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ ដើម្បី​ចុះ​កិច្ចសន្យា​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​នៅ​ពេល​រដូវ​ប្រមូល​ផល ដើម្បី​ធ្វើ​ឲ្យ​កសិករ​អាច​មាន​លំនឹង​ក្នុង​ចិត្ត និង​បញ្ចៀស​បាន​នូវ​ការ​ក្រឡុក​តម្លៃ​ពី​ឈ្មួញកណ្តាល​។ លោក​បន្ត​ថា លោក​គ្រោង​ធ្វើការ​សហការ​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​នានា​នៅ​តំបន់​ភាគ​ពាយ័ព្យ ដើម្បី​ឲ្យ​ពួក​គេ​មាន​ទុន និង​អាច​ជួយ​ពួក​គេ​ឲ្យ​ដំណើរការ​សង្វា​ក់​ផលិតកម្ម​របស់​ពួក​គេ​ឡើង​វិញ​ផង​ដែរ ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « ការ​រៀបចំ​សហគមន៍​នេះ ដើម្បី​ជួយ​កសិករ​មិន​ឲ្យ​បារម្ភ​ពី​ទីផ្សារ​, កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​បាត់បង់​ផលិតភាព​របស់​ពួក​គាត់ និង​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃដើម​លើ​ការ​ផលិត​របស់​ប្រជា​កសិករ​។ ប្រសិនជា​ប្រជា​កសិករ​ធ្វើស្រែ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ពួក​គេ​អាច​ទទួល​បាន​ទិន្នផល​កាន់តែ​ខ្ពស់ និង​កាត់​បន្ថយថ្លៃ​២០០​ដុល្លារ​ក្នុង​មួយ​ហិ​កតា » ។

ការ​រៀបចំ​ចុះ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិករ​នេះ ស្រប​តាម​គោលនយោបាយ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែង​ថា ក្រសួង​កំពុង​រៀបចំ​គោលនយោបាយ​តាម​រយៈ​ការ​ធ្វើស្រែ​ចុះ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​មាន​លំនឹង​ក្នុង​ចិត្ត​នៅ​ពេល​រដូវ​ប្រមូល​ផល និង​គ្រោង​សិក្សា​លើ​ប្រភេទ​ដី​នៅ​កម្ពុជា ដើម្បី​ដឹង​ថា ដី​នៅ​តំបន់​ណា​មាន​ជីវជាតិ ដី​នៅ​តំបន់​ណា​មាន​សភាព​បែប​ណា សម្រាប់​ងាយ​ប្រើប្រាស់​ជី​ឲ្យ​បាន​សម​ស្រប ព្រោះ​ការ​ប្រើប្រាស់​ជី​មិន​បាន​សម​ស្រប​ធ្វើ​ឲ្យ​កសិករ​ចំណាយ​លើ​ថ្លៃ​ជី​ច្រើន ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​របស់​ពួក​គាត់​មាន​តម្លៃ​ថ្លៃ ។

លោក​បន្ត​ថា ៖ « ប្រសិនជា​កសិករ​ធ្វើស្រែ បាន​ផល​ត្រឹម​មួយ​ហិ​កតា​ពី​៣​ទៅ​៤​តោន ពួក​គាត់​មិន​អាច​រក​ផល​ចំណេញ​ពី​ការ​ធ្វើស្រែ​បាន​នោះ​ទេ ។ ទាល់តែ​កសិករ​បាន​ទទួល​ផល​ក្នុង​រង្វង់​៦​តោន​ក្នុង​មួយ​ហិ​កតា ទើប​កសិករ​អាច​រក​ផល​ចំណេញ​ពី​ការ​ធ្វើស្រែ​បាន ។ លើស​ពី​នេះ ការ​អភិវឌ្ឍ​កសិកម្ម​ទាមទារ​ឲ្យ​មានការ​ជួយ​ថ្ពក់​ពី​វិស័យ​ឯកជន ទើប​វិស័យ​កសិកម្ម​អាច​រីក​ចម្រើន​បាន » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា តម្លៃ​កសិផល​ធ្លាក់​ថ្លៃ​កន្លង​មក មួយ​ផ្នែក​ក៏​ដោយសារ​ការ​លោភលន់​របស់​មន្ត្រី និង​ឈ្មួញ​មួយ​ចំនួន ដែល​ការងារ​នេះ​ទាមទារ​ឲ្យ​មានការ​សម្របសម្រួល និង​ធ្វើ​ការងារ​ឲ្យ​បាន​សកម្ម​ពី​មន្ត្រី​កសិកម្ម​នៅ​តាម​បណ្តា​ខេត្ត ដែល​ភាគច្រើន​ពួក​គេ​មិនសូវ​មាន​សកម្មភាព​នោះ​ទេ ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែង​ថា ការ​ចងក្រង​សហគមន៍​កសិករ នឹង​ធ្វើ​ឲ្យ​កសិករ​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ទាំង​តម្លៃ និង​ការ​រក​ប្រភព​ទុន​ដើម្បី​យក​មក​ប្រើប្រាស់ ។ ការ​ចងក្រង​សហគមន៍ ធ្វើ​ឲ្យ​កសិករ​អាច​មាន​មូលដ្ឋាន​ងាយស្រួល​ធ្វើការ​ខ្ចី​ឥណទាន​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប ធៀប​ជាមួយ​កម្ចី​ជា​ឯក​ត្ត​បុគ្គល ហើយ​យក​ទុន​មក​ប្រើប្រាស់​បាន​ងាយស្រួល និង​ចំណេញ​អត្រា​ការ​ប្រាក់​ច្រើន ។

លោក​បន្ត​ថា ៖ « ការ​ចងក្រង​សហគមន៍​កសិករ ក៏​អាច​ធ្វើ​ឲ្យ​ផលិតផល​មាន​ភាព​ប្រមូលផ្តុំ និង​ដាក់​ចេញ​តម្លៃ​លក់​ចេញ​ដោយ​ខ្លួនឯង ដើម្បី​បញ្ចៀស​ការ​ក្រឡុក​តម្លៃ​ផលិត​ផល​​របស់​ឈ្មួញកណ្តាល​នានា​បាន »