ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បកស្បែក​ក្រុម​ចោរ​AK 7​នាក់​ប្លន់​កក្រើក​ជាយក្រុង​ភ្នំពេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៧ មក​រា បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរ​ប្រើ​កាំភ្លើង​អាកា​ចំនួន​៧​នាក់ ដែល​ជា​ក្រុម​ជនសង្ស័យ​ប្លន់​ផ្ទះ​លក់​ស្រូវ និង​ដកហូត​បាន​កាំភ្លើង​អាកា​ចំនួន​២​ដើម ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ជា​ជំហាន​ដំបូងថា កិច្ចសហការ​បង្ក្រាប​នេះ គឺ​ក្រោម​ការ​បញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង និង​លោក​វរសេនីយ៍ឯក អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​រាជ​ធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ត​កិច្ច​ចាប់ខ្លួន​៧​នាក់ រួមមាន ៖
១-​ឈ្មោះ អ៊ី សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជន​រូប​នេះ​ជា​អ្នក​កាន់​កាំភ្លើង​ភ្ជង់ និង​បាញ់​ជន​រង​គ្រោះ ។
២-​ឈ្មោះ ស៊ុន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។
៣-​ឈ្មោះ សាត ធឹ​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ពីរ​នាក់​នេះ​ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព និង​ជា​អ្នក​ប្រមូល​ទ្រព្យសម្បត្តិ​ក្នុង​អំពើ​ប្លន់​) ។
៤-​ឈ្មោះ អឿ​ន សុ​ផា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ជា​អ្នក​ឌុ​ប​បក្សពួក​ដាក់​តាម​គោលដៅ​ធ្វើ​សកម្មភាព​) ។
៥-​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ។
៦-​ឈ្មោះ មាស ធឹ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២​នាក់​នេះ​ជា​អ្នក​ដើរ​ស៊ើប​មើល​ផ្ទះ​ដែល​ត្រូវ​ប្លន់​ដើម្បី​កំណត់​ឲ្យ​បក្សពួក​ធ្វើ​សកម្មភាព ។
និង​៧-​ឈ្មោះ ស្វាយ តាក់ ហៅ ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នក​ធ្វើ​សកម្មភាព ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រៅពី​ជនសង្ស័យ​ចំនួន​៧​នាក់​ដែល​ចាប់ខ្លួន​នេះ នៅ​មាន​សមាសភាព ៤​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្លោង និង​ជា​អ្នក​កាន់​កាំភ្លើង​អាកា​បាញ់​សម្លាប់​ជន​រង​គ្រោះ​យ៉ាង​ស្ទាត់ជំនាញ​ទៀត​ផង ។

ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់់​ទាំង​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​សហការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដែល​ជា​កន្លែង​ពួក​គេ​ប្រមូលផ្តុំ​គ្នា​មុន​ចេញ​ធ្វើ​សកម្មភាព និង​ជា​ភូមិសាស្ត្រ​លាក់​ទុក​អាវុធ​អាកា​២​ដើម ។

ក្រោយ​ពី​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​នាយកដ្ឋាន​នគរ បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ហើយ​ពួក​គេ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​យក​ចម្លើយ​យ៉ាង​យកចិត្តទុកដាក់​ថែម​ទៀត ។ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​ទទួលស្គាល់​ចំពោះ​ករណី​ប្លន់​ផ្ទះ​អ្នកលក់​ស្រូវ នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២៦ ធ្នូ ២០១៦​ចុងឆ្នាំ​កន្លង​មកនេះ ដែល​អំពើ​ប្លន់​នោះ​ក្រុម​ជនសង្ស័យ​បាន​ចាប់​ម្ចាស់ផ្ទះ និង​កូន​ៗ​ចងស្លាបសេក និង​យក​ស្កុ​ត​បិទ​មាត់​មិន​ឲ្យ​ស្រែក ព្រមទាំង​ផ្ទុះអាវុធ​៣​គ្រាប់​បាញ់​ទៅ​លើ​បុរស​ម្នាក់​ដែល​ជា​ប្រជា​ការពារ​ភូមិ ដែល​ព្យាយាម​ចូល​ទៅ​ជួយ​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​រហូត​ដល់​ស្លាប់​បាត់បង់​អាយុជីវិត​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ។

គួរ​រំឭក​ថា ក្រុម​ចោរប្លន់​មាន​គ្នា​ចំនួន​៧​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​ចំនួន​៦​ដើម ព្រមទាំង​កណ្ដៀវ​ច្រូតស្រូវ​ផង បាន​សំរុកចូល​ធ្វើ​សកម្មភាព​ប្លន់ យក​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ដល់​ក្នុងផ្ទះ​មួយ​កន្លែង​ជា​អ្នកទិញ​ស្រូវ​និង​កិនស្រូវ  ។ ពេល​ទៅ​ដល់​ក្នុងផ្ទះ​ពួក​ចោរ បាន​ចាប់​ម្ចាស់ផ្ទះ​២​នាក់​ប្ដី​ប្រពន្ធ និង​កូន​២​នាក់​ទៀត ចងដៃ​ស្លាបសេក ព្រមទាំង​យក​ស្កុ​ត​បិទ​មាត់​ជាប់​មិន​ឲ្យ​ស្រែក រួច​បាន​វាយ​បង្ខំ​ឲ្យ​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ និង​លុយកាក់​ឲ្យ​ពួក​គេ ។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​ពេល​នោះ ក្រុម​ចោរ​បាន​បាញ់​ជា​ច្រើន​គ្រាប់ បណ្ដាល​ឲ្យ​ត្រូវ​បុរស​ម្នាក់ ដែល​ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​ម្ចាស់ផ្ទះ និង​ជា​ប្រជា​ការពារ​ភូមិ​កើតហេតុ​នោះ ត្រូវ​ចំនួន​២​គ្រាប់ រង​របួស​ធ្លាយ​ពោះវៀន និង​ត្រូវ​ដៃ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​រូប​នេះ​កាន់​កាំភ្លើង​ខ្យល់​១​ដើម​ចូល​ទៅ​ជួយ​ម្ចាស់ផ្ទះ​ដែល​ជាប្អូន ។ ប៉ុន្តែ​ពេល​រត់​ចូល​ទៅ​មិន​ទាន់​ដល់​ផង​ក៏​ត្រូវ​ចោរ​ដែល​ចាំ​មើលផ្លូវ​បាញ់​រះ​ចំនួន​៣​គ្រាប់​ផ្ទួន​ៗ​គ្នា​មក​លើ​តែ​ម្ដង ។ ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ ប្ដី​ឈ្មោះ កែម កន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ភី ធឿ​ន អាយុ​៣៨​ឆ្នាំ ពួក​គាត់​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ខ្នាត​តូច​មួយ​គ្រឿង ម៉ាស៊ីនបោកស្រូវ​១​គ្រឿង និង​មាន​ចិញ្ចឹម​ជ្រូក​ផង​ដែរ ដែល​មាន​ជីវភាព​គ្រួសារ​ធូរធារ​ដោយសារ​មុខរបរ​សុចរិត ។ ពួក​គាត់​មានកូន​ស្រី​ម្នាក់ និង​កូនប្រុស​២​នាក់ នៅ​ក្នុង​បន្ទុកគ្រួសារ ។ ក្រុម​ចោរ​ខាងលើ​បាន​ចាប់​ពួក​គាត់​ទាំង​២​នាក់​ប្ដី​-​ប្រពន្ធ និង​កូនប្រុស​ច្បង​ម្នាក់ កូនស្រី​ទី​២​ម្នាក់​ចងស្លាបសេក​និង​យក​ស្កុ​ត​បិទ​មាត់​មិន​ឲ្យ​ស្រែក រួច​យក​កណ្ដៀវ​ភ្ជង់​កកូន​ស្រី​ទី​២​នោះ​ឲ្យ​នាំ​ពួក​គេ​ដើរ​ប្រមូល​យក​ទ្រព្យសម្បត្តិ មាន​លុយ​ចំនួន​៥០០​ដុល្លារ គ្រឿងអលង្ការ​ប្លា​ទី​ន ក្នុង​នោះ​មាន​ខ្សែ​.​ក​ចំនួន​៥​ជី​កន្លះ ក្រវិល​១​ជី​កន្លះ និង​កងដៃ​២​កង​តម្លៃ​១៥០​ដុល្លារ ចំណែក​កូនប្រុស​ពៅ​មិន​ត្រូវ​បាន​ចោរ​ចាប់ចង​នោះ​ឡើយ ។

ចំណែកឯ​ជន​រង​គ្រោះ​ដែល ត្រូវ​ក្រុម​ចោរ​បាញ់​របួស​ធ្លាយ​ពោះ​និង​របួស​ដៃ ពេល​រត់ ចូល​ទៅ​ជួយ​នោះ​ឈ្មោះ រី សុភាព ហៅ គយ ប៉ន អាយុ​ជាង​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​កើតហេតុ​ជាមួយ​គ្នា​នោះ​ដែរ និង​ត្រូវ​បាន​ក្រុម​គ្រួសារ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់ ។

អំពើ​ប្លន់​នោះ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​យូរ​គួរសម​ដែរ រហូត​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង តែ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ជួយ​នោះ​ទេ បន្ទាប់​ពី​មានការ​បាញ់​រះ​របស់​ក្រុម​ចោរ​មានការ​កត់​សម្គាល់ថា នៅ​មុន​ពេល​ថយ​ទៅ ពួក​ចោរ​បាន​និយាយ​ថា «​អញ​ខឹង ណាស់​គ្រួសារ​ឯង​ធ្វើបាប​គ្រួសារ​អញ​ខ្លាំង​ណាស់​» និង​បាន​ស្រែកហៅ​បក្សពួក​ថា «​ពួក​យើង​ចេញ​តាម​ច្រក​ខាងក្រោយ​» មិនតែប៉ុណ្ណោះ បាន​បាញ់​គំរាម​ប្រជាពលរដ្ឋ​និង​ប្រជា​ការពារ​ភូមិ ដែល​ដេញ​តាម​ជា​ច្រើន​គ្រាប់​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​លែង​ហ៊ាន​ដេញ​តាម ។

អ្នក​ភូមិ​និយាយ​ថា នៅ​ពេល​ឮ​សូរ​មាត់​ស្រែក​សម្លុត​ជន​រង​គ្រោះ ពួក​គាត់​មិន​បានដឹង​ថា​ជា​សកម្មភាព​ចោរប្លន់​ទេ គឺ​នឹក​ស្មានថា​ជា​ការ​ឈ្លោះប្រកែក​គ្នា​ប៉ុណ្ណោះ ទើប​នាំ​គ្នារ​ត់ទៅ​មើល​ក្នុង​បំណង​ជួយ​ឃាត់ ហើយ​ខណៈនោះ​បងប្រុស​ជីដូនមួយ​ម្ចាស់ផ្ទះ​ឈ្មោះ រី សុភាព ហៅ គយ ប៉ន បាន​រត់​ចូល​ទៅ​មុនគេ ក៏​ត្រូវ​ចោរ​បាញ់​ឲ្យ​របួស ហើយ​នៅ​ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ទើប​ដឹង​ថា ជា​សកម្មភាព​ចោរប្លន់ លែង​ហ៊ាន​ចូល​ទៀត ទើប​ចោរ​មានឱកាស​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព ទោះជា​មានការ​ចេញ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ភ្លាម​ៗ​ក៏​ដោយ ។

តែ​រហូត​មក​ដល់​ពេល​នេះ ក្រុម​ជនសង្ស័យ​មួយ​សំបុក​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ទាន់ហន់​ដែល​មាន​ន័យ​ថា សមត្ថកិច្ច​មិន​បាន​សម្ងំ​ស្ងៀម​ន​ទេ ។ សកម្មភាព​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ប្រៀប​ដូច​ទឹក​ស្ងប់​រលក តែ​មិន​មាន​ន័យ​ថា ក្នុង​ទឹក​អត់​ត្រី​នោះ​ឡើយ ៕