ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​សិង្ហ​បុរី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​4​ថ្ងៃ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក តូ​នី តាន់ កេង​យាំ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​និង​លោក​ជំទាវ នា​ថ្ងៃ​ទី​៨ ខែមករា បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​

រាជធានី​ភ្នំពេញ ៖ លោក តូ​នី តាន់ កេង​យាំ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​និង​លោក​ជំទាវ នា​ថ្ងៃ​ទី​៨ ខែមករា បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៤​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

គណៈប្រតិភូ បាន​អញ្ជើញ​មក​ដល់​កម្ពុជា​នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​៥០​ថ្ងៃត្រង់ ក្រោម​កិច្ច​ការពារ​សន្តិសុខ​យ៉ាង​តឹង​រឹ​ុ​ង​បំផុត​ពី​សំណាក់​សមត្ថកិច្ច​កម្ពុជា ។
ដំណើរ​ទស្សនកិច្ច​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​៨​ដល់១១ ខែមករា តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី  ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គណៈប្រតិភូ​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​ពី​សំណាក់សម្តេចចៅហ្វា​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង ព្រមទាំង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ច្រើន​រូប​ទៀត ។ គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី តូ​នី តាន់ កេង​យាំ ស្នាក់​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា ។

មានការ​កត់​សម្គាល់ថា មាន​សិស្សានុសិស្ស មន្ត្រីរាជការ បាន​ឈរ​សងខាង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​តាំងពី​អាកាសយានដ្ឋាន​អន្តរជាតិ​ចូល​មក​រាជធានី​ភ្នំពេញ​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ពី​សំណាក់​សមត្ថកិច្ច​រាជរដ្ឋាភិបាល ។

ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ក្នុង​កំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នេះ លោក​បណ្ឌិត តូ​នី តាន់ កេង​យា នឹង​ចូល​បង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ​នៅ​ប្រាសាទ​ទេវាវិនិច្ឆ័យ និង​ចូល​បង្គំ​គាល់​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ ។

លោក​ប្រធានាធិបតី តូ​នី តាន់ កេង​យាំ នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ បន្ទាប់​មក​ថ្នាក់ដឹកនាំ​ទាំង​ពីរ នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ​គឺ ៖
ទី​១-​អនុស្សរណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។
ទី​២-​អនុស្សរណៈ​រវាង​មន្ទីរពេទ្យ​កាល់​ម៉ែ​តនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ទីរពេទ្យ​តាន់​តុ​ក​សេង នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ លោក​ប្រ​ធានាធិ​បតី នឹង​អញ្ជើញ​ទស្សនា​គម្រោង​របស់​សាធារណរដ្ឋ​សិង្ហ​បុរី​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប ៕