ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ស្រុក​អូរ​រាំង​ឪ​នាំ​គ្នា​ទិញ​ត្រី​ធ្វើ​ប្រហុក​ផ្អក​សម្រាប់​ទុក​ទទួលទាន

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ត្រី​ធ្វើ​ប្រហុក​ផ្អកចាប់ផ្តើម​ត្រូវ​ច្រើន​ហើយ គេ​ឃើញ​អាជីវករបាន​នាំ​គ្នា​ទៅ​ប្រមូល​ទិញ​តាម​ទូក​អូ​សមាញ់ពី​ទន្លេមេគង្គ និង​ព្រែក​ពាមជីលាំង ដឹកតាម​រថយន្ត​តូច​ៗ​យក​មក​លក់​នៅ​ផ្សារ​អូររាំង​ឪ នា​ព្រឹក​ថ្ងៃ​ទី​៧

ខេត្ត​ត្បូងឃ្មុំ ៖ ត្រី​ធ្វើ​ប្រហុក​ផ្អកចាប់ផ្តើម​ត្រូវ​ច្រើន​ហើយ គេ​ឃើញ​អាជីវករបាន​នាំ​គ្នា​ទៅ​ប្រមូល​ទិញ​តាម​ទូក​អូ​សមាញ់ពី​ទន្លេមេគង្គ និង​ព្រែក​ពាមជីលាំង ដឹកតាម​រថយន្ត​តូច​ៗ​យក​មក​លក់​នៅ​ផ្សារ​អូររាំង​ឪ នា​ព្រឹក​ថ្ងៃ​ទី​៧ មក​រា ។ ពេល​នោះមាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​បាន​នាំ​គ្នាមក​ទិញ ត្រី​ដើម្បី​យក​ទៅ​ធ្វើ​ប្រហុក​ផ្អកសម្រាប់​ទុក​ទទួលទាន​ក្នុង​គ្រួសារ​ច្រើន​គួរសមដែរ ។

អាជីវករ​លក់​ត្រី​ឈ្មោះ ហេង ឌឿ​ន អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​គក ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ទិញ​ត្រី​ពី​ព្រែក​ពាមជី​លាំង ប្រមាណ​ជាង​៣០០​គីឡូក្រាម យក​មក​លក់​នៅ​ផ្សារ​អូរ​រាំង​ឪ ដោយ​ក្នុង​១​ជើង​គាត់​អាច​សល់​លុយ​ជាង​១០​ម៉ឺន​រៀល​ផង​ដែរ  ប្រសិនបើ​ត្រី​ត្រូវ​កាន់តែ​ច្រើន​នោះ​គាត់​ក៏​ទទួល​បាន​ផល​ចំណេញ​កាន់តែ​ច្រើន​ដែរ​។

អាជីវករ​ម្នាក់​ទៀត​ឈ្មោះ សុខ សាន្ត អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​តា​ធម្ម ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ ប្រាប់​ឲ្យ​ដឹង​ថា ត្រី​ដែល​គាត់​បាន​ទិញ​ពី​តាម​ទូក​មា​ញ់​នៅ​ខាង​ជី​ហែ ស្រុក​កោះសូទិន បាន​ជាង​៥០០​គីឡូក្រាម ដោយ​ដឹក​តាម​រថយន្ត​យក​មក​លក់​នៅ​ផ្សារ​អូរ​រាំង​ឪ​ក្នុង​១​គីឡូក្រាម​តម្លៃ​ពី​២.៣០០​រៀល​ទៅ​២.៥០០​រៀល តាម​ប្រភេទ​ត្រី​ល្អ ឬ​រាង​អន់សាច់ ។ ក្នុង​ការ​ប្រកប​របរ​ទិញ​ត្រី​លក់​នេះ គាត់​ទើបតែ​ដឹក​បាន​១​ជើង​នេះ​ទេ និង​បានឃើញ​ពលរដ្ឋ​នាំ​គ្នា មក​ទិញ​ត្រី​ធ្វើ​ប្រហុក​ផ្អក​ជា​ច្រើន​នាក់​ដើម្បី​ទុក​ទទួលទាន​តាម​ក្រុម​គ្រួសារ​នីមួយ​ៗ ហើយ​ត្រី​ឆ្នាំ​នេះ​ហាក់​សម្បូរ​ជាង​ឆ្នាំទៅ ។

ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ នួន សា​ម៉ី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្រឡៅ ឃុំ​អំពិល​តា​ពក ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ​កន្លង​ទៅ គាត់​បាន​ទិញ​ត្រី​ធ្វើ​ប្រហុក​ផ្អក​សម្រាប់​ទុក​ទទួល​ទាន​បាន​ប្រហែល​ជាង​៦០​គីឡូក្រាម ហើយ​មក​ដល់​ឆ្នាំ​២០១៧​នេះ គាត់​បាន​ទិញ​ធ្វើ​រួចរាល់​ហើយ​ដែរ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំទៅ​ដែរ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មក​រា គាត់​​ទិញ​ត្រី​ប្រភេទ​ស្លឹក​ឫស្សី ដើម្បី​ធ្វើ​ផ្អក​ជូរ​មាន​តម្លៃ​២.៤០០​រៀល​ក្នុង​១​គីឡូក្រាម គឺ​ទិញ​មិន​ច្រើន​នោះ​ទេ​ព្រោះថា ផ្អក​ជូរ​ទុក​មិន​បាន​យូរ​ទេ ។

តាម​ការ​កត់សម្គាល់ ត្រី​នៅ​ដើមឆ្នាំ​២០១៧ នេះ​សម្បូរ​ជាង​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​ឆ្នាំ​នេះ ទឹក​ទន្លេធំ​ល្មម​មិន​ដូច​ឆ្នាំ​មុន​ទេ​ទឹក​មាន​តែ​នៅ​ពោះ​ទន្លេ​ប៉ុណ្ណោះ៕