ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ជិត​៣​ម៉ោង ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប លិចលង់ (​វី​ដេ​អូ​)

1 អាទិត្យ មុន
  • សៀមរាប

ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ចាប់ពី​ម៉ោង​៤​រសៀល រហូត​ដល់​ម៉ោង​៧​យប់ នា​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប រង​ការ​លិចលង់ ដោយសារ

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ចាប់ពី​ម៉ោង​៤​រសៀល រហូត​ដល់​ម៉ោង​៧​យប់ នា​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប រង​ការ​លិចលង់ ដោយសារ​ទឹកភ្លៀង​យ៉ាង​ខ្លាំង ។

Picture

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ដែល​រង​ការ​លិចលង់​ក្នុង​សង្កាត់​សាលា​កំរើក ក្រោយ​អតីត​មន្ទីរពេទ្យ «​នាគ​ទេព​» បានឱ្យ​ដឹង​ថា ផ្លូវ​នៅ​ក្នុងភូមិ​របស់​គាត់ បាន​ចាក់​បេតុង ដែល​ជា​គម្រោង​ថវិកា​របស់​សាលាសង្កាត់ តែ​ចំពោះ​ការ​ដាក់​លូ​នៅ​តាម​ក្បាលដី​របស់​គ្រួសារ​នីមួយ​ៗ គឺ​មានផ្ទះ​ខ្លះ​បាន​ដាក់​ត្រឹមត្រូវ​ទៅ​តាម​សង្កាត់​ណែនាំ ប៉ុន្តែ​ផ្ទះ​ខ្លះ​មិន​បាន​ដាក់ ហើយ​ខ្លះ​ទៀត ដាក់​ដែរ តែ​មិន​បាន​ត្រឹមត្រូវ​ទៅ​តាម​ទំហំ​ដែល​សាលាសង្កាត់​បាន​កំណត់​នោះ​ទេ ។

Picture

ក្នុង​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​មិន​បាន​យល់ និង​ស៊ីជម្រៅ​ពី​ការ​ចូលរួម​ជាមួយ​រដ្ឋអំណាច​ក្នុង​មូលដ្ឋាន​ខ្លួន ដោយ​បាន​លើក​ឡើង​ថា «​ការ​លិចលង់​នេះ គឺ​មក​ពី​អាជ្ញាធរ​ធ្វើ​ផ្លូវ​មិន​ដាក់​លូ​» តែ​ពួក​គាត់​មិន​បាន​យល់​អំពី​ថវិកា​បរិ​ភាគ ដែល​ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ ត្រូវ​ធ្វើការ​ចូលរួម​ជាមួយ​រដ្ឋអំណាច ក្នុង​ការ​កសាង​ផ្លូវ​នេះ​ឡើយ ។ ម្យ៉ាងទៀត ដោយ​បងប្អូន​មិន​បាន​ចូលរួម​ក្នុង​ថែទាំ​នូវ​មុខ​ផ្លូវទឹក​ហូរ​ចូល​លូ ដោយ​បាន​យក​សំរាម ឬ​កាក​សំណល់​ទៅ​ចាក់​ចូល​ក្នុង​ប្រអប់​លូ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរន្តទឹក ហូរ​មិន​ទាន់​នៅ​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ ។

Picture

យោង​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​សាលាក្រុង​សៀមរាប ក៏​ដូច​ជា​សាលាសង្កាត់ ក៏​បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​បងប្អូន ត្រូវ​នាំ​គ្នា​ចូលរួម​លើ​ការ​ថែរក្សា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ព្រោះថា ផ្លូវថ្នល់ ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង ទឹក​កខ្វក់ ក៏​ដូច​ជា ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ គឺជា​ទ្រព្យសម្បត្តិ​យើង​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ថែរក្សា​ប្រើប្រាស់​ឱ្យ​បាន​យូរអង្វែង ។

Picture

ម្យ៉ាងទៀត នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ឬ​មាន​សំរាម​បិទ​បាំង​មាត់​លូ សូម​ចូលរួម​កាយ​បើកមុខ​ទឹក​ផង ហើយ​បើ​យើង​ចាំ​មើល​តែ​បណ្តាំ​គ្នា​នោះ ដែល​ធ្វើ​ឱ្យ​យើង​ជួប​នូវ​ហានិភ័យ​ដូច​ពេល​នេះឯង ។ ហើយ​ទោះបីជា​យើង​បាន​ដាក់​ប្រព័ន្ធ​លូ​ហើយ​ក៏​ពិតមែន តែ​ការ​លិច​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​តែ​ប៉ុណ្ណោះ គឺ​ដោយសារ​ទឹក​ហូរ​មិន​ទាន់ និង​ប្រព័ន្ធ​លូ​ក្នុង​តំបន់​មួយ​ចំនួន​មិន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​ដែល​សាធារណការ​បាន​កំណត់​នោះ​ឡើយ ៕