ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ដើម​ភាគតិច​ព្រៅ​ធ្វើ​ពិធីសែនព្រេន​«​ស្រូវ​ឡើង​ជង្រុក​»

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ព្រៅ​រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​បាន​រៀបចំ​ពិធីសែនព្រេន តាម​ទំនៀមទម្លាប់​ប្រពៃណី «​ស្រូវ​ឡើង​ជង្រុក​» ។ ពិធី​នេះ​បាន​បង្ហាញ​ពី​ការ​អភិរក្ស​ប្រពៃណី​របស់​ខ្លួន ទោះបី​

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ព្រៅ​រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​បាន​រៀបចំ​ពិធីសែនព្រេន តាម​ទំនៀមទម្លាប់​ប្រពៃណី «​ស្រូវ​ឡើង​ជង្រុក​» ។ ពិធី​នេះ​បាន​បង្ហាញ​ពី​ការ​អភិរក្ស​ប្រពៃណី​របស់​ខ្លួន ទោះបី​បច្ចុប្បន្ន​ការ​រស់នៅ​របស់​ពួក​គាត់​វិ​វ​ឌ្ឍ​ទៅ​តាម​សម័យកាល មានការ​ផ្លាស់​ប្តូរ និង​កែប្រែ ខ្លះ​ៗ​ទៅ​ហើយ​ក៏​ដោយ ។

ក្នុង​ពិធីសែនព្រេន​ស្រូវ​ឡើង​ជង្រុក​លោ​កន​ង ប៊ុ​ន អាយុ​៨៩​ឆ្នាំ ជនជាតិ​ព្រៅ​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពិធីសែនព្រេន ជនជាតិ​ព្រៅ​ធ្វើ​ឡើង​ក្នុង​មួយ​ឆ្នាំ​២​ដង ទី​១-​នៅ​មុន​ពេល​រដូវ​បង្កបង្កើន​ផល​ដើម្បី​សុំ​ឲ្យ​ចម្រុងចម្រើន​បាន​ភោគផល​ច្រើន ។ ទី​២-​នៅ​ពេល​ប្រមូល​ផល​ស្រូវ​ដាក់​ជង្រុក​អស់​ដើម្បី​បញ្ជាក់​ពី​ការ​ដឹងគុណ​ចំពោះ​ភោគផល​ស្រូវ និង​ថែរក្សា​ក្រៅពី​ទុក​ពូជ ត្រូវ​ទុក​បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់ ។ ភោគផល​ដែល​ប្រមូល​បាន ជនជាតិ​ព្រៅ​មិន​ធ្លាប់​យក​ទៅ​លក់ដូរ​មុន​ពេលធ្វើការ​ងារ​បង្កបង្កើន​ផល​ទេ គឺ​ទុក​ឲ្យ​កូនចៅ​ដាំ​ដុះ​គ្រប់គ្រាន់​ទើប​អាច​លក់ដូរ និង​ចែកចាយ​ទៅ​កន្លែង ផ្សេង​ៗ​ទៀត​បាន ។ 

លោក​ទាង ប៊ុ​ន​ណាត តំណាង ជនជាតិ​ព្រៅ​នៅ​ភូមិ​កាត​តូ​ត លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ទំនៀមទម្លាប់​ជនជាតិ​ព្រៅ​បាន​ធ្វើ​ឡើង​មាន​បំណង​ឲ្យ​គ្រួសារ​អ្នក​ភូមិ​ចេះ​ថែរក្សា​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ផង និង​នាំ​គ្នា​រក្សា​ប្រពៃណី​ដែល​មាន​តាំងពី​ដើម​តរៀង​មក ។ ដូនតា​នាំ​កូនចៅ​សែនព្រេន​ស្រូវ​ឡើង​ជង្រុក​នេះ​បង្ហាញ​ពី​ភោគផល​ទទួល​បាន និង​បញ្ជូន​ភាគ​ផល លា​មាត់​លា​.​ក ក្នុង​ពិធី​បន់ស្រន់​កាលពីដើម​ឆ្នាំ​ឲ្យ​បាន​ទៅ​ដល់​អារក្ស អ្នកតា​ភ្នំ​នៅ​តាម​ស្រែ​ចម្ការ រួច​ហើយ​មក​ជួបជុំ​គ្នា​សប្បាយ​ក្នុងភូមិ​មួយ​ឆ្នាំ​ម្តង ។

លោក​ទាង ប៊ុ​ន​ណាត ថា «​ពី​ដើម​គេ​សែន​ពេល​ស្រូវ​ឡើង​ជង្រុក ហើយ​រាល់​ឆ្នាំ​កាលណា​បង្កបង្កើន​ផល​បាន នាំ​ស្រូវ​ដល់​ជង្រុក​ហើយ គេ​ចាប់ផ្តើម​សែន ។ អីុចឹ​ង​ទេ​ កាលពី​ដំបូង កាលពី​ដូនតា​ពី​ដើម គេ​សែន​តាម​គ្រួសារ ហើយ​គេ​មក​ហូប​ស្រា​រួម​នៅ​ក្នុងភូមិ កណ្តាល​ភូមិ​» ។

លោក​វាន់ វែង ប្រធាន​គណៈកម្មការ​សហគមន៍​ជនជាតិ​ព្រៅ បញ្ជាក់​ថា វា​បង្ហាញ​ឲ្យ​ឃើញ​ពី​កត្តា​សាមគ្គីភាព​គ្នា​ផង​ដែរ នៅ​ក្រោយ​ពេល​បញ្ចប់​ការងារ​ធ្វើស្រែ​ចម្ការ ហើយ​ជនជាតិ​មានឱកាស​បាន​ជួបជុំ​គ្នា ផ្តល់​ដំបូន្មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​កែប្រែ​ជីវភាព​រស់នៅ​ប្រសើរ​ឡើង​ថែម​ទៀត ។

លោកមៀ​ច អ៊ា​ង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បញ្ជាក់​ថា ការ​យល់​ដឹង​របស់​ជនជាតិ​ព្រៅ​ពិតជា​បាន​រួមចំណែក​លើកកម្ពស់​សុវត្ថិភាព​រស់នៅ​ក្នុង​គ្រួសារ ហើយ​ការ​សែនព្រេន​ក៏​អាច​ផ្ទេរ​ចំណេះដឹង​នេះ​ឲ្យ​ទៅ​កូនចៅ​ជំនាន់ ក្រោយ​ៗ​ថែរក្សា កុំ​ឲ្យ​បាត់បង់​តាម​បែប​ព្រហ្មញ្ញសាសនា និង​អាច​ចាត់ទុកជា​ការ​ដឹងគុណ​ដល់​ផល​ស្រូវ​ដែល​បាន​ជួយ​ចិញ្ចឹមជីវិត​ផង ។

បច្ចុប្បន្ន​ជនជាតិ​ព្រៅ​មាន​៨២​គ្រួសារ ស្មើនឹង​៣៣៧​នាក់ ក្នុង​នោះ​ស្រី​១៦៨​នាក់ ការ​រស់នៅ​ប្រកប​របរ​ធ្វើ​ចម្ការ​ពនេចរ ហើយ​ប្រមូលផ្តុំ​គ្នា​នៅ​ភូមិ​កាតូត​តាំងពី​ឆ្នាំ ១៩៦២​មក​ម្ល៉េះ ៕