ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​ចំណុច​ដែល​អ្នកលក់​ផ្ទះ​គិត​មិន​ដល់

7 ឆ្នាំ មុន

ការ​ប្រកាស​លក់​ផ្ទះ មិនមែន​ជា​រឿង​លំបាក ហើយ​ក៏​មិន​ងាយស្រួល​ដែរ ។ វា​មិន​ត្រឹមតែ​ប្រកាស​ផ្សាយ​តាម​វែ​ប​សាយ ឬ​ទាក់ទង​ជាមួយ​ឈ្មួញកណ្តាល ហើយ​អង្គុយ​ចាំ​ឱ្យ​មាន​អ្នក​ទាក់ទង​ទិញ​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ចាត់

ការ​ប្រកាស​លក់​ផ្ទះ មិនមែន​ជា​រឿង​លំបាក ហើយ​ក៏​មិន​ងាយស្រួល​ដែរ ។ វា​មិន​ត្រឹមតែ​ប្រកាស​ផ្សាយ​តាម​វែ​ប​សាយ ឬ​ទាក់ទង​ជាមួយ​ឈ្មួញកណ្តាល ហើយ​អង្គុយ​ចាំ​ឱ្យ​មាន​អ្នក​ទាក់ទង​ទិញ​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ចាត់ចែង​ផ្ទះ​ឱ្យ​រៀបរយ​ជា​មុន ។

អ្វី​ដែល​ត្រូវ​ជួសជុល ក៏​ត្រូវ​ជួសជុល ហើយ​អ្វី​ត្រូវ​បោះបង់​ចោល គឺ​ត្រូវ​យក​ចេញ និង​នៅ​មាន​ចំណុច​តូច​ៗ​ជា​ច្រើន​ទៀត​ដែល​ម្ចាស់ផ្ទះ​គួរតែ​យកចិត្តទុកដាក់​មុន​នឹង​លក់ ដើម្បី​ឱ្យ​ផ្ទះ​របស់​អ្នកលក់​ដាច់​ឆាប់រហ័ស ទទួល​តម្លៃ​ខ្ពស់ និង​បង្កើន​ចំណាប់អារម្មណ៍​ផង​ដែរ ។ ខាងក្រោម​នេះ គឺជា​ចំណុច​ដែល​មនុស្ស​ភាគច្រើន​ភ្លេច​នៅ​ពេល​លក់​ផ្ទះ ៖

១-​កម្ចាត់​ភាព​អាប់អួ​ក្នុងផ្ទះ ៖
ផ្ទះ​នីមួយ​ៗ​តែង​មាន​ភាព​អាប់អួ​នៅ​តាម​ចំណុច​ផ្សេង​ៗ មិន​ថា​នៅ​ក្រោម​ជណ្តើរ ខាង​មុខ​បន្ទប់ទឹក ឬ​នៅ​តាម​ផ្លូវ​ដើរ​ចង្អៀត ។ នៅ​ពេល​មាន​អ្នក​សុំ​ចូល​មើល​ផ្ទះ ចំណុច​អាប់អួ​ទាំងនេះ​នឹង​កាន់តែ​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ថា ផ្ទះ​នេះ​មើលទៅ​មិន​គួរ​ឱ្យ​រស់នៅ ។ ដូច្នេះ មុន​នឹង​លក់ ម្ចាស់ផ្ទះ​គួរ​រក​វិធី​កម្ចាត់​ចំណុច​អាប់អួ​ទាំងនេះ ដោយ​អាច​លាប​ពណ៌​ឱ្យ​ភ្លឺ​ថែម​ទៀត ឬ​រក Sticker មាន​ក្បូរក្បាច់​មក​តុបតែង​ដើម្បី​បង្កើត​បរិយាកាស​ល្អ ។

២-​សម្អាត​កញ្ចក់​គ្រប់​ផ្នែក ៖
មនុស្ស​ជា​ច្រើន​តែង​ភ្លេច​គិតដល់​កញ្ចក់ មិន​ថា​ជា​កញ្ចក់​ក្នុងផ្ទះ ឬ​កញ្ចក់​ដាក់​នៅ​តាម​ទ្វារ​មុខ តើ​ដឹង​ឬទេ​ថា កញ្ចក់​ជំនួយ​យ៉ាង​ខ្លាំង​ដែល​អាច​ធ្វើ​ឱ្យ​ផ្ទះ​មើលទៅ​ស្រស់ថ្លា និង​ទូលាយ ។

ប៉ុន្តែ​កញ្ចក់​ក៏​បង្កើត​ផល​អាក្រក់​ផង​ដែរ​ដូច​ជា ប្រសិនបើ​វា​បែក ឬ​មាន​ស្នាម​ប្រេះ នឹង​កាន់តែ​ធ្វើ​ឱ្យ​ផ្ទះ​មើលទៅ​ទ្រុឌទ្រោម​ខ្លាំង ។ ដូច្នេះ គួរតែ​សម្អាត​កញ្ចក់​គ្រប់​ផ្នែក​ទាំងអស់ បើសិនជា​ផ្នែក​ណា​បែកបាក់ ឬ​មិន​ស្នាម​ប្រេះ ត្រូវ​ប្រញាប់​ផ្លាស់​ប្តូរ​ចេញ  ។

៣-​បោះចោល​នូវ​សម្ភារ​ចាស់ ៖
បោះចោល​នូវ​សម្ភារ​ចាស់​ៗ និង​ដាក់​បន្ថែម​សម្ភារ​ថ្មី​សម្រាប់​ប្រើប្រាស់​ក្នុង ផ្ទះ ។ ប្រសិនបើ​វត្ថុ​នោះ​គ្មាន​ប្រយោជន៍ និង​មាន​សភាព​ចាស់​រហូត​ដល់​ប្រើ​ការ​លែង​បាន គួរតែ​បោះ​វា​ចោល​ល្អ​ជាង​ដាក់​តាំង​ក្នុងផ្ទះ ដែល​កាន់តែ​ធ្វើ​ឱ្យ​មើលទៅ​មិនល្អ​ភ្នែក​ថែម​ទៀត ។ គួរ​ទុក​តែ​វត្ថុ​ណា​ដែល​ប្រើប្រាស់​បាន​ប៉ុណ្ណោះ និង​នៅ​ក្នុង​សភាព​ថ្មី​ល្អ ព្រោះ​បើសិនជា​សម្ភារ ឬ​គ្រឿងសង្ហារិម​ចាស់ គឺ​មាន​តែ​ធ្វើ​ឱ្យ​សភាព​ផ្ទះ​មើលទៅ​ទ្រុឌទ្រោម​ថែម​ទៀត ។

៤-​ពិនិត្យ​ប្រព័ន្ធ​ទឹក​-​ភ្លើង ៖
ពិនិត្យ​វា​ឱ្យ​មាន​ទំនុកចិត្ត ដែល​ភាគច្រើន​អ្នក​មក​មើល​ផ្ទះ​ទាំងឡាយ​មិន​បាន​មក​មើល​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​ពួក​គេ​តែង​សាកល្បង​ប្រព័ន្ធ​ទឹក​-​ភ្លើង​ថា តើ​នៅ​អាច​ប្រើ​ការ​បាន​ល្អ​ឬ​អត់​។ ដូច្នេះ វា​នឹង​ល្អ​បំផុត​ប្រសិនបើ​អ្នក​ជួសជុល​ឱ្យ​គ្រប់យ៉ាង​ល្អ​រៀបរយ​សម្រាប់​ទាំង​ខ្លួន​យើង​ផ្ទាល់ និង​អ្នកទិញ ។

៥-​ប្រមូល​សម្ភារ​ផ្ទាល់ខ្លួន​/​គ្រួសារ ៖
ប្រមូល​សម្ភារ​ទាំងនេះ​ឱ្យ​ផុត​ពី​ភ្នែក ព្រោះ​វា​មិនមែន​ជា​អ្វី​ដែល​គួរ​ឱ្យ​ចង់​មើល​ប៉ុន្មាន​ទេ បើសិនជា​អ្នក​នៅ​មាន​របស់​ផ្ទាល់ខ្លួន​ឬ​គ្រួសារ​ដូច​ជា សម្លៀក​បំពាក់ ថ្នាំដុសធ្មេញ និង​រូបថត​ក្រុម​គ្រួសារ​ជាដើម ព្រោះ​វត្ថុ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​អ្នក​មើល​ផ្ទះ​មាន​អារម្មណ៍​ថា ផ្ទះ​នេះ​នៅ​មាន​មនុស្ស​រស់នៅ និង​មិន​ផ្តល់​អារម្មណ៍​ថា​ជា​ផ្ទះ​លក់​នោះ​ទេ ។

វិធី​ល្អ ត្រូវ​ប្រមូល​នូវ​វត្ថុ​ផ្ទាល់ខ្លួន​ចេញ​ឱ្យ​អស់​ដើម្បី​ឱ្យ​ក្នុងផ្ទះ​មាន​តែ​គ្រឿងសង្ហារិម និង​វត្ថុ​តុបតែង​តូច​ៗ​ដែល​ចាំបាច់​ប៉ុណ្ណោះ គឺ​គ្រប់គ្រាន់ ៕