ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពុះ​ដី​ឡូត៍​នឹង​ទទួល​បាន​ប្រយោជន៍​ខ្ពស់ បើ​ធ្វើ​តាម​លក្ខណៈ​ត្រឹមត្រូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ពុះ​ដី​ឡូត៍​លក់​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដែល​មាន​សក្ដានុពល ឃើញ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​សកម្មភាព​យ៉ាង​ខ្លាំង និង​ធ្វើ​ឡើង​ដោយ​តាម​គ្នីគ្នា ។ សកម្មភាព​នេះ

រាជធានី​ភ្នំពេញ ៖ ការ​ពុះ​ដី​ឡូត៍​លក់​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដែល​មាន​សក្ដានុពល ឃើញ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​សកម្មភាព​យ៉ាង​ខ្លាំង និង​ធ្វើ​ឡើង​ដោយ​តាម​គ្នីគ្នា ។ សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សំណាក់​អ្នក​ធ្វើ​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ ព្រោះ​អាច​នឹង​មាន​ហានិភ័យ​ណាមួយ​នៅ​ថ្ងៃ​ខាង​មុខ ។ ជាក់ស្ដែង ដូច​ជា​ការ​ពុះ​ដី​ឡូត៍​ដែល​គ្មាន​ប្លង់​ត្រឹមត្រូវ​ប្រគល់​ជូន​អ្នកទិញ ឬ​ក៏​យក​លុយ​ពី​ធនាគារ​ដើម្បី​មក​ពុះ​ដី​ឡូត៍​សម្រាប់​ប្រកាស​លក់ ដោយ​ប្លង់​នៅ​ធនាគារ ហើយ​នៅ​ពេល​មាន​វិបត្តិ​ណាមួយ នឹង​ធ្វើ​ឲ្យ​អ្នកទិញ​ដី​ឡូត៍​មាន​បញ្ហា​ជាដើម ។ ទោះបី​យ៉ាងណា ការ​ពុះ​ដី​ឡូត៍​ក៏​មាន​ប្រយោជន៍​ច្រើន​ណាស់​ដែរ បើសិនជា​ម្ចាស់​ដី​ធ្វើ​ដោយ​មាន​បទដ្ឋាន​ត្រឹមត្រូវ មាន ការ​ដឹង​ឮ​ពី​អាជ្ញាធរ ក៏​ដូច​ជា​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ​ជាដើម ។

លោក ឌឹ​ត ច​ណ្ណា នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី ឲ្យ​ដឹង​ថា ការ​ពុះ​ដី​ឡូត៍​វា​ជួយ​បាន​ច្រើន​ណាស់ បើសិនជា​ការ​ពុះ​នោះ​មាន​បទដ្ឋាន និង​តាម​ច្បាប់​ត្រឹមត្រូវ​ដូច​ជា ការ​រៀបចំ​ប្រព័ន្ធ​ផ្លូវ ដាក់​លូ​រំដោះ​ទឹក និង​ប្រព័ន្ធ​ភ្លើង​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន ។ ប៉ុន្តែ​បើសិនជា​ការ​ពុះ​ដី​ឡូត៍​លក់​មិន​ធ្វើ​តាម​ច្បាប់​កំណត់ ហើយ​ធ្វើ​តាម​អ្វី​ដែល​អាច​ឲ្យ​ម្ចាស់​ដី​ចំណេញ​នោះ វា​នឹង​មាន​ផល​ប៉ះពាល់​ទៅ​ថ្ងៃក្រោយ ។ លោក​និយាយ​ថា ៖ « ទៅ​ថ្ងៃក្រោយ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ ដោយ​មិន​ទុក​ផ្លូវ​ឲ្យ​ធំ​សម្រាប់​ថ្ងៃក្រោយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​នោះ នឹង​ជួយ​ប្រជាពលរដ្ឋ​អ្នកមាន​ចំណូល​ទាប និង​មធ្យម​បាន​ច្រើន ព្រោះថា​ពលរដ្ឋ​អ្នក​ចំណូល​ទាប និង​មធ្យម​មួយ​ចំនួន​ធំ គាត់​មិន​មាន​លទ្ធភាព​ទៅ​ទិញ​ដី​ធំ​ៗ​ពីរ​បី​ហិ​កតា​នៅ​ជាយក្រុង​ទេ អីចឹង​មាន​តែ​ដី​ឡូត៍​ដែល​គេ​ពុះ​លក់​ស្រាប់​តូច​ៗ​ហ្នឹង​ទេ ដែល​អាច​ឲ្យ​ពួក​គាត់​ទិញ​សម្រាប់​សង់ផ្ទះ​បាន​នៅ​ថ្ងៃក្រោយ » ។

លោក ប៉ូ អ៊ា​វ​គង់ ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ Advance Real Estate ឲ្យ​ដឹង​ថា រឿង​ពុះ​ដី​ឡូត៍​លក់​បាន​កើតឡើង​តាំងពី​ឆ្នាំ​ជាង​២០០០​ឯណោះ ហើយ​កាល​នោះ សកម្មភាព​ហ្នឹង​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ​ដែរ ។ ប៉ុន្តែ​ក្រោយមក ដោយសារ​តែ​នាំ​គ្នា​ធ្វើ​ត​ៗ​គ្នា វា​ក៏​បាន​ធ្លាក់​ចុះ​មក​វិញ​ដោយ​មិនសូវ​មាន​អ្នកទិញ ទើបតែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​ងើបឡើង​វិញ ។ លោក​និយាយ​ថា ៖ «​ការ​ពុះ​ដី​ឡូត៍​លក់ វា​អាច​បណ្ដាល​មក​ពី​ម្ចាស់​ដី​ដែល​បាន​ទិញ​ពី​គេ​ហើយ​មិនដឹង​អភិវឌ្ឍន៍​អ្វី​ឲ្យ​ចំណេញ ទើប​នាំ​គ្នា​ពុះ​ដី​ឡូត៍​លក់​តែ​ម្ដង​ទៅ និង​បាន​ទាក់ទង​ជាមួយ​ឈ្មួញ​គួ​ក​ជេ​មួយ​ចំនួន​ដើម្បី​រក​ទីផ្សារ ហើយ​ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​ដែល​គាត់​ចូល​មក​ក្រុង​ថ្មី​ៗ និង​មិនសូវ​មាន​លទ្ធភាព​ទិញ​ផ្ទះល្វែង​តម្លៃ​ខ្ពស់​បាន គឺ​មាន​តែ​ទិញ​ដី​ឡូត៍​ទេ ដើម្បី​ទុក​សង់ផ្ទះ​នៅ​ពេល​ខាង​មុខ » ។

លោក​បន្ត​ថា សកម្មភាព​ពុះ​ដី​ឡូត៍​នៅ​ពេល​បច្ចុប្បន្ន​នេះ មិនសូវ​ជា​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នកទិញ​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​បើ​ការ​សង់ផ្ទះ​មាន​តម្លៃ​ទាប​ដូច​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល វា​អាច​នឹង​ជួយ​ប្រជាពលរដ្ឋ​បាន​ច្រើន​ជាង ហើយ​ការ​ទិញ​ដី​ឡូត៍​ទុក​លក់​បន្ត ក៏​វា​កម្រ​នឹង​ទទួល​បាន​ផល​ចំណេញ​ដែរ ព្រោះថា ម្ចាស់​ដី​ឡូត៍​បាន​យក​ផល​ចំណេញ​ពី​អ្នកទិញ​រួច​បាត់​ទៅ  ​ហើយ ។ ដូចនេះ អ្នកទិញ​មិន​អាច​ទៅ​យក​ប្រាក់​ចំណេញ​បន្ត​ទៀត​ដែរ ។

លោក​ក៏​បាន​បញ្ជាក់​ជូន​ដល់​អ្នក​ដែល​មាន​បំណង​ទិញ​ដី​ឡូត៍​សម្រាប់​សង់ផ្ទះ​នៅ​ពេល​អនាគត ត្រូវ​មើលទៅ​លើ​ប្រព័ន្ធ​ឯកសារ​ឲ្យ​បាន​ច្បាស់ ព្រោះថា អ្នក​ពុះ​ដី​ឡូត៍​លក់​មួយ​ចំនួន​ជា​ប្រភេទ​អ្នក​ធ្វើ​នំ​អត់​ម្សៅ ដោយ​គ្រាន់តែ​សហការ​ជាមួយ​ម្ចាស់​ដី ហើយ​ធ្វើ​ផ្លូវ និង​ចាក់​បំពេញ​ដី ដើម្បី​ពុះ​ដី​លក់ ។ ប៉ុន្តែ​បើសិនជា​អ្នក​ពុះ​ដី​ឡូត៍​នោះ​ធ្វើ​ទៅ​តាម​ប្រព័ន្ធ​ច្បាប់ មាន​ឯកសារ មាន​ប្លង់​ត្រឹមត្រូវ​ប្រគល់​ជូន​អ្នកទិញ វា​នឹង​មាន​ភាព​ប្រសើរ តែ​កន្លង​មក​មិនឃើញ​មាន​អ្នក​ធ្វើ​តាម​ទេ ។ អ្វី​ដែល​អ្នក​ចង់​ទិញ​ដី​ឡូត៍​សម្លឹង​មើល​ទៀត​នោះ គឺ​មើលទៅ​លើ​ប្រព័ន្ធ​ទឹក ភ្លើង និង​លូ​។ សព្វ​ថ្ងៃនេះ អ្នក​ពុះ​ដី​ឡូត៍​លក់​មិន​បាន​គិតគូរ​ឲ្យ​ច្បាស់​ពី​បញ្ហា​ហ្នឹង​ទេ ភាគច្រើន​អូស​តែ​ភ្លើង​ចូល​ជា​ការ​ស្រេច មិនដឹង​លូ​បង្ហូរ​ទៅ​ណា និង​ទឹក​អូស​ចូល​តាម​ណា​។ ដូចនេះ នៅ​ពេល​មានការ​សង់ផ្ទះ​កាន់តែ​ច្រើន មិនដឹង​បង្ហូរទឹក​ស្អុយ​ទៅ​ណា ហើយ​ទឹក​យក​ចូល​តាម​ណា​ដែរ ។ ទាំងនេះ​ហើយ​ដែល​អ្នកទិញ​ដី​ឡូត៍​ត្រូវ​មើល​ឲ្យ​បាន​ច្បាស់ មុន​នឹង​សម្រេចចិត្ត​ទិញ​ដី​ឡូត៍​សម្រាប់​សង់ផ្ទះ​ស្នាក់​នៅ​ពេល​អនាគត ៕