ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពង្រីក​ផ្លូវជាតិ​លេខ​5 នឹង​ចាប់ផ្តើម​នៅ​ខែកុម្ភៈ​ខាង​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ពង្រីក​ផ្លូវជាតិ​លេខ​៥ ដែល​ផ្តល់​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន នឹង​បើក​សម្ពោធ​ការដ្ឋាន​នៅ​ខែកុម្ភៈ​ខាង​មុខ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​ស្ថាបនា​នៅ​ឆ្នាំ​២០២១​។ នេះ​បើ​តាម​មន្ត្រី​ទទួល​បន្ទុក​គម្រោង​ជំនួយ​របស់​ជប៉ុន

រាជធានី​ភ្នំពេញ ៖ ការ​ពង្រីក​ផ្លូវជាតិ​លេខ​៥ ដែល​ផ្តល់​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន នឹង​បើក​សម្ពោធ​ការដ្ឋាន​នៅ​ខែកុម្ភៈ​ខាង​មុខ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​ស្ថាបនា​នៅ​ឆ្នាំ​២០២១​។ នេះ​បើ​តាម​មន្ត្រី​ទទួល​បន្ទុក​គម្រោង​ជំនួយ​របស់​ជប៉ុន នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក ឈឹ​ម ផល្លា ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​សា​ធា​- រណការ និង​ដឹក​ជញ្ជូន ទទួល​បន្ទុក​គម្រោង​ជំនួយ​របស់​ជប៉ុន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មក​រា ម្សិលមិញ​ថា ការ​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​លេខ​៥ នឹង​ធ្វើ​ឡើងជា​៣​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ នឹង​ចាប់ពី​ខេត្តបាត់ដំបង ទៅ​កាន់​ក្រុង​សិរី​សោភ័ណ​។

ដំណាក់កាល​ទី​២ នឹង​ចាប់ពី​ស្ពាន​ព្រែក​ក្តាម ក្នុង​ដល់​តំបន់​ធា​ម្អម ខេត្តពោធិ៍សាត់ និង​ដំណាក់កាល​ទី​៣ ចាប់ពី​ខេត្តពោធិ៍សាត់ ទៅ​បាត់ដំបង និង​ចេញពី​សិរី​សោភ័ណ ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​បន្ត​ថា ៖ « ផ្លូវជាតិ​លេខ​៥ នឹង​ជា​ផ្លូវ​ដ៏​សំខាន់ ដែល​ការ​ពង្រីក​នឹង​បង្កើន​ទំហំ​ផ្លូវ អាច​បើកបរ​រថយន្ត​ពីរ​ទៅ ពីរ​មក​បាន និង​មាន​សួនច្បារ​ពុះ​ចំ​កណ្តាល​ទ្រូងផ្លូវ ។ ផ្លូវ​នេះ​នឹង​ធ្វើ​វាង​ទីប្រជុំជន​ស្រុក​ឧដុង្គ ខេត្តកណ្តាល និង​វាង​ទីក្រុង​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ទី​រួម​ខេត្តបន្ទាយមានជ័យ ។ ការ​វាង​នេះ​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​លើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ និង​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នៅ​តាម​ទីប្រជុំជន​ទាំងនោះ » ។

ទោះជា​យ៉ាងណា លោក​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ថវិកា​សម្រាប់​សាងសង់​ផ្លូវ​នេះ​ទេ ព្រោះ​ការ​ផ្តល់​កម្ចី​ធ្វើ​ឡើងជា​ដំណាក់កាល និង​កំពុង​គណនា​នៅឡើយ ។

លោក ឈឹ​ម ផល្លា បន្ថែម​ថា ការ​ស្ថាបនា​ផ្លូវ​នេះ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA ។ ការ​ស្ថាបនា​កំណាត់​ផ្លូវ​ដំណាក់កាល​ទី​១ អង្គការ JICA បាន​ជ្រើសរើស និង​ដេញថ្លៃ​ក្រុមហ៊ុន​សាងសង់​រួច​ហើយ ។

កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ស្ថាបនា និង​ផ្តល់​ជំនួយ​ដោយ​ប្រទេស​ចិន និង​ជប៉ុន ។ ការ​ស្ថាបនា​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្ពាន​ព្រែក​ក្តាម បាន​និង​កំពុង​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ដែល​មាន​ប្រវែង​ជាង​៣០​គីឡូម៉ែត្រ និង​ចន្លោះ​ពី​ស្ពាន​ព្រែក​ក្តាម ទៅ​កាន់​ច្រក​ស្ទឹង​បត់ ក្រុង​ប៉ោយ​ប៉ែ​ត ស្ថាបនា និង​ផ្តល់​កម្ចីសម្បទាន​ដោយ​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​ប្រវែង​ជាង​៣០០​គីឡូម៉ែត្រ ។

លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ថ្លែង​ថា ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវជាតិ​ដ៏​សំខាន់​ដែល​ត​ភ្ជាប់​ពី​ប្រទេស​ថៃ ឆ្លងកាត់​កម្ពុជា ឆ្ពោះទៅ​កាន់​វៀតណាម​។ ហេតុនេះ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀបចំ​តំបន់ឧស្សាហកម្ម និង​សួន​ឧស្សាហកម្ម​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ដឹក​ទំនិញ​ឆ្លងកាត់ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​សារសំខាន់​ណាស់​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​ក្នុង​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា ដោយសារ​បច្ចុប្បន្ន កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​យ៉ាង​ខ្លាំង ។ ដូច្នេះ រាជរដ្ឋាភិបាល​គួរ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​វិស័យ​នេះ ព្រោះ​ការ​កសាង​ផ្លូវ​មិនមែន​ធ្វើ​តែ​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​បញ្ចប់​នោះ​ទេ ។ លោក​បន្ត​ថា ៖ « ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឈាន​ទៅ​កាន់​កម្រិត​ថ្មី​មួយទៀត ទាមទារ​ឲ្យ​មានការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម » ៕