ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​លំនៅ​ឋាន​តម្លៃ​ទាប​ចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃ​សៅរ៍​នេះ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​លំនៅ​ឋាន​សាធារណៈ​តម្លៃ​ទាប​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម ជា​ពិសេស​មន្ត្រីរាជការ ដែល​មហាជន​កំពុង​ទន្ទឹងរង់ចាំ​នោះ ពេល​នេះ​បាន​ចាប់ផ្ដើម​បុក​គ្រឹះ​សាងសង់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី​៧

រាជធានី​ភ្នំពេញ ៖ គម្រោង​លំនៅ​ឋាន​សាធារណៈ​តម្លៃ​ទាប​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម ជា​ពិសេស​មន្ត្រីរាជការ ដែល​មហាជន​កំពុង​ទន្ទឹងរង់ចាំ​នោះ ពេល​នេះ​បាន​ចាប់ផ្ដើម​បុក​គ្រឹះ​សាងសង់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី​៧ មក​រា​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល និង​មាន​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​រង្វង់​មូល​តា​ខ្មៅ ទីរួមខេត្ត​កណ្ដាល ។

ដំណឹង​នេះ ធ្វើ​ឲ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ​សប្បាយ​រីករាយ និង​ត្រេកអរ​ផង​ដែរ​។ ទោះជា​យ៉ាងណា ក៏​មាន​អ្នកមួយ​ចំនួន​អាក់អន់ចិត្ត​ដែរ ព្រោះ​ទីតាំង​គម្រោង​មិន​ស្ថិត​នៅ​កន្លែង​ដែល​ខ្លួន​បាន​គិត ឬ​ចំ​ទីតាំង​ដែល​ខ្លួន​ប្រាថ្នា ចង់បាន ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​គម្រោង​ទី​១ ហើយ​វា​នឹង​មាន​គម្រោង​បន្តបន្ទាប់​ទៀត ។

លោក​ឧកញ៉ា​សៀ ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​World Bridge Land ដែល​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ដែល​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន​សាធារណៈ​នេះ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៦ មក​រា ម្សិលមិញ​នេះ​ថា លំនៅ​ឋាន​សាធារណៈ​ចំនួន​២.២៩៦​ខ្នង​ផ្ទះ នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ក្នុង​ដំណាក់កាល​ទី​១​នា​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០១៧ នៅ​លើ​ផ្ទៃដី​ទំហំ​២០​ហិ​កតា​ក្នុង​ចំណោម​ផ្ទៃដី​ដែល​បាន​បម្រុង​ទុក​ចំនួន​៤៥​ហិ​កតា ព្រមទាំង​មានការ​ចូលរួម​ពី​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ផង​ដែរ ។

លោក​ឧកញ៉ា​សៀ ឫ​ទ្ធី បាន​បន្ត​ថា គម្រោង​ដំណាក់កាល​ទី​១​នេះ នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល​២​ឆ្នាំ និង​ចាប់ផ្តើម​បើក​លក់​នៅ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ស​ប្តា​ហ៍​ខាង​មុខ​នេះ ប៉ុន្តែ គម្រោង​នេះ​អាច​ប្រែប្រួល ដោយសារ​លោក​មិន​ទាន់​ទទួល​បាន​គោលការណ៍​ជួយ​សម្រួល​ពី​រាជរដ្ឋាភិបាល លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ចាប់ផ្តើម​សម្ពោធ​គម្រោង​ជា​មុន ។

លោក​បន្ត​ថា ៖« គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​ខ្ញុំ​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​ទាំង អស់​គ្នា មិន​គិត​ពី​ផល​ចំណេញ​ឬ​ខាត​នោះ​ទេ ព្រោះ​បើ​គិត​ពី​ចំណេញ ខ្ញុំ​សាងសង់​ខុន​ដូ​សម្រាប់​លក់​វិញ ទើបបាន​ផល​ចំណេញ » ។

គំរោង​នេះ​នឹង​អនុញ្ញាត្ត​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ អាច​ទិញ​បាន​តាម​រយៈ ការ​ដាក់​ចេញ​លក្ខខណ្ឌ​ជា​ច្រើន​ដូច​ជា ការ​បង់​រំលស់​ត្រឹម​១​ខែ​ចំនួន​៨០​ដុល្លារ សម្រាប់​រយៈពេល​២០​ឆ្នាំ ។ ការ​ទិញ​លំនៅ​ឋាន នេះ តម្រូវ​ឲ្យ​ម្ចាស់​ស្នាក់​នៅ​រយៈពេល​៥​ឆ្នាំ និង​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ត្រឹម​៥០០​ដុល្លារ​ចុះ​ក្រោម ។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា ក្រសួង​មានការ​គាំទ្រ​ចំពោះ​គម្រោង​នេះ ដែល​នឹង​ផ្តល់​អាទិភាព​ជំហាន​ដំបូង​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ជា​មុន និង​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ជំហាន​បន្តបន្ទាប់​ទៀត ព្រោះ​ជា​គោលនយោបាយ​គម្រោង​លំនៅ​ឋាន​សាធារណៈ គឺ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប ចំណូល​មធ្យម និង​ក្រុម​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ ។

លោក​បន្ត​ថា ៖« បន្ទាប់​ពី​គម្រោង​នេះ​ដំណើរការ ខ្ញុំ​រំពឹង​ថា​នឹង​អាច​មាន​គម្រោង​ផ្សេង​ទៀត នឹង​ដំណើរការ​ផង​ដែរ​»​។

បើ​តាម​លោក​ឧកញ៉ា សៀ ឫ​ទ្ធី ធ្លាប់​មាន​ប្រសាសន៍​ថា គម្រោង​លំនៅ​ឋាន​សាធារណៈ​នេះ មិន​ធ្វើ​តែ​មួយ​កន្លែង​ទេ គឺ​នឹង​ធ្វើ​នៅ​គ្រប់​ខណ្ឌ​នៅ​ជាយក្រុង​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។ ដូចនេះ ប្រជាពលរដ្ឋ​អាច​ជ្រើសរើស​យក​លំនៅ​ឋាន​ណា​ដែល​នៅ​ជិត​កន្លែងធ្វើការ​របស់​ខ្លួន ។ មិនតែប៉ុណ្ណោះ គម្រោង​នេះ​អាច​នឹង​ឈាន​ទៅ​ដល់​បណ្ដា​ខេត្ត​ផង​ដែរ ដើម្បី​បំពេញតម្រូវការ​លំនៅ​ឋាន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ ។

គួរ​រំឭក​ថា គម្រោង​លំនៅ​ឋាន​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ត្រូវ​បាន​ចុះ​កិច្ចសន្យា​រួម​គ្នា​ជិត​២​ឆ្នាំ​មក​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាប និង​មធ្យម​នៅ​កម្ពុជា ហើយ​ជំហាន​ដំបូង​នេះ គឺ​ដោះស្រាយ​បញ្ហា​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​ចំណូល​ទាប និង​មធ្យម នៅ​រាជធានី​ជា​មុន​សិន ជា​ពិសេស សម្រាប់​មន្ត្រីរាជការ​តែ​ម្ដង ។

តាម​ការ​អះអាង​របស់​ម្ចាស់​គម្រោង ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា គម្រោង​លំនៅ​ឋាន​សាធារណៈ ឬ​ហៅ​ថា​លំនៅ​ឋាន​តម្លៃ​ទាប​នេះ គ្រោង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ផ្ទះ​នីមួយ​ៗ​មាន​តម្លៃ​ចន្លោះ​ពី​២,៥​ម៉ឺន ដល់​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ម្យ៉ាងទៀត អ្នកទិញ​គម្រោង​លំនៅ​ឋាន​នេះ ត្រូវ​តែ​ជា​អ្នកមាន​គ្រួសារ ដែល​នេះ​គឺជា​លក្ខខណ្ឌ​សម្រាប់​អ្នកមាន​បំណង​ទិញ​គម្រោង​លំនៅ​ឋាន​សាធារណៈ ព្រោះ​ការ​ធ្វើ​បែប​នេះ ទើប​អាច​លក់​ជូន​ដល់​អ្នក​ដែល​មាន​ចំណូល​ទាប និង​មធ្យម​ពិតប្រាកដ ៕