ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​ក្រុម​​កា.ប់​ចាក់​គ្នា​ផ្អើល​ពេញ​រោងការ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ក្នុង​ពិធី​មង្គលការ​មួយ ខណៈ​កំពុង​នាំ​គ្នា​រាំ​លេង​យ៉ាង​សប្បាយ​រីក​រាក​ឡើង​ហុយ​ដី​ទ្រលោម ស្រាប់តែ​យុវជន​២​ក្រុម​បាន​រាំ​ជាន់​ជើង​គ្នា ក៏​កើត​ជម្លោះ​កា.ប់​ចាក់​គ្នា​ …

ខេត្តពោធិ៍សាត់ ៖ ក្នុង​ពិធី​មង្គលការ​មួយ ខណៈ​កំពុង​នាំ​គ្នា​រាំ​លេង​យ៉ាង​សប្បាយ​រីក​រាក​ឡើង​ហុយ​ដី​ទ្រលោម ស្រាប់តែ​យុវជន​២​ក្រុម​បាន​រាំ​ជាន់​ជើង​គ្នា ក៏​កើត​ជម្លោះ​កាប់​ចាក់​គ្នា​យ៉ាង​សាហាវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងការ​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​អំ​ពួច ស្ថិត​ក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ដៀប ឌឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ចំបក់ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ត្រូវ​បាន​គូ​បក្ខ​ដិ​បក្ខ​ចាក់​ត្រូវ​១​កាំបិត​ចំ​ដើម​ដោះ​ខាងឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​ជន​ដៃដល់​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ក្រេ​ង កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ របួស​ក្ដោងច្រមុះ ។

ទាក់ទិន​នឹង​ករណី​នេះ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ នៅផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ នាង វុ​ធ អាយុ​៤៥​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ​បាន​រៀប​អាពាហ៍ពិពាហ៍​កូន​ដោយ​មាន​ជប់លៀង និង​ដាក់​ធុងបាស់​រាំ​យ៉ាង​គគ្រឹកគគ្រេង ។ ពេល​ដែល​ផឹកស្រា​ស្រវឹង​សប្បាយ​ហួសប្រមាណ​នោះ ជន​រង​គ្រោះ និង​ជន​ដៃដល់​បាន​ឡើង​រាំ​ជាមួយ​ភ្ញៀវ​ជា​ច្រើន​ទៀត​ហុយ​ដី​ទ្រលោម ។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មានការ​រាំ​ជាន់​ជើង​គ្នា​២-៣​ដង រហូត​ទំនាស់​ពាក្យ​សំដី និង​ដេញ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​រោងការ​តែ​ម្តង ។ ភាគី​ទាំង​សងខាង​បាន​ធ្វើ​សកម្មភាព​កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មករ​បួស​រៀងខ្លួន ប៉ុន្តែ​ភាគី​ម្ខាង​ចាក់​នឹង​កាំបិត​មុត​ជ្រៅ​ក៏​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង ។

សមត្ថកិច្ច​បញ្ជាក់​ថា បក្ខពួក​ជន​ដៃដល់​៣​នាក់​ទៀត​ដែល​រត់គេច​ខ្លួន សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​អស់ហើយ កំពុង​តាម​ចាប់ខ្លួន ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។ ចំណែក​ជនសង្ស័យ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​មាន​សមត្ថកិច្ច​យាម​ជាប់​រហូត រីឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​សព ៕