ក្រុងប៉ោយប៉ែត ៖ កាលពីរសៀលថ្ងៃទី២៧ មីនា សមត្ថកិច្ចជំនាញកាំកុងត្រូលសហការជាមួយមន្ត្រីគយ និងសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឈរជើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានចាប់ឆ្អឹង និងសាច់មាន់ខូចគុណភាពមួយចំនួនដែលឈ្មួញនាំចូលពីប្រទេសសៀម ដោយខុសច្បាប់យកទៅដុតកម្ទេចចោល ។
តាមការបំភ្លឺពីមន្ត្រីសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឈរជើងនៅច្រកចូលប៉ោយប៉ែត បានឱ្យដឹងថា សាច់ ឆ្អឹង និងក្រញាំជើងមាន់ខូចគុណភាពសរុបចំនួន១៧២គីឡូក្រាមនេះ គឺចាប់បាននៅចំណុចមាត់ច្រកទ្វារប៉ោយប៉ែតនៅពេលដែលមានក្មេងប្រុសៗអាយុប្រមាណជាង១០ឆ្នាំប៉ុណ្ណោះ បានអូសរទេះឆាលី ចូលមកពីប្រទេសសៀម ហើយពួកគេត្រូវសមត្ថកិច្ចដែលឈរជើងនៅទីនោះបានហៅ និងសួរនាំរួចពិនិត្យមើលក៏ឃើញក្រុមទាំងនោះបានបង្កប់សាច់ ឆ្អឹង និងក្រញាំមាន់ខូចគុណភាពនៅក្នុងការុង និងកាបូបដាក់ខោអាវ ក៏ចាប់តែម្តង ។ តាមប្រភពពីមន្ត្រីសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឱ្យដឹងថា ក្រោយពេលចាប់ទំនិញខូចគុណភាពនេះ ក៏បានបញ្ជូនឱ្យមន្ត្រីជំនាញកាំកុងត្រូល ដើម្បីយកទៅធ្វើការដុតកម្ទេចចោល ។
លោកស៊ាន ស៊ីណាត អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារ មន្ត្រីជំនាញឈរជើងនៅមាត់ច្រកប៉ោយប៉ែតបានឱ្យដឹងថា រាល់មុខទំនិញខូចគុណភាពដែលក្រុមឈ្មួញបានលួចនាំចូលមកពីប្រទេសសៀមដោយខុសច្បាប់នោះ គឺមិនអាចគេចផុតពីកណ្តាប់ដៃមន្ត្រីជំនាញរបស់លោកបាននោះទេ ហើយជាក់ស្តែងឱ្យតែចាប់បានគឺយកទៅដុតកម្ទេចចោលតែម្តង ។ លោកបានបញ្ជាក់ថា ចំពោះទំនិញខូចគុណភាពទាំងអស់នោះត្រូវបានមន្ត្រីជំនាញកាំកុងត្រូលសហការជាមួយមន្ត្រីគយ និងសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ច្រកប៉ោយប៉ែតយកទៅដុតកម្ទេចចោល នៅរសៀលថ្ងៃទី២៧ មីនា ៕


ចែករំលែកព័តមាននេះ