ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ពន្យល់​ដល់​សមាជិក​របស់​ខ្លួន ជុំវិញ​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​រឿង​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ពី​បញ្ហា​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​រឿង​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ពី​បញ្ហា​នៃ​ការ​អាក់ខាន​ដំណើរការ​ទូរទស្សន៍​មួយ​នេះ ដោយសារ​ករណី​មួយ​ចំនួន ។  យោង​តាម​បណ្ត​ញ​សង្គម លោក យ៉ែ​ម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ក្នុង​វេទិកា​អ្នកតំណាង​រាស្ត្រ និង​ម្ចាស់​ឆ្នោត​នៅ​ភូមិ​យាង ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមករា​ថា យើង​ត្រូវការទី​១-​ត្រូវ​មាន​ដី​ដែល​មានកម្ម​សិទ្ធិ​ជា​ប្លង់​រឹង ទី​២-​ត្រូវ​មានការ​អនុញ្ញាត​ក្នុង​ការ​ដំឡើង​អង់​តែ​ន ទី​៣-​ត្រូវការ​ថវិកា ។

ទី​១-​យើង​មាន​ដី មានកម្ម​សិទ្ធិ​ប្លង់​រឹង​ហើយតែ​ពុំ​ទទួល​បានការ​អនុញ្ញាត​ក្នុង​ការ​ដំឡើង​អង់​តែ​ន ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​ខកខាន និង​យឺតយ៉ាវ​ក្នុង​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​។

លោក​ថ្លែង​ថា គណបក្ស​ស្វែងរក​ដី​នៅ​ទីតាំង​ថ្មី​បាន​រួចរាល់​ហើយ ហើយ​ការ​ផ្ទេរកម្មសិទ្ធិ​ជា​ប្លង់​រឹង​ក៏​ទើបនឹង​បាន​ដែរ ជំហាន​បន្ទាប់​យើង​បំពេញបែបបទ​ស្នើ​សុំ​ការ​អនុញ្ញាត​ដំឡើង​អង់​តែ​ន ។ ដូច្នេះ​ទូរទស្សន៍​ព្រះអាទិត្យ​នឹង​ឃើញ​ពន្លឺព្រះអាទិត្យ ក្រោយ​ពី​ទទួល​ការ​អនុញ្ញាត​ដល់​ការ​ស្នើ​សុំ​ដំឡើង​អង់​តែ​ន ដែល​មិនមែន​ជា​ការ​សម្រេចចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ គូសបញ្ជាក់​ថា «​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ​មាន​ពី​ដំណាក់កាល ហើយ​ការ​ដំឡើង​ទូរទស្សន៍​ត្រូវការ​ថវិកា​៣​លាន​ដុលា​រអា​មេ​រិ​ក ។ លោក​ថា ៣​លាន​ដុល្លារ​ចែក​ចេញ​ជា​ពីរ ដោយ​ជំហាន​ទី​១ ត្រូវការ​១​លាន​ដុល្លារ ជំហាន​ទី​២ ត្រូវការ​២​លាន​ដុល្លារ​» ។

លោក​បន្ថែម​ថា «​ជំហាន​ទី​១ យក​លុយ​១​លាន​ដុល្លារ​ដើម្បី​ទិញ​ដី និង​ដំឡើង​អង់​តែ​ន និង​ត្រូវការ​សង់​អគារ​ស្ទូ​ឌី​យោ​ទូរទស្សន៍ និង​ទិញ​ប្រអប់​ផ្សព្វផ្សាយ ។ ដី​យើង​ចំណាយ​អស់​ជិត​១០​ម៉ឺន​ដុល្លារ ។ យើង​កាត់ឈ្មោះ​បាន​ហើយ បើ​ដំឡើង​អង់​តែ​ន​យើង​ចំណាយ​អស់​ជិត​២០​ម៉ឺន​ដុល្លារ ទិញ​ប្រអប់​ផ្សព្វផ្សាយ​អស់​៤៥​ម៉ឺន​ដុល្លារ ។ នេះ​ជា​ការ​ចំណាយ​ជំហាន​ទី​១ ប៉ុន្តែ​នេះ​យើង​មិន​អាច​មើលឃើញ​ទូ​ទាំង​ប្រទេស ទេ ដូច្នេះ​យើង​ត្រូវការ​បន្ថែម​អង់​តែ​ន​ចំនួន​១០​ទៀត សម្រាប់​ផ្សាយ​បន្ត​ទើប​មើលឃើញ​ទូ​ទាំង​ប្រទេស​» ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ ថ្លែង​ទៀត​ថា អង់​តែ​ន​ទាំង​១០​នេះ អង់​តែ​ន​១​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​៦​ម៉ឺន​ទៅ​៧​ម៉ឺន​ដុល្លារ (​អង់​តែ​ន​តូច​)​។ ប្រអប់​ផ្សព្វផ្សាយ​អស់​ជាង​៧​ម៉ឺន​ដុល្លារ​ទៅ​៨​ម៉ឺ​ដុល្លារ សង់​អគារ​តូច​ល្មម​និង​ដី ក្នុង​អង់​តែ​ននីមួយ​ៗ​ប្រហែល​២០​ម៉ឺន​ដុល្លារ គុណ​នឹង​១០​ស្មើនឹង​ប្រមាណ​២​លាន​ដុល្លារ ដូច្នេះ​ត្រូវការ​៣​លាន​ដុល្លារ ។

លោក​ថា គ្រាន់តែ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស និង​លោក កឹ​ម សុខា អនុប្រធាន​គណបក្ស ផ្សព្វផ្សាយ​នោះ​មាន​សប្បុរ​ជន​ចូល​បាន​ប្រមាណ​៧០​ម៉ឺន​ដុល្លារ ។  
ជាមួយ​គ្នា​នេះ លោក យ៉ែ​ម បុញ្ញឫទ្ធិ បាន​ឲ្យ​ដឹង​ថា គណបក្ស​បាន​ទិញ​ដី​ហើយ​នៅ​ក្រុង​តា​ខ្មៅ​ដោយ​ចំណាយ​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ ។ កាត់ឈ្មោះ​បាន​ហើយ ហើយ​កំពុង​រៀបចំ​បែបបទ​ដើម្បី​ដំឡើង​អង់​តែ​ន ស្រាប់តែ​មាន​គេ​មិន​ឲ្យ​សាងសង់​ថា​ប៉ះពាល់​វិទ្យុសកម្ម ហើយ​ថា​ទុក​ឲ្យ​អាជ្ញាធរ​ស៊ើបអង្កេត​សិន ។

លោក​បន្ថែម​ថា ក្រោយ​ពី​អាជ្ញាធរ​មិន​អនុញ្ញាត ថ្នាក់ដឹកនាំ​គណបក្ស​បាន​បើក​កិច្ចប្រជុំ​ភ្លាម សម្រេច​ទិញ​កន្លែង​ផ្សេង​ទៀត ។ ពេល​នោះ​មាន​ប្រជា​ពល​ម្នាក់​គាត់​មាន​ដីស្រែ គាត់​បាន​ឲ្យ​មក​គណបក្ស ហើយ​គាត់​សុំ​ដាក់​ឈ្មោះ​ជា​ម្ចាស់​អំណោយ​ផង ឯ​យើង​ធ្វើការ​កាត់​ប្លង់​រឹង​ពី​ម្ចាស់​ដី​មក​ក្រុមហ៊ុន​ទូរទស្សន៍ រហូត​មក​ដល់​ពេល​នេះ ទើប​ទទួល​បាន ។ ពេល​នោះ​យើង​ដាក់​សំណើសុំ​ដំឡើង​អង់​តែ​ន តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ធ្លាក់​សំណុំ​ឯកសារ​មក​ទេ ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ បញ្ជាក់​ថា «​ពេល​ឯកសារ​មក​ដល់​យើង​ភ្លាម យើង​នឹង​ដាក់​ដំឡើង​តែ​ម្តង ឲ្យ​ទាន់​ពេលវេលា ។ យើង​មាន​ក្រុមហ៊ុន​រួច​ហើយ ដោយ​ចំណាយ​២០​ម៉ឺន​ដុល្លារ​សម្រាប់​ដំឡើង ព្រោះថា​យើង​មាន​៧០​ម៉ឺន​ដុល្លារ​នៅ​ក្នុង​ដៃ​រួច​ហើយ ។ ប្រសិនបើ​សំណុំ​ឯកសារ​ធ្លាក់​មក​ភ្លាម យើង​នឹង​ដឹក​ដែក​មក​សាងសង់​ភ្លាម​» ។

គួរ​រំឭក​ថា ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា នឹង​ដាក់​ដំណើរការ​ទូរទស្សន៍​ផ្ទាល់ខ្លួន​មួយ​នៅ​ចុងឆ្នាំ​២០១៦ ប៉ុន្តែ​បាន​អូស​បន្លាយ​រហូត​មក​ដល់​ឆ្នាំ​២០១៧ មិន​ទាន់​បាន​ដាក់​ដំណើរការ​ទេ ដោយ​ថា​មក​ពី​រង់ចាំ​ការ​អនុញ្ញាត​សាងសង់​អង់​តែ​ន​សិន ។

អ្នក​តាមដាន​និយាយ​ថា ការ​ផ្សាយ​របស់​ទូរទស្សន៍​បក្ស​ប្រឆាំង​ក៏​ចំណុះ​ឱ្យ​ស្ថានការណ៍​ន​យោបាយ​ដែរ ប្រសិនបើ​មិន​មាន​វិវាទ​នយោបាយ​ទេ​នឹង​មិន​មាន​បញ្ហា​ចោទ​ទេ តែ​បើសិនជា​ផ្ទុះវិបត្ដិ​នយោបាយ​នោះ​ស្ថានីយទូរទស្សន៍​នេះ​ទំនងជា​មិន​អាច​ដំណើរការ​បាន​ឡើយ ៕